ភ្នំពេញ ៖ កីឡាករឡុង សំណាង អ្នកប្រដាល់របស់ក្លិបសាលវ័នកីឡា ឡើងមកសសងសឹក កីឡាករមឿង សុខហ៊ុច អ្នកប្រដាល់ពុទ្ធសេរីវង្សពោធិសែនជ័យកីឡា ខណៈកីឡាករខេម ចាន់ អ្នកប្រដាល់នៃក្លិបកងពលពិសេសទ័ពឆ័ត្រយោង៩១១ ឡើងសាកវិជ្ជាគុននិងកីឡាកររិន ដេវិត អ្នកប្រដាល់មកពីក្លិបនាគរាជចតុមុខ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៤ ខែឧសភា ឆ្នាំ២០២០នេះ។
បន្ទាប់ពីជួបគ្នាម្តងហើយចាញ់ទាំងមិនអស់ចិត្តមក កីឡាករជើងខ្លាំងវ័យក្មេង ឡុង សំណាង កើតទុកមិនសុខចិត្តសុំឡើងសងសឹកកីឡាករមើង សុខហ៊ុចម្តងទៀត។ កាលប្រកួតចាញ់ដោយពិន្ទុនោះ បានធ្វើឲ្យឡុង សំណាង ខិតខំប្រឹងប្រែងហ្វឹកហាត់ជាខ្លាំងដើម្បីសាកវិជ្ជាគុននិងគ្នាម្តងទៀតដើម្បីឲ្យអស់ចិត្ត។ ស្នៀតខ្លាំងរបស់ឡុង សំណាង គឺកណ្តាប់ដៃកែង និងជង្គង់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ហើយគេប្រើបានល្អទៀតផង។
រីឯស្នៀតខ្លាំងរបស់មឿង សុខហ៊ុច គឺជើងទាត់ កណ្តាប់ដៃនិងកែង ដែលប្រើបានល្អទាំងប្រកួតថ្នាក់ជាតិនិងអន្តជាតិ។ ប៉ុន្តែយ៉ាងណា មឿង សុខហ៊ុច ក៏មានចំណុចខ្សោយខ្លះដែរ គឺត្រង់វាយចេញហើយមិនសូវការពាវិញនោះទេដែលធ្វើឲ្យដៃគូប្រកួតឆាប់ដឹងពីចំណុចខ្សោយទាំងនេះ។ ចាំមើលឡុង សំណាង អាចសងសឹកមឿង សុខហុច បានដែរឬយ៉ាងណា?។
ដោយឡែកកីឡាករខេម ចាន់ ជួបជាមួយកីឡាកររិន ដេវិត ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម អ្នកទាំងពីរមិនដែលជួបគ្នាទេកន្លងមក។ កីឡាករខេម ចាន់ ជាកីឡាករដែលអាចប្រើបានគ្រប់ស្នៀត ជើងទាត់ ជង្គង់ កែង ជាពិសេសស្នៀតកណ្តាប់ដៃល្អ វាយចេញចូលរហ័ស គូប្រកួតល្មមៗមិនអាចឈរជើងជាមួយគេបាន៥ទឹកនោះទេ។ កូនសិស្សលោកគ្រូហង់ សឿន ធ្លាប់ជាម្ចាស់មេដាយមាសថ្នាក់ជាតិច្រើនឆ្នាំកន្លងមកហើយ ហើយបច្ចប្បន្នកំពុងមានប្រជាប្រីយ៍ភាព បានធ្វើឲ្យអ្នកទស្សនាចង់មើលពេលគេឡើងប្រកួតម្តងៗនោះ។
ចំណែកកីឡាករិន ដេវិត គេទើបនិងឡើងកូដហើយបានធ្វើឲ្យអ្នកទស្សនាចង់មើលពេលគេឡើងប្រកួតម្តងៗ ព្រោះស្នៀតខ្លាំងទាំងដៃទាំងជើង បានធ្វើឲ្យគេផ្តួលទាំងកីឡាករជើងចាស់ និងកីឡាករជើងថ្មី។ ស្នៀតខ្លាំងរបស់រិន ដេវិត គឺកណ្តាប់ដៃកែង និងជង្គង់ ដែលអាចវាយចេញចូលបានលឿន ហើយការពារវិញក៍ល្អដែរ។ ចាំមើលរវាងខេម ចាន់ និងរិន ដេវិត នរណាជាអ្នកឈ្នះ?៕