សម្ដេច ស ខេង ណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវប្រើប្រាស់ថវិកាមូលនិធិ ១លានដុល្លារ របស់UN ឲ្យមានប្រសិទ្ធភាព

0
4729

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា អង្គការសហប្រជាជាតិ បានផ្ដល់មូលនិធិ ចំនួន១លានដុល្លារ ដើម្បីជួយដល់ជនទេសន្តរប្រវេសន៍កម្ពុជា ដូចនេះ ភាគីពាក់ព័ន្ធទាំងអស់ ដែលរួមមាន ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូទាំងអស់ ត្រូវចាត់ចែងប្រើប្រាស់ថវិកានេះ ឲ្យចំគោលដៅ ដើម្បីប្រសិទ្ធភាព និងមានតម្លាភាពផងដែរ។

ក្រោយបញ្ចប់កិច្ចប្រជុំជាន់ខ្ពស់ រវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់ នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេច ស ខេង មានប្រសាសន៍ថា «អង្គការសហប្រជាជាតិបានផ្ដល់មូលនិធិ ដើម្បីជួយដល់ទេសន្តរប្រវេសន៍ ចំនួនទឹកប្រាក់១លានដុល្លារ ហើយកិច្ចប្រជុំថ្ងៃនេះ គឺយើងជួបជុំគ្នា រវាងភាគីពាក់ព័ន្ធរបស់ភាគីកម្ពុជា និងភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីរៀបចំកម្មវិធីរួមគ្នា ក្នុងការចាត់ចែង និងប្រើប្រាស់ថវិកានេះឲ្យមានប្រសិទ្ធភាព និងតម្លាភាព ហើយបានដល់មុខសញ្ញា និងគោលដៅ ជាពិសេសគឺពលករចំណាក់ស្រុក ឬជនទេសន្តរប្រវេសន៍ ដែលជួបបញ្ហា»។

សម្ដេចបានបន្ថែមថា ទឹកប្រាក់នេះ គឺសម្រាប់ការចំណាយលើកិច្ចការទូទៅ សម្រាប់ខេត្តគោល ដៅចំនួន៣ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាប ហើយក្នុងនោះអាចមាន ការជ្រើសរើសទៅតាមទីតាំង និងគោលដៅជាក់ស្ដែង នៃខេត្តទាំង៣នេះផងដែរ ចំណែកក្រុមការងារ ពាក់ព័ន្ធនានានឹងខិតខំប្រឹងប្រែង ធ្វើការងារនេះ ឲ្យបានសមស្រប និងមានប្រសិទ្ធភាព។

សម្ដេច ស ខេង ក៏បានលើកឡើងថា «កន្លងទៅ រាជរដ្ឋាភិបាលបានប្រកាស នូវគោលនយោបាយគាំពារសង្គម ដែលយើងកំពុងអនុវត្តរៀងរាល់ថ្ងៃ ក្នុងនោះយើងមិនមែនអនុវត្ត តែសម្រាប់ប្រជាពលរដ្ឋក្រីក្រទេ ក៏មានបងប្អូន ជាជនទេសន្តរប្រវេសន៍ផងដែរ បានន័យថាពួកគាត់ ក៏ទទួលបានកម្មវិធីនេះដែរ ហើយនេះគឺជាកម្មវិធីដោយឡែកមួយ»។

ជាងនេះទៀត សម្ដេចក្រឡាហោម ស ខេង បានបង្ហាញក្ដីសង្ឃឹមថា ប្រសិនបើយើងអាចអនុវត្តកម្ម វិធីដែលមានរយៈពេល៦ខែនេះបានល្អ ហើយការប្រើប្រាស់ ថវិកាមូលនិធិដែលអង្គការ សហប្រជាជាតិ ផ្ដល់ឲ្យ មានប្រសិទ្ធភាព នោះយើង នឹងមានការ គាំទ្របន្ថែម ទៀតពីអង្គការសហប្រជាជាតិផងដែរ៕

Facebook Comments
Loading...