ភ្នំពេញ ៖ កីឡាករកម្ពុជា៣រូបមានឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ កីឡាករធន់ ចាន់តាក់ អ្នកប្រដាល់សមាគមកីឡាប្រដាលក្រសួងកាឬពារជាតិ និងកីឡាករផាន រះ អ្នកប្រដាល់នៃក្លិបតាព្រហ្មមានជ័យ រងចាំស្វាគមន៍កីឡាករថៃភិតសង្ហា កីឡាករផេកសាកេត និងកីឡាករភេតណងប៊ី មកសាកស្នៀតគុន នៅលើសង្វៀនស៊ីអ៊ិនស៊ី នាថ្ងៃទីសៅរ៍ទី១២ ខែតុលា ឆ្នាំ២០១៨នេះ។
កីឡាករ ឌុម កែវដា ត្រូវជួបប្រកួតជាមួយកីឡាករថៃ ភិតសង្ហា ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម។ កីឡាករថៃភិតសង្ហា ធ្លាប់មកប្រកួតនៅស្រុកខ្មែរលើកមកហើយមានឈ្នះមានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។ ចំណែកកីឡាករឌុម កែវដា បច្ចុប្បន្នរាងធ្លាក់កូដបន្តិច តែកាលពីមួយឆ្នាំមុនរូបគេបានទទួលការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ក្នុងការប្រកួតនេះមិនមានអ្នកណាអាចទស្សទាយមុនថានរណាជាអ្នកឈ្នះនោះទេ គឺសង្ឃឹមហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើលកីឡាករឌុម កែវដា ជាអ្នកឈ្នះឬកីឡាករថៃភិតសង្ហា?។
រីឯកីឡាករជើងខ្លាំង ធន់ ចាន់តាក់ ត្រូវជួបជាមួយកីឡាកថៃរផេកសាកេត ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ កីឡាករ ធន់ ចាន់តាក់ បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន។ ក្រុមអ្នកតាមដានកីឡាប្រដាល់និយាយថា កីឡាករ ធន់ ចាន់តាក់ មួយរយៈចុងក្រោយនេះកំពុងក្តោបក្តាប់សំណាងឈ្នះម្តងហើយម្តងទៀត ស្ទើរតែគ្រប់ការប្រកួតតែម្តង ខណៈដែលសំណាងដែលកីឡាកររូបនេះទទួលបាននោះ គឺមិនមែនបានដោយភាពចៃដន្យនោះទេ ប៉ុន្តែគឺបានមកពីសមត្ថភាពពិតៗតែម្តង។ គូប្រកួតទាំងជើងចាស់ និងជើងថ្មី សុទ្ធតែទទួលស្គាល់ថាធន់ ចាន់តាក់ ពិតជាពិបាកផ្តួល និងកំពុងធ្វើឱ្យពួកគេក្លាយជាអ្នកចាញ់ជាបន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិនិងអន្តរជាតិ។
ក្នុងការជួបប្រកួតជាមួយកីឡាករថៃផេកសាកេត នេះក៍ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ធន់ ចាន់តាក់ ប្រាកដជាឈ្នះទៀតជាក់ជាមិនខាន ព្រោះគេកំពុងតែឡើងកូដខ្លាំង ហើយណាមួយក្នុងទឹកដីខ្លួនឯងទៀតផង។ ចាំមើលកីឡាករធន់ ចាន់តាក់ អាចយកឈ្នះលើកីឡាករថៃផេកសាកេត បានដែរឫយ៉ាងណា?។
ដោយឡែក កីឡាករផាន រះ ត្រូវជួបជាមួយកីឡាករថៃភេតណងប៊ី ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ការជួបគ្នារវាងអ្នកទាំងពីរក៍ត្រូវបានអ្នកតាមដានកីឡាប្រដាល់ក្នុងស្រុកលើកឡើងថា ភាគរយនៃការឈ្នះគឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ ព្រោះកីឡាករកម្ពុជាផាន រះ វាយពេលខ្លះឃើញល្អតែពេលខ្លះវាយអន់ ព្រោះចិត្តប្រដាល់របស់គេតូច ហើយអន់ខាងកម្លាំងសុហ្វទៀតផង។ ចាំមើលផាន រះ ជាអ្នកឈ្នះឬកីឡាករថៃភេតណងប៊ី?៕