ភ្នំពេញ ៖ ដោយសារតែធ្លាប់ចាញ់មិនអស់ចិត្តកីឡាករជើងខ្លាំងកម្ពុជា២រូបមានពុយ វណ្ណៈ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ដឹកដៃកីឡាករឡុង ជិន អ្នកប្រដាល់របស់ក្លិបខ្លារខិនមានរិទ្ធ ឡើងសងសឹកនិងកីឡាករថៃភិតសង្ហា និធិតណាយក្វាម និងកីឡាករបៀរ៍ថៃ ប៉.យុទ្ធភូមិ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
កីឡាករពុយ វណ្ណៈ ជួបជាមួយកីឡាករថៃ ភិតសង្ហា និធិតណាយក្វាម ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម ដែលកីឡាករកម្ពុជាធ្លាប់វាយចាញ់កីឡាករថៃម្នាក់នេះដោយមិនអស់ចិត្ត ដែលកាលនោះពុយ វណ្ណៈ វិជ្ជាគុនរបស់គេនៅមានកម្រិតនៅយឡើយ តែកីឡាករថៃគេរឹងមាំ កម្លាំងស៊ុហ្វខ្លាំង និងស្នៀតជើងទាត់ ជង្គង់របស់គេវាយចេញរហ័សនិងខ្លាំងទៀតផង។
រីឯកីឡាករពុយ វណ្ណៈ បច្ចប្បន្នគេជាកីឡាករជើងថ្មីតែស្នៀតប្រយុត្តរបស់គេល្អ ពិសេសគឺស្នៀតកណ្តាប់ដៃ និងជើងទាត់តែម្តង ដែលអាចវាយប្រយោលក៍បានចូលគៀកក៍បាន ដោយប្រើបានលឿន ហើយធ្ងន់ថែមទៀត មួយរយៈចុងក្រោយនេះត្រូវបានអ្នកតាមដានប្រដាល់មើលឃើញថា ពុយ វណ្ណៈ ប្រកួតឈ្នះច្រើនជាងចាញ់ ពិសេសជាមួយកីឡាករថែតែម្តង។ ចាំមើលក្នុងការប្រកួតនេះកីឡាករពុយ វណ្នៈ ជាអ្នកឈ្នះឬកីឡាករថៃ ភិតសង្ហា និធិតណាយក្វាម?។
ដោយឡែកកីឡាករឡុង ជិន ត្រូវជួបជាមួយកីឡាករថៃបៀរ៍ថៃ ប៉.យុទ្ធភូមិ ក្នុងប្រភឹទទម្ងន់៦០គីឡូក្រាម។ ឡុង ជិន បច្ចប្បន្នគេជាអ្នកប្រដាល់វ័យក្មេងមានស្នៀតប្រដាល់ល្អ វាយចេញចូលលឿន និងរហ័ស និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ។ មួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿន និងមានផ្លែល្អថែមទៀតផង។
កីឡាករឡុង ជិន គេជាអ្នកប្រដាល់ស្រករក្រោយទេ តែគេមានស្នៀតប្រដាល់ល្អ ហើយធ្លាប់ផ្ដួលអ្នកប្រដាល់រួមជាតិ ដែលជាជើងខ្លាំងៗច្រើននាក់ហើយ ពិសេសគេធ្លាប់ឈ្នះ បឺត សង្ឃឹម ហ៊ែល វ៉ាម៉ន រដ្ឋា ជាដើម។ ប្រមាណជា១០ប្រកួតចុងក្រោយ ដែលប្រកួតជាមួយកីឡាករបរទេសពិសេសជាមួយកីឡាករថៃ គេឈ្នះច្រើនជាងចាញ់។ ដូច្នេះក្នុងការប្រកួតនេះ ឡុង ជិន ច្បាស់ជាឈ្នះលើកីឡាករថៃជាក់ជាមិនខាន។ ចាំមើលរវសងកីឡាករឡុង ជិន និងកីឡាករបៀរ៍ថៃ ប៉.តុទ្ធភូមិ នេះនរណាជាអ្នកឈ្នះ?៕