ភ្នំពេញ ៖ កីឡាករពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ស្វាគមន៍កីឡាករឈឿង វ៉ៃ អ្នកប្រដាល់របស់ក្លិបនាគរាជចតុមុខ សាកវិជ្ជាគុនដើម្បី ខណៈកីឡាករកីឡាករអេ ណារ័ត្ន អ្នកប្រដាល់នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ជួបកីឡាករសេក គឹមសាន្ត អ្នកប្រដាល់មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប នាថ្ងៃសៅរ៍ទី៣០ ខែឧសភា ឆ្នាំ២០២០នេះ លើសង្វៀនស៊ីអិនស៊ី។
ការជួបគ្នារវាងកីឡាករពុទ្ធ ឆាយរិទ្ធី និងឈឿង វ៉ៃ នេះក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ដែលពួកគេទាំងពីរនាក់នេះមិនដែលជួបគ្នាទេកន្លងមក។ ពុទ្ធ ឆាយរិទ្ធី គេអ្នកប្រដាល់ម្នាក់ដែលគូប្រកួតល្មមៗពិបាកក្នុងការបង្ក្រាបគេណាស់ព្រោះតែ ឆាយរិទ្ធីគេជាអ្នកប្រដាល់ដែល មានស្នៀតជើងទាត់ និងកណ្តាប់ដៃខ្លាំង និងធ្ងន់ ហើយមានចិត្តប្រដាល់ធំថែមទៀត។ ការវាយមិនដកថយ ដោយសម្រុកចូលវាយគំរាមលើគូប្រកួតនោះជាទិចនិចដែលពុទ្ធ ឆាយរិទ្ធីគេធ្លាប់ប្រើបានផលជាញឹកញាប់។ តែយ៉ាងណាបើទោះជាពុទ្ធ ឆាយរិទ្ធី គេមានស្នៀតប្រកួតនិងផ្លែក្នុងការវាយចេញល្អគឺខ្លាំងទាំងជើងនិងកណ្តាប់ដៃ យ៉ាងណាក៍ដោយប៉ុន្តែគេអន់ខាងកម្លាំងស៊ុហ្វផងដែរ។
ចំណែកកីឡាករឈឿង វ៉ៃ គេក៍ជាជើងខ្លាំងដែលកំពុងតែធ្វើអោយអ្នកទស្សនាចង់តាមដាននៃការប្រកួតរបស់គេផងដែរ ដោយពីរប្រកួតចុងក្រោយគេបានផ្តួលជើងខ្លាំងពីរនាក់ជាប់ៗគ្នា ស្នៀតខ្លាំងរបស់គេបានទាំងព្រមតែម្តង គឺកណ្តាប់ដៃវាយចេញហើយ ស្នៀតជើងក៍ទៅតាមទៀតដែរ ពិសេសស្នៀតកែងរបស់គេតែម្តង។ ចាំមើលពុទ្ធ ឆាយរិទ្ធី និងឈឿង វ៉ៃ នរណាជាអ្នកឈ្នះ?។
ការជួបគ្នារវាងកីឡាករសេក គឺមសាន្ត និងអេ ណារ័ត្ន នេះពិតជាធ្វើឲ្យអ្នកគាំទ្រកីឡាករទាំងសងខាងភ័យបុកពោះ ព្រោះគឹមសាន្ត គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ។
ចំណែកអ្នកប្រដាល់គុនខ្មែរវ័យក្មេងអេ ណារ័ត្ន ក៍ពង់ធ្វើឲ្យអ្នកតាមដានចាប់អារម្មណ៍ផងដែរ ដែលអេ ណារ័ត្ន កំពុងមានឈ្មោះបោះសំឡេង មួយរូប នាបច្ចប្បន្ននេះ រូបគេខ្លាំងខាងកណ្តាប់ដៃ និងជង្គង់ ហើយការវាយរល់លើរូបគេមិនត្រូវការ ស្ទាបស្ទង់ដៃគូច្រើននោះទេ ដ្បិតទម្លាប់របស់គេឡើងរេញគឺ ចូលបុកវាយមិនរាថយ ទោះបីលទ្ធផល ឈ្នះឬ ចាញ់ បែបណាក្ដី។ ចាំមើលតើសេក គឺមសាន្ត ជាអ្នកឈ្នះឬកីឡាករអេ ណារ័ត្ន?៕