អាជ្ញាធរខណ្ឌ និងសង្កាត់ត្រូវមានវិធានការក្តៅ ចំពោះរថយន្តដឹកដីបំផ្លាញផ្លូវសាធារណៈ

0
754

ភ្នំពេញ ៖ លោកឃួ ង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បានជំរុញឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់មានវិធានការក្តៅ ចំពោះ រថយន្តធំៗ ដឹកដីបំផ្លាញផ្លូវសាធារណៈ នៅក្នុងមូលដ្ឋានខណ្ឌដោយត្រូវមានវិធានការ ឲ្យ បានម៉ឺងម៉ាត់ មានន័យថាបើរថយន្តទាំងនោះ ដឹកជញ្ជូនបំផ្លាញផ្លូវត្រូវតែឲ្យក្រុមហ៊ុន នោះ ធ្វើការជួសជុលផ្លូវដែលខូចនោះឡើងវិញ។

ការជំរុញឲ្យមានវិធានការបែបនេះ របស់លោកអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំក្រុមការងារចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ ប្រចាំខែធ្នូ ឆ្នាំ ២០១៩ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពីក្រុមការងារ គណបក្សប្រជាជនកម្ពុជា ប្រមាណ៤០០នាក់។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ប្រទេសកម្ពុជាយើងគឺជាប្រទេសដែល កំពុងតែធ្វើការអភិវឌ្ឍ ដូច្នេះទេយើងមិនអាចហាមប្រាមមិនឲ្យរថយន្តដឹកទំនិញ ដឹកដែក ដឹកស៊ីម៉ងត៍ ដឹកដីធ្វើចរាចរណ៍នោះទេ។ ប៉ុន្តែយើងត្រូវតែគ្រប់គ្រងឲ្យបានល្អលើ ការដឹកជញ្ជូននេះ ពោលគឺបើរថយន្តក្រុមហ៊ុនណា ដែលដឹកបំភ្លេចបំផ្លាញផ្លូវ ក្រុមហ៊ុននោះត្រូវតែទទួលខុសត្រូវលើ ការស្ថាបនាជួសជុលផ្លូវនោះ ឲ្យបានស្អាត ឡើងវិញ ជៀសវាង ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរលោក ឃួង ស្រេង ក៏បានជំរុញឲ្យមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ដែលជាដែល ជាសាវ័ករបស់សម្ដេច តេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អបើយើងអនុវត្តការងារ បម្រើប្រជាពលរដ្ឋ មិនបានដល់កម្រិតដែលប្រជាពលរដ្ឋចង់បានទេនោះ បញ្ហាប្រឈម នឹងកើតមកលើ ខ្លួន យើងវិញហើយ ដូច្នេះទេយើងត្រូវតែខិតខំ បំពេញការងារនេះឲ្យបានល្អ ដើម្បីទទួលបាន នូវការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះផងដែរ លោកសុខ សម្បត្តិ អភិបាលនៃគណៈ អភិបាលខណ្ឌព្រែកព្នៅ  ក៏បានមានប្រសាសន៍លើកឡើងដែរថា ជាទិសដៅ និងការងាររបស់រដ្ឋបាលខណ្ឌព្រែក ព្នៅ ដែលបាននិងកំពុងធ្វើគឺការរក្សាឲ្យបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ ល្អជូនប្រជាពលរដ្ឋ ការបម្រើសេវាឲ្យនៅកៀកកិត ជាមួយពួកគាត់ការកសាង ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋាន ដូចជាផ្លូវថ្នល់ លូទឹកជាដើម ។

គួរបញ្ជាក់ថា ការបង្កើតឲ្យមានកិច្ចប្រជុំក្រុមការងារ គណបក្សខាងលើនេះ គឺមានគោលបំណង ដើម្បីស្វែងរកចំណុចវិជ្ជមាន អវិជ្ជមាន និងការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បី យកបញ្ហាទាំងនោះ មកដោះស្រាយជូនពួកគាត់ ក្នុងនាមអាជ្ញាធរដែល ជាអាណាព្យាបាលរបស់ពួកគាត់៕

Facebook Comments
Loading...