ការលាងដៃជាមួយសាប៊ូ ឬទឹកអាល់កុលលាងដៃ គឺជាវិធីសាស្ដ្រដ៏សំខាន់១ ក្នុងការការពារពីការឆ្លងវីរុសកូវីដ-១៩

0
898

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត តេង ស្រី អនុប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំង ជម្ងឺឆ្លងនៃក្រសួងសុខាភិបាល បានឲ្យដឹងថា តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ និង អង្គការសុខភាពពិភពលោកបានបង្ហាញថា ការលាងដៃជាមួយសាប៊ូនិងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែន គឺជាវិធី សាស្ដ្រដ៏សំខាន់១ ក្នុងការការពារពីការឆ្លងវីរុស កូវីដ-១៩ ព្រោះថាទឹកសាប៊ូ ឬ អាល់កុលអាចសម្លាប់មេរោគកូវីដ-១៩ ដែលមាននៅលើដៃយើងបាន ដោយសារដៃនេះហើយគឺជាអ្នកចម្លងមេរោគ ទៅក្នុងខ្លួនតាមរយៈការប៉ះពាល់ច្រមុះមាត់និងភ្នែក។

លោក ស្រី បញ្ជាក់ថា ក្រៅពីវិធីសាស្ដ្រលាងដៃខាងលើ នៅមានវិធីសាស្ដ្រជាច្រើនទៀតក្នុងការការពារមិនឲ្យឆ្លងវីរុសកូវីដ-១៩រួមមាន៖ ការរក្សាចម្ងាយ១ម៉ែត្រយ៉ាងតិចពីអ្នកក្អក ឬកណ្ដាស់ ព្រោះពេលក្អកឬកណ្ដាស់អ្នកមានផ្ទុកមេរោគនឹងខ្ទាតទឹកមាត់​ឬទឹកសំបោរ យើងនៅជិតដែលដកដង្ហើមចូល អាចចម្លងមេរោគមកដល់យើងបាន។ជាមួយនេះត្រូវបន្ថយជាអតិបរិមា នូវការយកដៃមកប៉ះពាល់ភ្នែក មាត់ ច្រមុះ ព្រោះដៃដែលប៉ះពាល់លើផ្ទៃច្រើន អាចប្រឡាក់មេរោគបាន។ នៅពេលដៃប៉ះកន្លែងកខ្វក់ រួចអាចផ្ទេរវីរុស ទៅ ភ្នែក ច្រមុះ មាត់ វីរុសអាចចូលក្នុង ហើយអាចធ្វើឲ្យអ្នកឈឺ។ ត្រូវខ្ទប់មាត់និងច្រមុះ ពេលអ្នកក្អកឬ កណ្ដាស់ ដោយគន្លាក់កែអដៃឬក្រដាសអនាម័យ បន្ទាប់មកបោះចោលក្រដាសនោះភ្លាម ក្នុងធុងសម្រាម ។

ចៀសវៀងប៉ះពាល់ ជិតស្និទ្ធជាមួយអ្នកមានជម្ងឺផ្លូវដង្ហើមដូចជាគ្រុនក្ដៅ ក្អក និងកណ្ដាស់ ឬផ្ដាសាយ។ត្រូវ ពិសារ អាហារដែលចម្អិនឆ្អិនល្អ ជាពិសេស សាច់និងស៊ុត។ ចៀសវៀងប៉ះពាល់ជិតស្និទ្ធ កសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែង ដែលគេដឹងថាមានវីរុសកំពុងចរាចរ ប្រសិនបើលោកអ្នកមានរោគសញ្ញាយ៉ាងតិច១ក្នុងចំណោម រោគសញ្ញាគ្រុនក្ដៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោ ឈឺបំពង់ក ហត់ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរ មកពីឬស្នាក់នៅក្នុងប្រទេសផ្សេងទៀត ក្រៅពីប្រទេសកម្ពុជា ឬបានប៉ះពាល់អ្នកជម្ងឺកូវី១៩ ដែលអះអាងពីមន្ទីពិសោធន៍ ក្នុងអំឡុង១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទាក់ទងទូរស័ព្ទ លេខ១១៥ជាបន្ទាន់។លោកស្រីបានលើកឡើង ដូច្នេះក្នុងពិធីផ្សព្វ​ផ្សាយ ដល់ជនបង្គោល នៃយុទ្ធនាការ បង្ការជម្ងឺរលាកសួត ដោយវីរីស កូវីដ១៩ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះនៅសាលាខណ្ឌព្រែកព្នៅ។

ដោយឡែកលោក ច្រឡឹង សុមេធា អគ្គនាយករង ក្រសួងទេសចរណ៍ បានសំណូមពរដល់អ្នកចូលរួមទាំងអស់សូមយកព៌តមានដែលទទួលបានពីវិធានការទប់ស្កាត់ជម្ងឺកូវីដ១៩ ទៅផ្សព្វផ្សាយបន្ដទៅក្រុមគ្រួសារ និ សហគមន៍របស់ខ្លួន ឲ្យបានយល់ដឹង ដើម្បី រួមគ្នាទប់ស្កាត់ឲ្យបានមិនឲ្យជម្ងឺនេះរីករាលដាលតទៅទៀត។

លោកបានបញ្ជាក់ថា ជម្ងឺនេះជាជម្ងឺកាចសាហាវ ដែលពិភពលោកកំពុងរួមគ្នាប្រយុទ្ធប្រឆាំង ដូចនេះយើងមិនអាចធ្វេសប្រហែសបានឡើយ យើងត្រូវមានវិធានការការពារជាមុនព្រោះថាការការពារ ប្រសើរជាង ព្យាបាល៕

Facebook Comments
Loading...