រដ្ឋបាលខណ្ឌព្រែកព្នៅ ចុះសំអាតបរិស្ថានសាលាបទាំង១៨ក្នុងខណ្ឌព្រែកព្នៅ

0
1349

ភ្នំពេញ ៖ ថ្នាក់ដឹកនាំមន្ដ្រីបុគ្គលិក នៃសាលាខណ្ឌព្រែកព្នៅ មន្ដ្រីសាលា​សង្កាត់ កម្លាំងសណ្ដាប់ធ្នាប់ និងយុវជន សិស្សានុសិស្ស នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ បានជួបជុំគ្នានៅសាលាបឯមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ស្ថិតក្នុងខណ្ឌព្រែកព្នៅ ដើម្បីធ្វើអនាម័យប្រមូលសម្រាម សំអាតបរិស្ថាន។

លោកស្រី សក់ ស៊ីថា អភិបាលរងខណ្ឌព្រែកព្នៅ តំណាងលោក សុខ សម្បត្តិ អភិ​បាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថាការធ្វើពលកម្ម ប្រមូលសម្រាម សំអាតបរិស្ថាននៅថ្ងៃនេះធ្វើឡើងគ្រប់សាលាទាំងអស់ ទាំងវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សា ចំនួន១៨សាលា ក្នុងខណ្ឌព្រែកព្នៅ ដើម្បីលុបបំបាត់សំបុក និងជម្រកមូសខ្លា និងកែប្រែសោភ័ណភាពសាលា ឲ្យបានល្អប្រសើរ ជាពិសេសបំផុសចលនាអប់រំដល់ ប្រជាជនមហាជន យុវជន សិស្សានុសិស្ស ឲ្យបានយល់ដឹង​ពី​អត្ថប្រយោជន៍ នៃបរិស្ថាន ដើម្បីឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងកិច្ចការពារបរិស្ថាន។

លោកស្រីបន្ថែមថា ការធ្វើអនាម័យប្រមូលសម្រាម សំអាតបរិស្ថានថ្នាក់ដឹកនាំមន្ដ្រីបុគ្គ​លិក នៃសាលាខណ្ឌព្រែកព្នៅ មន្ដ្រីសាលា​សង្កាត់ កម្លាំងសណ្ដាប់ធ្នាប់ និងយុវជន នាពេលនេះមានរើសសម្រាម ជំរះស្មៅ ប្រមូលរបស់ណាដែលអាចដកទឹកយកទៅកប់ចោល កាប់ដើមឈើដែលដុះស៊ប់ទ្រប់ ជញ្ជូនដីដាក់ក្រលុក ជុំវិញសាលា និងលាបថ្នាំតាមរបង និងខ្លោងទ្វាសាលាទៀតផង។

លោកស្រីបញ្ជាក់ថា សកម្មភាពក្នុងការសំ​អាត បរិស្ថាននេះគឺជាការពញ្ញាក់ស្មារតី ឲ្យប្រជាជន មហាជន យុវជន សិស្សានុសិស្សបានយល់ដឹង​ពីបញ្ហាបរិស្ថាន​ដើម្បីឲ្យមានការចូលរួម ពីគ្រប់មជ្ឈ​ដ្ឋាន រួមចំណែកធ្វើឲ្យបរិស្ថាន នៅក្នុងមូលដ្ឋាន និងខណ្ឌព្រែកព្នៅរបស់យើង មានភាពល្អប្រសើរ ព្រោះថាបើ បរិស្ថានមិនល្អ បរិដ្ឋានអាក្រក់ ជីវិតនឹងត្រូវបាត់បង់។

ជាមួយគ្នានេះផងដែរ ក៍បានណែនាំផ្សព្វផ្សាយ ជូនដល់ប្រជាពល ដែលរស់នៅតំបន់នេះ ឲ្យចេះសំអាត អនាម័យបរិ​ស្ថាន តាមលំនៅដ្ឋាន និងតំបន់ដែលពួកគាត់រស់នៅ ធ្វើយ៉ាងណាជួយលើកស្ទួយ​សម្រស់​ខណ្ឌព្រែកព្នៅរបស់យើងទាំងអស់គ្នា៕

Facebook Comments
Loading...