សាកសពក្មេងប្រុសអាយុ២ឆ្នាំដែលបានធ្លាក់តាមបង្កាន់ដៃស្ពានចូលក្នុងទឹកទន្លេ រកឃើញហើយ

0
904

កណ្តាល ៖ ករណីម្តាយជនរងគ្រោះបានជិះម៉ូតូដោយឌុបគ្នា ០៣នាក់និងបានដាក់កូនឲ្យជិះខាងមុខក្នុងគោលបំណងដើម្បីយកបាយទៅឱ្យតៃកុងឡានដឹកដី នៅកោះអន្លង់ចិន  លុះបើកជិតដល់កណ្តាលស្ពានបាឡេ ម៉ូតូក៏បានរអិលដួលបណ្តាលឲ្យកុមារាអាយុ២ឆ្នាំម្នាក់បានខ្ទាត់ធ្លាក់តាមបង្កាន់ដៃស្ពានចូលក្នុងទឹកទន្លេ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ សមត្ថកិច្ចក្រុងតាខ្មៅនិងសាច់ញាតិជនរងគ្រោះបានរកសពឃើញហើយចំណុចកើតហេតុស្ពានដែកបាឡេសិត្បូ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចក្រុងតាខ្មៅបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ស្រួយ មានហេង ភេទប្រុស អាយុ២ឆ្នាំ មុខរបរក្នុងបន្ទុប ជនជាតិខ្មែរ ដែលមានឪពុកឈ្មោះ ស្រឹម ស្រូយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរនិងម្តាយឈ្មោះ មាស ដាវ៉ាន់ ភេទស្រី អាយុ២១ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ ទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចដដែលបានបន្តឲ្យដឹងទៀតថាកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី ម្តាយជនរងគ្រោះបានជិះម៉ូតូដោយឌុបគ្នា ០៣នាក់ម្តាយជនរងគ្រោះអ្នកបើកម៉ូតូ ជនរងគ្រោះជាកូន ជិះខាងមុខ និងពូជនរងគ្រោះ ឈ្មោះ មាស រដ្ឋា ភេទប្រុសអាយុ១៧ ជិះក្រោយ គោលបំណងដើម្បីយកបាយទៅឱ្យតៃកុងឡានដឹកដី នៅកោះអន្លង់ចិន លុះបើកជិតដល់កណ្តាលស្ពានបាឡេ ម៉ូតូក៏បានរអិលដួល (ក្រោយភ្លៀងធ្លាក់សភាពស្ពានរអិល មានអាចម៌ដីភក់) ក៏បណ្តាលឲ្យជនរងគ្រោះ ខ្ទាត់ធ្លាក់តាមបង្កាន់ដៃស្ពានចូលក្នុងទឹកទន្លេតែម្តង។ បន្ទាប់មកក៏ពូជនរងគ្រោះដែលជិះពីក្រោយ ក៏បានលោតចុះទៅតាម រាវរក ប៉ុន្តែពុំឃើញជនរងគ្រោះឡើយ។ក៏បានជិះទៅរកបងប្អូនដើម្បីជួយរាវរក ដោយមានកំលាំងប៉ុស្តិ៍ ភូមិ សហការណ៍គ្នា បានចុះទៅជួយអន្តរាគមន៍នៅកន្លែងកើតហេតុភ្លាមផងដែរ រកមិនឃើញជនរងគ្រោះឡើយ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាលុះដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង១៦និង០៤នាទីឪពុកម្តាយនិងបងប្អូនបានឃើញជនរងគ្រោះអណ្តែកឡើងលើ ក៏បាននាំគ្នាស្រង់ជនរងគ្រោះឡើងមក។បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។ក្នុងសមាសភាពចូលរួមពិនិត្យនិងធ្វើកោសល្យវិច្ច័យរួមមាន៖ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរនិងបានពិនិត្យឃើញថាសាកសព ដៃនិងជើងមានដីសងខាង ពោះមានទឹក។ តាមការសន្និដ្ឋានតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយ លង់ទឹក។សាកសពត្រូវបានប្រគល់ជូនឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...