ភ្នំពេញ ៖ កីឡាករជើងខ្លាំងធើន ធារ៉ា អ្នកប្រដាល់នៃក្លិបក្រសួងកសិកម្ម ជួបជាមួយកីឡាករថៃឃុនដេត រីឯកីឡាករឡុង សំនាង អ្នកប្រដាល់របស់ក្លិបសាលវ័នកីឡា ជួបកីឡាករថៃក្រៀងក្រៃ ដើម្បីដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១២ ខែតុលា ឆ្នាំ២០១៩នេះ។
កីឡាករធើន ធារ៉ា ជួបជាមួយកីឡាករថៃឃុនដេត នេះក្នុងប្រភទទម្ងន់៦៩គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែជាច្រើនលើកមកហើយមានឈ្នះ មានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជង្គង់ ជើងទាត់កាត់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហ៊។
ចំណែកកីឡាករធើន ធារ៉ា បន្ទាប់ពីគេមានឈ្មោះល្បីនៅស្រុកថៃ និងក្នុងប្រទេសបានមួយរយៈមកគេអាក់ខានលែងបានប្រកួត តែពេលនេះគេបានប្តូរក្លិបមកហាត់នៅស្រុកខ្មែរហើយដោយហាត់ជាមួយលោកគ្រូអេភូថង។ ធើន ធារ៉ា កាលពីនៅល្បីស្នៀតខ្លាំងរបស់គេ កែង កណ្តាប់ដៃ និងជើងទាត់កាត់ ហើយគេមានកម្ពស់ខ្ពស់ជាអំណោយផលក្នុងការវាយលក្ខណគុនខ្មែរទៀតផង។ ចាំមើរវាងធើន ធារ៉ា និងកីឡាករឃុនដេត នរណាជាអ្នកឈ្នះបានប្រក់លាន?។
ដោយឡែកកីឡាករជើងខ្លាំងវ័យក្មេង ឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃកែង និងជង្គង់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ក្រុមអ្នកតាមដានកីឡាប្រដាល់និយាយថា កីឡាករ ឡុង សំណាង មួយរយៈចុងក្រោយនេះកំពុងក្តោបក្តាប់សំណាងឈ្នះម្តងហើយម្តងទៀត ស្ទើរតែគ្រប់ការប្រកួតតែម្តង ខណៈដែលសំណាងដែលកីឡាកររូបនេះទទួលបាននោះ គឺមិនមែនបានដោយភាពចៃដន្យនោះទេ ប៉ុន្តែគឺបានមកពីសមត្ថភាពពិតៗតែម្តង។ គូប្រកួតទាំងជើងចាស់ និងជើងថ្មី សុទ្ធតែទទួលស្គាល់ថាឡុង សំណាង ពិតជាពិបាកផ្តួល និងកំពុងធ្វើឱ្យពួកគេក្លាយជាអ្នកចាញ់ជាបន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិនិងអន្តរជាតិ និងដណ្តើមខ្សែក្រវាត់ជាដើម។ ក្នុងការជួបប្រកួតជាមួយកីឡាករថៃក្រៀងក្រៃ ក្នុងប្រភេទទម្ងន់៦៣.៥គ.ក្រនេះក៍ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ឡុង សំណាង ប្រាកដជាឈ្នះទៀតជាក់ជាមិនខាន ព្រោះគេកំពុងតែឡើងកូដខ្លាំង ហើយណាមួយកីឡាករថៃម្នាក់នេះហាក់វាយធ្លាក់ប៉ុន្មានប្រកួតចុងក្រោយនេះ។ ចាំមើលកីឡាករឡុង សំណាង អាចយកឈ្នះលើកីឡាករថៃក្រៀងក្រៃ បានបានប្រាក់លានដែរឫយ៉ាងណា?៕