ភ្នំពេញ ៖ កីឡាករជើងខ្លាំងវ័យក្មេង ឡុង សំណាង អ្នកប្រដាល់នៃក្លិបសាលវ័ន្តកីឡា ជួបកីឡាករថៃឌិនណាផូ ខណៈកីឡាករវេង សុភ័ក្រ អ្នកប្រដាល់របស់ក្លិបកងពលតូចឆ័ត្រយោង៩១១ ជួបកីឡាករថៃឆាងសឹក នៃការប្រកួតដណ្តើមប្រាក់លាន នៅលើសង្វៀនស៊ីអ៊ិនស៊ី នារសៀលថ្ងៃសៅរ៍ទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ។
កីឡាករជើងខ្លាំងវ័យក្មេង ឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃកែង និងជង្គង់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ក្រុមអ្នកតាមដានកីឡាប្រដាល់និយាយថា កីឡាករ ឡុង សំណាង មួយរយៈចុងក្រោយនេះកំពុងក្តោបក្តាប់សំណាងឈ្នះម្តងហើយម្តងទៀត ស្ទើរតែគ្រប់ការប្រកួតតែម្តង ខណៈដែលសំណាងដែលកីឡាកររូបនេះទទួលបាននោះ គឺមិនមែនបានដោយភាពចៃដន្យនោះទេ ប៉ុន្តែគឺបានមកពីសមត្ថភាពពិតៗតែម្តង។ គូប្រកួតទាំងជើងចាស់ និងជើងថ្មី សុទ្ធតែទទួលស្គាល់ថាឡុង សំណាង ពិតជាពិបាកផ្តួល និងកំពុងធ្វើឱ្យពួកគេក្លាយជាអ្នកចាញ់ជាបន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិនិងអន្តរជាតិ និងដណ្តើមខ្សែក្រវាត់ជាដើម។ ក្នុងការជួបប្រកួតជាមួយកីឡាករថៃឌិនណាផូ ក្នុងប្រភេទទម្ងន់៦៣.៥គ.ក្រនេះក៍ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ឡុង សំណាង ប្រាកដជាឈ្នះទៀតជាក់ជាមិនខាន ព្រោះគេកំពុងតែឡើងកូដខ្លាំង ហើយណាមួយកីឡាករថៃម្នាក់នេះហាក់វាយធ្លាក់ប៉ុន្មានប្រកួតចុងក្រោយនេះ។ ចាំមើលកីឡាករឡុង សំណាង អាចយកឈ្នះលើកីឡាករថៃឌិនណាផូ បានដែរឫយ៉ាងណា?។
ចំណែកកីឡាករពូកែខាងប្រើកណ្តាប់ដៃនិងជង្គង់ វេង សុភ័ក្រ ក៍ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា មានភាគរយឈ្នះច្រើនជាងចាញ់ផងដែរ ពេលជួបជាមួយកីឡាករជនជាតិថៃឈ្មោះឆាងសឹក ព្រោះបច្ចប្បន្ននេះវេង សុភ័ក្រ គេក៏ជាអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងម្នាក់ដែរ ដែលឡើងប្រកួតកម្រចាញ់គូរប្រកួតណាស់ព្រោះរូបគេ ប្រកួតមិនចេះលាក់ កម្លាំងនិងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ថែមទៀតផង។
អ្នកប្រដាល់រូបនេះ មានបទពិសោធន៍និងតិចនិកក្នុងការប្រកួតច្រើន ដូចជាកីឡាករជើងចាស់ផងដែរ បើទោះជាគេទើបចូលប្រឡូកវិស័យកីឡាប្រដាល់ក្បាច់ខ្មែរបុរាណ ព្រោះគេមានកណ្តាប់ដៃធ្ងន់ និងរហ័ស រីឯកម្លាំងស៊ុហ្វក៏រឹងមាំផងដែរ។ អញ្ចឹងហើយទើបអ្នកស្នេហាកីឡាប្រដាល់ភាគច្រើននៅតែគាំទ្រកីឡាករវេង សុភ័ក្រ ថាគេជាកីឡាករដែលមានសក្តានុពល ហើយមានសមត្ថភាពគួរឱ្យសរសើរ ដោយម្នាក់ៗហាក់សម្តែងនូវទំនុកចិត្តចង់ទស្សនាយ៉ាងខ្លាំងនៅគ្រប់ពេលកីឡាកររូបនេះឡើងរេញប្រកួតម្តងៗនោះ។ ចាំមើលកីឡាករវេង សុភ័ក្រ និងកីឡាករជនជាតិថៃឆាងសឹក នណាជាអ្នកឈ្នះ?៕