បុរសម្នាក់ស្រវឹងស្រាពីយប់ ព្រឹកឡើងប្រើមិត្តភ័ក្រឲ្យទៅទិញបបរមកហូប តែមិនទាន់ទាំងបានហូបផងដេកស្លាប់យ៉ាងឆាប់រហ័ស

0
965

ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹងពីយប់លុះព្រឹកឡើង ប្រើមិត្តភ័ក្រឲ្យទៅទិញបបរយកមកហូប តែមិនទាន់ទាំងបានហូបផងដេកផ្កាប់មុខស្លាប់យ៉ាងឆាប់រហ័ស កាលពីវេលាម៉ោង០៦ និង៣០នាទី ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សាកសពដែលស្លាប់ក្នុងករណីនេះឈ្មោះ សាន ពេញ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្រែអំពិល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

នៅមុនពេលកើតហេតុកាលពីថ្ងៃទី៩កក្កដា ជនរងគ្រោះបានអង្គុយផឹកស្រាជាមួយឈ្មោះ កង សុផុន នៅតូបឈ្មោះ វ៉ាន់ រហូតដល់យប់ជ្រៅ ក៏បានបបួលគ្នាទៅសម្រាក់នៅផ្ទះឈ្មោះកង សុផុន លុះព្រឹកឡើងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ប្រមាណវេលាម៉ោង០៦  ជនរងគ្រោះបានក្រោកពីសម្រាក់(ងើបពីដេក) ក៏បានឲ្យលុយចំនួន១,០០០រៀល ទៅឈ្មោះកង សុផុន ដើម្បីឲ្យជួយទិញបបរឲ្យខ្លួន បន្ទាប់ពីយកលុយពីជនរងគ្រោះរួចឈ្មោះ កង សុផុន ក៏បានដើរចូលបន្ទប់ទឹក ប្រហែល២០នាទីក្រោយ ក៏ដើរចេញមកវិញ ស្រាប់​តែឃើញជនរងគ្រោះដេកផ្កាប់មុខដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ក្រោយមកឈ្មោះកង សុផុន ក៏បានតេទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់។

សន្និដ្ឋាននិងវាយតម្លៃតាមការបំភ្លឺរបស់ឈ្មោះ កង សុផុន (ត្រូវជាមិត្តភក្តិ) និងការស្រាវ​ជ្រាវរបស់សមត្ថកិច្ចជុំវិញកន្លែងកើតហេតុ និងការពិនិត្យរបស់ផ្នែកជំនាញ ឃើញថា សពពិតជាបានស្លាប់ដោយសារខ្យល់គពិតប្រាកដមែន។ បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិស្រែអំពិល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល៕

Facebook Comments
Loading...