ភ្នំពេញ ៖ កីឡាករនី សុភី អ្នកប្រដាល់របស់ក្លិបកុលបុត្រគុនខ្មែរខណ្ឌទួលគោក ឡើងដណ្តើមប្រាក់លាននិងពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ខណៈពុទ្ធ សំបូរ អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ឡើងដណ្តើមប្រាក់លាននិងកីឡាករសុខ សាវិន អ្នកប្រដាល់ប៉ែនកាក់គុនខ្មែរ នាថ្ងៃសៅទី០២ ខែឧសភា ឆ្នាំ២០២០នេះ នៅលើសង្វៀនស៊ីអិនស៊ី។
កីឡាករនី សុភី ដែលជួបជាមួយកីឡាករពុទ្ធ ឆាយរិទ្ធី ក្នុងប្រភេទទម្តន់៦៩គីឡូក្រាម អ្នកទាំងពីធ្លាប់ជួបគ្នាច្រើនដងមកហើយភាគច្រើននី សុភី ជាអ្នកឈ្នះ ព្រោះអ្នកប្រដាល់នី សុភី នរណាក៏ទទួលស្គាល់ថា គេមានស្នៀតជង្គង់ល្អដែរ ពេលប្រកួតរាល់លើក សុទ្ធតែផ្តួលដៃគូតស៊ូពីក្បាច់ជង្គង់ពិឃាតរបស់គេនេះតែម្តង។ ការប្រកួតទាំងថ្នាក់ជាតិនិងអន្តរៈជាតិ សុភីគេចូលចិត្តប្រើស្នៀតកែងនិងជង្គង់នេះណាស់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បានហើយមានប្រសិទ្ធិភាពទៀត។
រីឯពុទ្ធ ឆាយរិទ្ធី គេអ្នកប្រដាល់ម្នាក់ដែលគូប្រកួតល្មមៗពិបាកក្នុងការបង្ក្រាបគេណាស់ព្រោះតែ ឆាយរិទ្ធីគេជាអ្នកប្រដាល់ដែល មានស្នៀតជើងទាត់ និងកណ្តាប់ដៃខ្លាំង និងធ្ងន់ ហើយមានចិត្តប្រដាល់ធំថែមទៀត តែយ៉ាងណាពុទ្ធ ឆាយរិទ្ធី គេអន់ខាងកម្លាំងស៊ុហ្វផងដែរ។ ចាំមើលកីឡាករកម្ពុជាពុទ្ធ ឆាយរិទ្ធី ជាអ្នកទទួលបានប្រាក់លានឬនី សុភី?។
ដោយឡែកកីឡាករពុទ្ធ សំបូរ ត្រូវជួបជាមួយកីឡាករសុខ សាវិន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំង២នាក់នេះមិនដែលជួបគ្នាទេកន្លងមក។ ការប្រកួតរបស់ពុទ្ធ សំបូរ កន្លងមកគេមានកម្លាំងស៊ុហ្វខ្លាំង កលល្បិចប្រកួតល្អ និងមានផ្លែល្អ ហើយមួយទៀត សំបូរមានសមត្ថភាពប្រដាល់ខ្ពស់ថែមទៀត។
ចំណែកសុខ សាវិន បច្ចប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រ ស្នៀតខ្លាំងរបស់គេគឺជង្គង់ និងកែង ដែលអាចប្រើប្រយោលក៍បានចូលកៀកក៍បាន ហើយមានភាពប៉ិនប្រសព្វក្នុងការប្រើបានល្អទៀតផង។ ក្នុងការប្រកួតនេះត្រូវបានអ្នកតាមដានកីឡាប្រដាល់លើកឡើងថា សុខ សាវិន មានភាគរយឈ្នះត្តឹមហាសិបម្នាក់ប៉ុណ្ណោះ ព្រោះគេកំពុងឡើងកូដខ្លាំងដូចគ្នា។ ចាំមើលរវាងសុខ សាវិន និងពុទ្ធ សំបូរ នរណាជាអ្នកឈ្នះទទួលបានប្រាក់លាននេះ?៕