ប្រជាពលរដ្ឋនៅភូមិចុងថ្នល់ទទួលបានបណ្ណកម្មសិទ្ធដីធ្លីជាង៥០០បណ្ណ ពីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ

0
8184

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌព្រែកព្នៅបានផ្ដល់បណ្ណកម្មសិទ្ធដីធ្លីជូនដល់ប្រជាពលរដ្ឋ នៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ប្រមាណជាង៥០០បណ្ណ បន្ទាប់ពីដំណើរចុះបញ្ជីរួចរាល់ជាស្ថាពរ។

នេះជាលើកដំបូងហើយសម្រាប់ ប្រជាពលរដ្ឋនៅសង្កាត់ពន្សាំង ដែលទទួលបានបណ្ណកម្មសិទ្ធក្នុងការ ចុះបញ្ជីដីធ្លីជា លក្ខណៈជាប្រព័ន្ធក្រោយពីសង្កាត់នេះបាន កាត់ចូលក្នុងខណ្ឌព្រែកព្នៅ កាលពីខែមិថុនាឆ្នាំ២០១៤។

លោក ពៅ រតនៈ អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចប្បន្ននេះ ក្រុមការងារ បច្ចេកទេស ឬ ក្រុមវាល កំពុងយកចិត្តទុកដាក់ក្នុងការចុះទៅ ស្រង់ទិន្នន័យវាស់វែង កំណត់ព្រំដីជាបន្ដបន្ទាប់ ដើម្បីកសាងប្លង់សុរិយោដី​និងបញ្ជីឈ្មោះម្ចាស់ដីដោយសហការជាមួយមន្ដ្រីសង្កាត់និងមេភូមិ ដើម្បីជម្រុញការងារនេះ ឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ។

លោកបានឲ្យដឹងដែរថា ការចែកបណ្ណនេះ ក្រុមការងារនឹងធ្វើការចែកជូនរយៈពេល៥ថ្ងៃ សម្រាប់ភូមិចុងថ្នល់ គឺ ចាប់ពីថ្ងៃទី២២ខែឧសភានេះទៅ ហើយភូមិបន្ទាប់គឺភូមិឧសភា និងត្រៀមបិទផ្សាយលទ្ធផលទិន្ន័យក្បាលដី នៅភូមិត្នោតខ្ពស់និងភូមិ បឹងខ្នំជាបន្ដទៀត។

លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាល ខណ្ឌព្រែកព្នៅមានប្រសាសន៍ថាដីគឺជាអាយុជីវិត មានតែដី គ្មានបណ្ណ សម្គាល់ គឺមិនប្រសើរឡើយ នៅពេលនេះបងប្អូនមានបណ្ណសំគាល់ដីធ្លីរបស់ខ្លួនហើយ សូមបងប្អូនថែរក្សាវាឲ្យបានល្អ  ព្រោះវាផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូន ដោយធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។ ប័ណ្ណនេះ បងប្អូនអាច យកទៅដាក់ធនាគារ ដើម្បីយកថវិកា មកប្រកបរបរអាជីវកម្មផ្សេងៗបានថែមទៀត។ ម្យ៉ាងទៀតវាមានសារៈសំខាន់ដល់ រដ្ឋព្រោះវា ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្របនិងគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋានឲ្យរដ្ឋគឹតគូរប្រមូលចំណូលថវិកាជាតិនិងផ្តល់ លក្ខណៈងាយស្រួលក្នុងការជំរុញ កិច្ចការវិនិយោគលើកស្ទួយសេដ្ឋជាតិបានកាន់តែប្រសើរ៕

Facebook Comments
Loading...