ភ្នំពេញ ៖ កីឡាករជើងខ្លាំងសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក ឡើងដណ្តើមប្រាក់លាននិងកីឡាករឡុង បេនលឿន អ្នកប្រដាល់មកពីក្លិបសាលវ័នកីឡា ខណៈកីឡាករជើងខ្លាំងស្រករក្រោយតាញ់ មករា អ្នកប្រដាល់សមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ ដណ្តើមប្រាក់លាននិងកីឡាករឡុង ជិន អ្នកប្រដាល់នៃក្លិបខ្លារខិនមានរិទ្ធ លើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៥ ខែមេសា ឆ្នាំ២០២០នេះ។
កីឡាករសួន ចាន់នី ត្រូវជួបជាមួយកីឡាករឡុង បេនលឿន ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ កីឡាករកម្ពុជាសួន ចាន់នី មួយរយះចុងក្រោយនេះក្នុងពិភពប្រដាល់ គ្មានអ្នកណាមិនស្គាល់ស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់គេនោះឡើយ។ អ្នកប្រដាល់មានដៃវែងជើងវែងសួន ចាន់នី ជាអ្នកប្រដាល់ជើងខ្លាំងទម្ងន់មធ្យមប្រចាំកម្ពុជាម្នាក់នាពេលបច្ចប្បន្នដែល ធ្លាប់ប្រកួតជាមួយអ្នកប្រដាល់បរទេសជាច្រើននាក់មកហើយ គឺឈ្នះច្រើនជាងចាញ់ព្រោះស្នៀតក្បាច់គុណខ្មែរបុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយវាយមិនមានអំនួតនិងមិនខ្លាចគូរប្រកួតណាម្នាក់នោះទេ។
ចំណែកកីឡាករឡុង បេនលឿន ស្នៀតខ្លាំងរបស់គេភាគច្រើនគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលអោយគូប្រកួតដួលទាំងជំហរ រីឯខាងកណ្តាប់ដៃ និងកែងគេអាចប្រើបានដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។ ចាំមើលរវាឡុង បេនលឿន និងកីឡាករសួន ចាន់នី នេះនរណាជាអ្នកឈ្នះទទួលបានប្រាក់លានបន្ថែម?។
ដោយឡែកកីឡាករឡុង ជិន ក្នុងប្រភឹទទម្ងន់៦០គីឡូក្រាម។ ឡុង ជិនជាអ្នកប្រដាល់វ័យក្មេងមានស្នៀតប្រដាល់ល្អ វាយចេញចូលលឿន និងរហ័ស និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ។ មួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿន និងមានផ្លែល្អថែមទៀត។ គេជាអ្នកប្រដាល់ស្រករក្រោយទេ តែគេមានស្នៀតប្រដាល់ល្អ ហើយធ្លាប់ផ្ដួលអ្នកប្រដាល់រួមជាតិ ដែលជាជើងខ្លាំងៗច្រើននាក់ហើយ។
ចំណែកកីឡាករស្រករក្រោយតាញ់ មករា គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ក្នុងចំណោមអ្នកប្រដាល់ស្រករក្រោយដូចគ្នា ដែលអ្នកតាមដានកីឡាប្រដាល់កម្ពុជាកំពុងតែចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់កីឡាកររូបនេះ ដែលឡើងប្រកួតម្តងៗធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ចាំមើលរវាងឡុង ជិន និងតាញ់ មករា នរណាជាអ្នកឈ្នះទទួលបានប្រាក់លានបន្ថែមលើតម្លៃខ្លួន?៕