ភ្នំពេញ ៖ បន្ទាប់ពីបាត់មុខមួយរយៈមកកីឡាករខុន ស៊ីចាន់ ដែលគេស្គាលថាអ្នកលេងគុនចម្រុះមកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ ឡើងស្វាគមន៍កីឡាករម៉ឺន មេឃា អ្នកប្រដាល់របស់អេភូថងកីឡា ខណៈឡុង បេនលឿន អ្នកប្រដាល់នៃក្លិបឡុងសាលវ័នកីឡា ស្វាគមន៍កីឡាករឡុង ឡា អ្នកប្រដាល់នៃអបរំកាយកីឡាស្រុកអន្លុងវែង ដើម្បីសាកកណ្តាប់ដៃគ្នានៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៣ ខែឧសភា ឆ្នាំ២០២០។
កីឡាករជើងចាស់ខុន ស៊ីចាន់ ត្រូវជួបជាមួយកីឡាករស្រករក្រោយ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ កីឡាករខុន ស៊ីចាន់ កាលមិទាន់បាត់មុខនរណាក៍ទទួលស្គាល់ថា ជាកីឡាករជើងខ្លាំងវ័យក្មេង១រូប ដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់ ហើយគេពូកែខាងគុនចម្រុះទៀតផង។
ចំណែកកីឡាករម៉ឺន មេឃា មួយរយៈពេលចុងក្រោយនេះ គេមើលឃើញថា អ្នកប្រដាល់វ័យក្មេងរូបនេះប្រកួតស្ទើរគ្រប់សង្វៀន និងទទួលបានជ័យជម្នះជាច្រើនផងដែរ។ កីឡាករវ័យក្មេងរូបនេះមិនទាត់ដឹងថាខ្លួនឯងមានស្នៀតខ្លាំងណាមួយ ឬឲ្យច្បាស់ដូចឪពុកនៅឡើយនោះទេ ប៉ុន្តែគាអាចវាយបានគ្រប់ស្នៀត។ ចាំមើលរវាងម៉ឺន មេឃា និងខុន ស៊ីចាន់ នរណាជាអ្នកឈ្នះ?។
ដោយឡែកឡុង បេនលឿន ជួបជាមួយកីឡាករឡុង ឡា នេះក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ ស្នៀតខ្លាំងរបស់ឡុង បេនលឿន ភាគច្រើនគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលអោយគូប្រកួតដួលទាំងជំហរ រីឯខាងកណ្តាប់ដៃ និងកែងគេអាចប្រើបានដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។
រីឯឡុង ឡា ស្នៀតខ្លាំងរបស់គេគឺទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករឡុង ឡា ផ្តួលដៃគូជាបន្តបន្ទាប់ទាំងកីឡាករជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើងប្រកួតឈានដល់គូឯក និងប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ។ ចាំមើលរវាងឡុង ឡា និងឡុង បេនលឿន នរណាជាអ្នកឈ្នះ៕