ភ្នំពេញ ៖ គណៈប្រតិភូ នៃមូលនិធិពានរង្វាន់សម្តេចចៅហ្វាម៉ាក់ហាចាក់គ្រី បានចុះធ្វើទស្សនៈកិច្ច និងស្វែងយល់បន្ថែម នៅទីតាំងបង្រៀនរបស់លោកអ្នកគ្រូ ដែលត្រូវទទួលបាន ពានរង្វាន់ពីមូលនិធិពានរង្វាន់សម្តេចចៅហ្វាម៉ាក់ហាចាក់គ្រី នៅឯខេត្តកំពង់ឆ្នាំង មានសាលាបឋមសិក្សាគំរូក្រុង និងវិទ្យាល័យ ហ៊ុនសែន រលាប្អៀ កាលពីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្រ្តីក្រសួងអប់រំ អាជ្ញាធរខេត្ត និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើននាក់ផងដែរ។
លោកបណ្ឌិត គ្រីតសាក់ណាក់ផុង គីរ៉ាក់ទិកៈរៈ ប្រធានមូលនិធិពានរង្វាន់សម្តេចចៅហ្វាម៉ាក់ហាចាក់គ្រី បានថ្លែងនៅក្នុងពិធីចុះស្វែងយល់បន្ថែម នៅឯវិទ្យាល័យ ហ៊ុន សែន រលាប្អៀ ខេត្តកំពង់ឆ្នាំង ថានេះជាលើកទី២ហើយ ដែលបានមកកាន់ខេត្តកំពង់ឆ្នាំង ហើយក៏ឃើញថា ខេត្តកំពង់ឆ្នាំងមានការប្រែមុខមាត់យ៉ាងច្រើន ជាពិសេសគ្រឿងបរិក្ខា នៅក្នុងសាលារៀន មានការរីកដុះដាលគួរកត់សម្គាល់ ដែលនេះជាចំណុចល្អណាស់ សំរាប់អនាគត ក្មេងកម្ពុជា។
លោកបណ្ឌិតថ្លែងបន្តថា លោកសូមកោតសរសើរ ចំពោះគំនិតច្នៃប្រឌិត ដែលលោកគ្រូ អ្នកគ្រូ បានកែច្នៃវត្ថុធាតុដើម មាននៅក្នុងស្រុក និងងាយរក មកពន្យល់ និងបង្ហាត់បង្រៀន ដល់សិស្សានុសិស្ស ដែលខុសពីប្រទេសថៃ បានទិញនូវឧបករណ៍ទំនើប យកមកបង្រៀន ប៉ុន្តែពេលនេះ ពុំមានអ្នកចេះជួសជុល ឧបករណ៍ទាំងនោះ យកប្រើប្រាស់បន្តទៀតបានទេ។
ចំណែកលោកឡយ វីរៈ គ្រូបង្រៀនថ្នាក់ទី១២មុខវិជ្ជារូបវិទ្យា នៅវិទ្យាល័យហ៊ុនសែន រលាប្អៀ ដែលជាគ្រូ ត្រូវបាន ទទួលពានរង្វាន់សម្តេចចៅហ្វាម៉ាក់ហាចាក់គ្រី ឆ្នាំ២០១៩ (ជំនាន់ទី៣) នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការទទួលបានពានរង្វាន់នេះគឺបានផ្តោតលើគោលការណ៍បង្រៀនល្អ គ្មានសិស្សត្រួតថ្នាក់ ហើយសម្បូរសិស្សទទួលបានចំណាត់ថ្នាក់ល្អទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត រួមទាំងការជួយសិស្សខ្សោយអោយវិលមករៀនពូកែ។
លោកបានបញ្ជាក់ថា ពានរង្វាន់នេះគឺជាការលើកទឹកអោយខិតខំប្រឹងប្រែងបន្តទៀតក្នុងការជួយអភិវឌ្ឍធនធានមនុស្សកម្ពុជាកាន់តែមានសមត្ថភាពពេញលេញសម្រាប់ការកសាងជាតិអោយរីកចំរើនទៅមុខទៀត។លោកគ្រូបានថ្លែងទាំងមានជំនឿចិត្តថា ការសិក្សានិងធ្វើអោយជីវិតរបស់សិស្សានុសិស្សកាន់តែប្រសើរឡើង ទើបលោកតែងតែខិតខំព្យាយាម បង្កើតបរិយាកាសល្អៗ នោក្នុងថ្នាក់រៀន ដើម្បីជួយជំរុញ អោយសិស្សយកចិត្តទុកដាក់ទៅលើការសិស្សារៀនសូត្រ តាមរយៈការសិក្សាស្វែង យល់អំពីអាកប្បកិរិយា សិស្សានុសិស្ស ដើម្បីយកទៅអនុវត្ត ក្នុងផែនការបង្រៀន ជ្រើសរើស សម្ភារៈ ឧបករណ៍ និងជំនួយនៃការបង្រៀន អោយបានស័ក្តសមទៅនឹងសិ្សស្សានិសិស្សទាំងនោះ។
សូមបញ្ជាក់ថា រង្វាន់ព្រះរាជទានរួមមាន មេដាយមាស វិញ្ញាបនបត្រ ពានរង្វាន់ កន្លាស់មាស និងទឹកប្រាក់ចំនួន ១០.០០០ ដុល្លារ។ កាលបរិច្ឆេទកំណត់ ប្រារព្ធពិធីព្រះរាជទានរង្វាន់ គឺនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ព្រមទាំងមានការប្រជុំបច្ចេកទេសអន្តរជាតិ ដើម្បីចែករំលែកការសិក្សារៀនសូត្រ ការអនុវត្តន៍ការងាររបស់គ្រូបង្រៀន នៅក្នុងអាស៊ាន។
ពានរង្វាន់សម្តេចចៅហ្វាម៉ាក់ហាចាក់គ្រី ឬ Princess Maha Chakri Award គឺជាពានរង្វាន់លំដាប់អន្តរជាតិដើម្បីលើកតម្កើងកិត្តិយស ដល់គ្រូឆ្នើមនៅកម្រិតសិក្សាថ្នាក់មូលដ្ឋាន នៃបណ្តាប្រទេសនានាក្នុងអាស៊ាន និង ទីម័រលេស ចំនួន១១ប្រទេស ដោយប្រកាន់តាមគោលការណ៍ គុណភាពនៃការអប់រំ ស្ថិតលើគុណភាពគ្រូបង្រៀន គុណភាណបង្រៀនមានឥទ្ធិពលចំពោះការស្ថាបនាធនធានមនុស្ស ដែលប្រកបដោយគុណភាព និងដើម្បីលើកស្ទួយព្រះកិត្តិនាមរបស់ សម្តេចព្រះគុណូបការៈ គឺ ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រីសិរិនថន ដែលព្រះអង្គមានព្រះប្រាជ្ញាញាណវៀងវៃ និងមានព្រះគុណូបការៈដ៏ធំធេងក្នុងវិស័យអប់រំ ទាំងក្នុងនិងក្រៅប្រទេស ក្រោមការដឹកនាំរៀបចំដោយ មូលនិធិពានរង្វាន់សម្តេចចៅហ្វាម៉ាក់ហាចាក់គ្រី សហការរួមជាមួយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាគ្រូនៃក្រសួងអប់រំ មូលនិធិដើម្បីសមភាពនៃការអប់រំ ដោយកំណត់អោយមានការព្រះរាជទាន ពានរង្វាន់ ជាលើកដំបូងកាលពីឆ្នាំ២០១៥និងមានការចម្រាញ់ជ្រើសរើសរៀងរាល់២ឆ្នាំម្តង៕