លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការជាលើកទី១៣

0
806

ភ្នំពេញ ៖ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការលើសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស ក្រោយពីដំណើរការចំនួន១២ លើកកន្លងមកមិនទាន់បានបញ្ចប់ ហើយនៅសប្តាហ៍ទី៥នេះ សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងដំណើរការរយៈពេល២ថ្ងៃដូចគ្នាទៀតគឺថ្ងៃទី១២ និងទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សម្រាប់ព្រឹកថ្ងៃទី១២កុម្ភៈនេះ លោក កឹម សុខា បានធ្វើដំណើរពីគេហដ្ឋាន តាម រយៈរថយន្តផ្ទាល់ខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ៨ និង០៧ នាទីព្រឹក អមដោយមន្ត្រីស្និទ្ធរបស់ខ្លួន គឺលោក យ៉ែម ប៉ុញ្ញរិទ្ធ, លោក មុតចន្ថា និងសហការីមួយចំនួនទៀត។ ទោះយ៉ាងណានៅសប្តាហ៏ទី៥នេះ មានការរិតត្បិតចំពោះការថតរូបយ៉ាងខ្លាំង ដោយអ្នកអ្នកសារព័ត៌មានមិនត្រូវបានអនុញ្ញាតឲ្យឆ្លងផ្លូវ ចូលទៅជិតរបង ដើម្បីថតរូបឡើយ។

កាលពីសប្តាហ៏មុន លោកមេធាវី គី តិច ជាដើមបណ្តឹងរដ្ឋប្បវេណីបាននិយាយថា នៅក្នុងសំណុំរឿងនេះ លោកមានឯកសារច្រើនណាស់ ដែលនឹងត្រូវដាក់ជូនសវនា ការតាមលំដាប់លំដោយ ហើយបើតាមការកត់សម្គាល់មកដល់ពេលនេះលោកអាចនិយាយបានថា លោក កឹម សុខា នឹងមិនអាចគេចផុតពីការចោទប្រកាន់បានទេ។

គួរបញ្ជាក់ថាលោក កឹម សុខា ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។

យោងតាមក្រមព្រហ្មទណ្ឌបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ អាចជាប់ពន្ធនាគារពី១៥ ឆ្នាំដល់៣០ឆ្នាំ៕

Facebook Comments
Loading...