ក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌព្រែកព្នៅផ្សព្វផ្សាយ វិធានការចាំបាច់សម្រាប់សភាពការបច្ចុប្បន្ន ដល់មន្ដ្រីក្នុងខណ្ឌព្រែកព្នៅ

0
906

ភ្នំពេញ ៖ ក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌព្រែកព្នៅ បានប្រជុំផ្សព្វផ្សាយពីវិធានការចាំបាច់នានាសម្រាប់សភាពការថ្មីបច្ចុប្បន្នជូនដល់មន្ដ្រីបុគ្គលិកសាលាខណ្ឌព្រែកព្នៅ មន្ដ្រីសង្កាត់ ភូមិ ក្នុងមូលដ្ឋាន ឲ្យបានជ្រួតជ្រាប និង ផ្សព្វផ្សាយបន្ដ ដល់ប្រជាពលរដ្ឋ បានយល់ដឹងពីទង្វើខុសច្បាប់ របស់ទណ្ឌិត សម រង្ស៊ី និងបក្សពួកដើម្បីកុំឲ្យបងប្អូនមានការភាន់ច្រឡំស្ដាប់តាមការញុះញង់ទៅប្រព្រឹត្តិអំពើខុសច្បាប់មានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា ដែលនាំឲ្យមានទោសទណ្ឌដល់ខ្លួន នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ។

លោក រស់ សុផាន់ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌព្រែកព្នៅបានថ្លែងថា ទោះបីប្រទេសជាតិមានសុខសន្ដិភាព និងមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យយ៉ាងណាក្ដី ក៏ក្រុមប្រឆាំងតែងតែបដិសេដ រាល់សមិទ្ធិផលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខិតខំសម្រេចបានយ៉ាងលំបាកបំផុត។

លោកបន្តថា ជាទូទៅទណ្ឌិតសម រង្ស៊ី និងបក្សពួកគេតែងតែឃោសនាបំភ្លៃ បំប៉ោងការពិតក្នុងសង្គម ញុះញង់ អុជអាល ប៉ុនប៉ង បង្កឲ្យមានភាពចលាចលវឹកវរក្នុងសង្គមធ្វើឲ្យប៉ះពាល់ដល់សន្ដិភាពស្ថេរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈដើម្បីបម្រើមហិច្ឆិតានយោបាយរបស់ក្រុមខ្លួន។

លោកបញ្ជាក់ថា លើសពីនេះពួកគេបានរៀបចំគម្រោងផែនការ ជាប្រព័ន្ធធ្វើបដិ​វត្តន៍ព័ណ៌ដោយបានបំផុសបំផុលប្រមូលកម្លាំង ប្រជាជនឲ្យធ្វើការទាមទារតវ៉ា ឲ្យរាជរដ្ឋាភិបាល ចុះចេញពីដំណែង ដែលជាសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រប្រសូត្រចេញពីការបោះឆ្នោត ស្របតាមគោលការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌព្រែកព្នៅរូបនេះបន្តទៀតថា ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសដែលមានទណ្ឌិត សម រង្សី ជាមេក្លោងបានការប្រមាថមើល​ងាយព្រះមហាក្សត្រ មិនទទួលស្គាល់ព្រះមហាក្សត្រ និងបង្ខំព្រះមហាក្សត្រដាក់រាជ្យ ដែលជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងដែលប្រជាពលរដ្ឋទូទាំងប្រទេស មិនអាចទទួលយកបានជាដាច់ខាត។

នៅក្នុងឱកាស់នោះលោករស់ សុផាន់បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់សូមកុំស្ដាប់តាមការញុះញង់ និងចូលរួមសកម្មភាព ជាមួយទណ្ឌិតសម រង្ស៊ី និងបក្សពួក ព្រោះសកម្មភាពទាំងនោះគឺជាទង្វើ ខុសច្បាប់ដែលត្រូវផ្ដន្ទាទោស ហើយទាំងអស់គ្នា សូមត្រៀមលក្ខណៈចូលរួម ក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងចូលរួមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងការហូបអំបុកសាមគ្គីជាតិ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ទាំងអស់គ្នាដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ឲ្យបានស្ថិតស្ថេរ គង្សវង្ស៕

Facebook Comments
Loading...