ស្ទឹងត្រែង ៖ សង្សារមួយគូរ នាំគ្នាដើរលេងកម្សាន្ត លេងទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ហើយក៏នាំគ្នាដើរឆ្លងពីកោះខ្សាច់មួយទៅកោះខ្សាច់មួយ ខណៈដែលកំពុងឆ្លងនោះ ក៏ចំអន្លង់ដ៏ជ្រៅមួយដែលមានជម្រៅរហូតដល់២០ម៉ែត្រ លង់នារីរងគ្រោះស្លាប់ភ្លាមៗតែម្តង ចំណែកខាងប្រុសរួចខ្លួន កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចរមណីយដ្ឋានកោះខេ ស្ថិតក្នុងភូមិគីឡូប្រាំបី សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង។
សមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះ ដែលបានលង់ទឹកស្លាប់មានឈ្មោះ លី ស្រីនាថ អាយុ២៣ឆ្នាំ រស់នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រីឯគូសង្សារប្រុសរៀបរាប់ឲ្យដឹងថា រូបគេ និងសង្សារ រួមនឹងមិត្តភ័ក្ដិប្រុសម្នាក់ទៀត បានចេញដំណើរពីរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ទៅដើរលេងកម្សាន្តនៅខេត្តសៀមរាប ហើយនៅថ្ងៃទី២១ មកលេងមិត្តភ័ក្ដិនៅខេត្តព្រះវិហារ និងថ្ងៃទី២២ ក៏បន្តដំណើរមកលេងខេត្តស្ទឹងត្រែង នៅរមណីយដ្ឋានកោះខេ ក្នុងដងទន្លេមេគង្គ។
យុវជនជាសង្សារ បានបន្តឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុ រូបគេ និងនារីជាសង្សារ បាននាំគ្នាដើរលេងលើឆ្នេរខ្សាច់ និងថតយកទេសភាពនៅក្នុងដងទន្លេ ហើយក៏នាំគ្នាដើរឆ្លងពីកោះខ្សាច់មួយទៅកោះខ្សាច់មួយ ខណៈដែលកំពុងឆ្លងនោះ ក៏ចំអន្លង់ដ៏ជ្រៅមួយដែលមានជម្រៅរហូតដល់២០ម៉ែត្រ លង់នារីរងគ្រោះខាងលើ ហើយខ្លួនក៏បានជួយដែរ តែមិនអាចជួយបាន។ ពេលនោះនារីជាសង្សាររបស់ខ្លួន ក៏បានលិចបាត់ទៅក្នុងអន្លង់នោះតែម្ដង។ក្រោយកើតហេតុ ក៏បានរាយការណ៍ទៅសហគមន៍ទេសចរណ៍ និងអាជ្ញាធរភូមិ/ឃុំ សមត្ថកិច្ចបានចុះមកកន្លែងកើតហេតុដើម្បីរាវរកនារីរងគ្រោះ តែនៅល្ងាចនោះ មិនអាចរកឃើញនោះឡើយ។
អាជ្ញាធរភូមិ/ឃុំដែលមានអប្បិយជំនឿ ក៏បាននាំគ្នាធ្វើពិធីសែនព្រេនដល់អារុក្ខអារក្ខអ្នកតាថែរក្សាទីទឹកដីដើម្បីរកសពនារីរងគ្រោះ ក្រោយធ្វើពិធីបួងសួងរួច បានរកអ្នកជំនាញខាងមុជទឹករាវរកក្នុងអន្លង់នោះ ក៏បានប្រទះឃើញជនរងគ្រោះនៅរសៀលថ្ងៃ២៣កុម្ភៈ។
សព ត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ រួចពិនិត្យមើលឃើញថា នារីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងបានប្រគល់សពទៅឲ្យក្រុមគ្រួសារ ដែលមកពីភ្នំពេញ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕