ឌុម កែវដា ជួបធន់ ចាន់តាក់ ខណៈឈាន ហុង ស្វាគមន៍សេក គឹមរួន មកសាកស្នៀតគុន

0
12904

ភ្នំពេញ ៖ នាថ្ងៃសៅរ៍ទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ ​លើ​សង្វៀន​ស៊ីអិនស៊ី កីឡាករឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ឡើងសាក​កណ្តាប់ដៃនិងកីឡាករធន់ ចាន់តាក់ អ្នកប្រដាល់មកពីសមាគមកីឡាករប្រដាល់ក្រសួងការពារជាតិ ខណៈឈាន ហុង អ្នកដាល់របស់ក្លិបខ្លារខិនមានរិទ្ធ ជួបកីឡាករសេក គឹមរួន អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍។

ការជួបគ្នារវាងឌុម កែវដា និងកីឡាករធន់ ចាន់តាក់ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាមអ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ កីឡាករធន់ ចាន់តាក់ ស្នៀតខ្លាំងរបស់គេភាគច្រើនគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលអោយគូប្រកួតដួលទាំងជំហរ រីឯខាងកណ្តាប់ដៃ និងកែងគេអាចប្រើបានដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។

រីឯកីឡាករ ឌុម កែវដា ​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន។ ក្នុងការប្រកួត​នេះក៍ត្រូវ​បាន​អ្នកវិភាគប្រដាល់អះអាងថា ឌុម កែវដា ប្រាកដ​ជា​ឈ្នះ​ជាក់​ជាមិន​ខាន។ ចាំមើល​កី​ឡាក​រ​ឌុម កែវដា អាច​យក​ឈ្នះលើកីឡាករធន់ ចាន់តាក់ ដូចការអះអាងដែរឬយ៉ាងណា?។

ដោយឡែកសេក គឺមរួន ឡើងតតាំងនិងឈាន ហុង ក្នុងប្រ​ភេទ​ទម្ងន់​៦៣.៥គីឡូក្រាម អ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាដែរកន្លងមក។ ការប្រកួតរបស់សេក គឹមរួន កន្លងមកបើជួបគូប្រកួតខ្លាំងគេក៍ខ្លាំង តែជួបគូប្រកួតខ្សោយគេក៍​ខ្សោ​យទៅតាម​នោះដែរ តែគេប្រកួតឈ្នះច្រើនជាងចាញ់ ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់​អារម្ម​ណ៍​ពី​មួយ​ប្រកួតទៅមួយប្រកួតចង់ទស្សនានៃការឡើងរេញរបស់គេ។ ស្នៀតខ្លាំងរបស់កីឡាករសេក គឹមរួន គឺកណ្តាប់ដៃនិងស្នៀ​តជើងទាត់ ហើយគេជា​កី​ឡា​ករ​មានចិត្ត​ប្រដាល់​ធំ ព្រមទាំង​កម្លាំង​ស៊ុ​ហ្វ​ខ្លាំងថែមទៀត។

ចំណែកកីឡាករឈាន ហុង បន្ទាប់ពីបាត់មុខមួយរយៈដោយសារបួសមក ពេលនេះគេបានឡើងប្រកួតបានប្រមាណជា៣ប្រកួតហើយ។ បើទោះជាឈាន ហុង ខានប្រកួតយូក្តីតែវិជ្ជាគុនរបស់គេអាចប្រើបានដូចមុន ទាស់មិនទាន់រហ័ស និងមានកម្លាំងស៊ុហ្វខ្លាំងដូចមុនប៉ុណ្ណោះ។ ចាំមើលរវាងកីឡាករឈាន ហុង និងកីឡាករសេក គឹមរួន នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...