ភ្នំពេញ ៖ កីឡាករម៉ឺន មេឃា អ្នកប្រដាល់មកពីក្លិបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជួបកីឡាករថៃណាក់រ៉ុប ខណៈកីឡាករថៃភិតដាំ ត្រូវជួបជាមួយកីឡាករថៃភិតណាមេអកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈកីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ឡើងសាកកណ្តាប់ដៃនិងកីឡាករអ៊ីរ៉ង់Di Vara LOrenzo នៅលើសង្វៀនស៊ីអ៊ិនស៊ី នាថ្ងៃទ១៣ ខែកក្កដា ឆ្នាំ២០១៩នេះ។
កីឡាករម៉ឺន មេឃា ត្រូវជួបជាមួយកីឡាករថៃណាក់រ៉ុប ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក កីឡាករថៃម្នាក់នេះមានវិជ្ជាគុនទាំងដៃទាំងជើងខ្លាំងហើយទើបបានយកឈ្នះលើកីឡាករកម្ពុជា ហើយឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ ចំណែកកីឡាករម៉ឺន មេឃា មួយរយៈពេលចុងក្រោយនេះ គេមើលឃើញថា អ្នកប្រដាល់វ័យក្មេងរូបនេះប្រកួតស្ទើរគ្រប់សង្វៀន និងទទួលបានជ័យជម្នះរហូតផងដែរ។
កីឡាករវ័យក្មេងរូបនេះចេះប្រើគ្រប់ស្នៀតទាំងដៃទាំងជើង និងស្នៀតកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយវាយចំគោលដៅបានល្អទៀតផង តែយ៉ាងណាអ្នកលេងគុនខ្មែរវ័យក្មេងរូបនេះនៅខ្វះចំណុចស្នៀតចាប់ឡាំជង្គង់ ព្រោះនៅខ្សោយ។ ចាំមើលម៉ឺន មេឃា ជាអ្នកឈ្នះឬកីឡាករថៃ?។
ចំណែកកីឡាករថៃភិតដាំ ត្រូវជួបជាមួយកីឡាករថៃភិតណាមេអក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះផងដែរ មិនសូវមានគេចាប់អារម្មណ៍ការប្រកួតរបស់ពួកគេទាំងពីរនោះទេ ព្រោះពួកគេជិះឡានមកពីថៃដូចគ្នាហើយស្នាក់នៅជាមួយគ្នាទៀត ដូចនេះពួកគេវាយមិនអស់ពីសមត្ថភាពឡើយ អាចនិយាយបានថាបើពួកគេនិយាយត្រូវគ្នា ក្នុងចំណោម២នាក់នេះគេអោយម្នាក់ណាឈ្នះក៍បានដែរ។
ដោយឡែកកីឡាករជើងខ្លាំងរឿង សោភ័ណ្ឌ ត្រូវឡើងសាកកណ្តាប់ដៃនិងកីឡាករអ៊ីរ៉ង់Di Vara Lorenzo ដែលមានមតិជាច្រើនលើកឡើងថា រឿង សោភ័ណ្ឌ និងឈ្នះដោយស្រួលលើកីឡាករអ៊ីរ៉ងម្នាក់នេះព្រោះគេទើបប្រកួតបានជាង១០ដងប៉ុណ្ណោះ ហើយធ្លាប់វាយចាញ់ទាំងកីឡាករថៃដែលមានវិជ្ជាគុនល្មមៗទៀតផង។ រីឯកីឡាកររឿង សោភ័ណ្ឌ គេប្រកួតជាង១០០ដងទៅហើយ គេជាជើងខ្លាំងរបស់កម្ពុជាបើរឿង សោភ័ណ្ឌ ឈ្នះមិនមានអ្វីអស្ចារ្យនោះទេ តែបើរឿង សោភ័ណ្ឌ ចាញ់វិញទើបជារឿងចម្លែក៕