មនុស្ស៣នាក់ក្នុងចំណោម១១នាក់បាត់ខ្លួនតាំងពីយប់ថ្ងៃទី១០នៃគ្រោះថ្នាក់ទូកដឹកអ្នកដំណើរបុកជាមួយទូកនេសាទ

0
955

កំពង់ចាម ៖ មនុស្ស៣នាក់ក្នុងចំណោមមនុស្ស១១នាក់បានបាត់ខ្លួន កាលពីយប់ថ្ងៃទី១០ខែឧសភាឆ្នាំ២០២០ ក្នុងហេតុការណ៍គ្រោះថ្នាក់ ទូកដឹកអ្នកដំណើរបុកជាមួយទូកនេសាទ នៅកណ្តាលទន្លេក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម រហូតមកដល់ព្រឹកថ្ងៃទី១១នេះមិនទាន់រកឃើញនៅឡើយ។

លោក សន សុខ មេឃុំកោះសំរោង បានឲ្យដឹងថា នៅយប់ថ្ងៃទី១០ខែឧសភាឆ្នាំ ២០២០មានករណីគ្រោះថ្នាក់ រវាងទូកនេសាទ បានបុកជាមួយនឹងទូករបស់ប្រជាពលរដ្ឋ រស់នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ដែលបានធ្វើដំណើរឆ្លងមកពីចូលរួមពិធីមង្គលការ នៅឃុំរំចេកត្រើយម្ខាង មានប្រជាពលរដ្ឋចំនួន១១នាក់ ជិះលើកូនទូកនោះ ក្នុងគោលដៅវិលត្រឡប់មកកាន់លំនៅដ្ឋាននៅកំពង់ក្បាលកោះជ័យ ក៏ត្រូវបានជួបគ្រោះថ្នាក់ទូកនេសាទ បើកបុកនៅចំណុចកណ្ដាលទន្លេ រវាងឃុំរំចេក និងឃុំកោះសំរោង បណ្ដាលឱ្យលិចទូករបស់ប្រជាពលរដ្ឋ បណ្ដាលឱ្យមនុស្សចំនួន០៣នាក់ បានបាត់ខ្លួន និងម្នាក់ទៀតរងរបួស»។

មេឃុំបានឱ្យដឹងថា ជនរងគ្រោះទាំង០៣នាក់ រួមមានទី១ឈ្មោះ រិន ជា ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិទី២(បាត់ខ្លួន) ទី២ឈ្មោះធីម ថាន ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិទី២(បាត់ខ្លួន) ទី៣ឈ្មោះឡាង ប៉េងហ៊ត់ ភេទប្រុស អាយុ៣៣ឆ្នាំនៅភូមិទី២(បាត់ខ្លួន) ដោយឡែកក្នុងករណីនេះឈ្មោះ អ៊ាង ធី ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិទី២ បានរងរបួសជើងឆ្វេង។

លោកមេឃុំកោះសំរោងបានបញ្ជាក់ថា ក្រោយកើតហេតុភាគីខាងទូកនេសាទបានរត់គេចខ្លួនបាត់។ ដោយឡែកចំពោះមនុស្សដែលបានបាត់ខ្លួន០៣នាក់ មកដល់ត្រឹមម៉ោង១០ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ មិនទាន់រកឃើញនៅឡើយទេ៕

Facebook Comments
Loading...