ភ្នំពេញ ៖ កីឡាករជំនាញខាងប្រើកណ្ដាប់ដៃនិងកែង រឿង សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ បានលើកឡើងថា ការទៅវាយនៅសង្វៀនថៃ Super Cham នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩នេះ ខ្លួននិងប្រឹងប្រែងធ្វើឲ្យអស់ពីសមត្ថភាព សូមបងប្អូនរស់នៅប្រទេសថៃជួយគាំទ្រផង។
អ្នកប្រដាល់កណ្តាប់ដៃភ្លើង ជើងរន្ទះ រឿង សោភណ្ឌ័ ជាកីឡាករខ្មែរទី១ដែលគ្រោងនឹងចេញទៅប្រកួតក្នុងនាមជាគូឯក ជាមួយកីឡាករគួនអូនៅសង្វៀនថៃ Super Cham នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩នេះ មានមតិជាច្រើនលើកឡើងខុសៗគ្នា នៃមុនការប្រកួតរបស់រឿង សោភ័ណ្ឌ ចូលមកដល់នាពេលខាងមុខនេះ។
អ្នកតាមដានប្រដាល់ក្នុងស្រុកមួយចំនួនលើកឡើងថា រឿង សោភ័ណ្ឌ ជាអ្នកប្រដាល់មួយរូបប្រកួតមិនចេះលាក់ កម្លាំង និងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ទៀងផង ការប្រកួត៣ទឹករឿង សោភ័ណ្ឌ មានសង្ឃឹមឈ្នះច្រើន ព្រោះការប្រកួតចូលទឹកទីមួយភ្លាមវ៉ៃយកតែម្តង ដូចនេះកណ្តាប់ដៃរឿង សោភ័ណ្ឌ វាយចេញខ្លាំងហើយរហ័ស បើចូលត្រូវចំ១ដៃពេញហើយច្បាស់ពិបាកទ្រាំបានណាស់ ហើយសោភ័ណ្ឌ អាចវាយផ្តាច់បាន។
ចំណែកមតិមួយចំនួនទៀតលើកឡើងថា កីឡាកររឿង សោភ័ណ្ឌ អ្នកប្រដាល់ចិត្តធំ ដែលជាម្ចាស់ខ្សែក្រវាត់មកពីបារាំង និងឈ្នះពានរង្វាន់ក្នុងស្រុកជាច្រើនមកនោះ ពួកគេមិនមានការព្រួយបារម្ភណ៍នោះឡើយដោយសារកីឡាកររឿង សោភ័ណ្ឌ ដែលសព្វថ្ងៃរូបគេកំពុងតែប្រកួតឡើងកូដជាខ្លាំង ឈានដល់ចំណុចជួរមុខ ហើយបានក្លាយជាកីឡាករម្នាក់ស្ថិតក្នុងជម្រើសរបស់អ្នកគាំទ្រភាគច្រើន ដែលមានស្នៀតប្រយុត្តិលើសង្វៀនល្អ ពិបាករកដៃគូណាមានប្រវត្តិប្រកួតប្រហាក់ប្រហែលគ្នាមកផ្តួលគេបានណាស់ ដូចនេះរឿង សោភ័ណ្ឌ មានសង្ឃឹមឈ្នះច្រើនជាងចាញ់។
ដោយឡែកអ្នកគាំទ្រមួយចំនួនទៀតបានអះអាងថា បើទោះជាដឹងថារឿង សោភ័ណ្ឌ ជាជើងខ្លាំងក្នុងប្រទេសក្តី តែការបារម្ភណ៍នោះគឺកម្លាំងសុហ្វតែម្តង ព្រោះរឿង សោភ័ណ្ឌ មានប្រវត្តិចាញ់កម្លាំងសុហ្វម្តងហើយកាលទៅប្រកួតនៅប្រទេសមីយ៉ាន់ម៉ា មួយឆ្នាំមុនកាលណោះរឿង សោភ័ណ្ឌ វាយកីឡាករមីយ៉ាន់ម៉ា ចូលពេញៗតែម្តងតែធ្វើអ្វីកីឡាករមីយ៉ានម៉ា បានឡើយចុងក្រោយគឺអស់សុហ្វខ្លួនឯង។ តែយ៉ាងណាអ្នកតាមដានទាំងអស់នៅតែជូនពរឲ្យរឿង សោភ័ណ្ឌ ទទួលបានជ័យជំនះដើម្បីមុខមាត់ប្រទេសជាតិ មុខមាត់ក្លិប និងមុខមាត់ខ្លួនឯងផងដែរ៕