លោកភួង សុភី ចែកសម្ភារសិក្សាដល់សិស្សសាលាបឋមសិក្សាកប់ស្រូវជាង៤០០នាក់

0
907

ភ្នំពេញ ៖ ក្រៅពីបំពេញតួនាទីការពារថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងការពារសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានចូលរួមយ៉ាងសកម្មកសាងសមិទ្ធផលនៅក្នុងទីវត្តអារាម ជាពិសេសការចែករំលែកក្នុងកិច្ចការមនុស្សធម៌ ដល់អ្នកក្រខ្សត់នៅក្នុងមូលដ្ឋានផងដែរ។

ជាក់ស្តែងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានផ្តួចផ្តើមគំនិតគៀងគរសប្បុរសជនជិតឆ្ងាយ សាងសង់រូបសំណាករបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រមទាំងសមិទ្ធផលនានា ជាពិសេសនាំយកសម្ភារសិក្សាមួយចំនួនធំ ទៅចែកជូនដល់សិក្សានុសិស្ស ដែលកំពុងតែសិក្សានៅសាលាបឋមសិក្សាកប់ស្រូវ ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញជាង៤០០នាក់ ក្នុងម្នាក់ៗទទួលបានកាបូប១ សៀវភៅមួយក្បាល និងប៊ិចមួយដើម និងចែកមួកសុវត្ថិភាពដល់លោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាកប់ស្រូវទាំងអស់ផងដែរ។

លោក ភួង សុភី បានថ្លែងថា សម្រាប់កម្មវិធីមនុស្សធម៌ចែកជូនសម្ភារសិក្សាដល់សិ​ស្សានុសិស្សនាពេលនេះ មិនមែនជាលើកទី១នោះទេ គឺអង្គភាពកងរាជអាវុធហត្ថ បានធ្វើឡើងច្រើនលើកមកហើយ ហើយក្នុងនាមបញ្ជាការដ្ឋានកងរាជអាវុហត្ថ លោកបានខិតខំធ្វើយ៉ាងរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅនេះ ឱ្យទទួលបាននូវភាពកក់ក្តៅផងដែរ។

លោកក៏បានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីបម្រើជាតិមាតុភូមិ ក្រុមគ្រួសារ និងខ្លួនឯង ជាពិសេសត្រូវធ្វើជាមនុស្សល្អ ជៀសឱ្យឆ្ងាយពីអំពើអបាយមុខទាំងឡាយណា ដែលនឹងធ្វើឱ្យខូចអនាគត និងសង្គមជាតិស្អប់ខ្ពើមជាដើម៕

 

Facebook Comments
Loading...