តៃកុងម្នាក់កៀបជាប់ក្នុងកាប៊ីនរថយន្ត បណ្តាលមកពីរថយន្តសណ្តោងដឹកម្សៅម៉ី បើកបុកពីក្រោយរថយន្តសណ្តោងដឹកអង្ក

0
940

ភ្នំពេញ ៖ រថយន្តសណ្តោងដឹកម្សៅម៉ី បើកបុកពីក្រោយរថយន្តសណ្តោងដឹកអង្កបណ្តាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់ធ្ងរ កៀបជាប់ក្នុងកាប៊ីនរថយន្ត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ-ឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តសណ្តោងដឹកម្សៅម៉ី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 3D-5072 បើកល្បឿនលឿន តាមមហាវិថីឈ្នះ-ឈ្នះ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ សង្ស័យងងុយដេក ទើបជ្រុលទៅបុកពីក្រោយរថយន្តសណ្តោងដឹកអង្ក ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-6633 ដែលបើកស្របទិសពីជើងទៅត្បូង ហើយកំពុងស៊ីញ៉ូ បំណងអែបស្តាំ បណ្តាលឲ្យរថយន្តបង្កដឹកម្សៅម៉ីរួញកាប៊ីន កៀបជាប់អ្នកបើកបររងរបួសធ្ងន់ បែកក្បាល បាក់ជើង ដែលគេស្គាល់ឈ្មោះ ជៀម ហ៊ួត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះជួល ភូមិត្រពំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម រងរបួសធ្ងន់ធ្ងរ។

ក្រោយកើតហេតុ ខណៈដែលជនរងគ្រោះកៀបជាប់ក្នុងកាប៊ីន ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ រួមជាមួយបងប្អូនប្រជាពលរដ្ឋ គាស់ទាញយកជនរងគ្រោះចេញ ហើយរថយន្តសង្គ្រោះ៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ រថយន្តទាំង២គ្រឿង មានមួយគ្រឿងខ្ទេចកាប៊ីន ដាច់ធ្លាក់ម៉ាស៊ីនដល់ដី ត្រូវបានប្រគល់ទៅឲ្យខាងការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុង អូសយកទៅរក្សាទុក ដើម្បីកសាងឯកសាររងចាំដោះស្រាយតាមនីតិវិធី៕

 

Facebook Comments
Loading...