សមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ស្នើឲ្យរដ្ឋបាលខណ្ឌចុះផ្អាកទីតាំងផលិត អំបិលអ៊ីយ៉ូត ដោយគ្មានស្ដង់ដារបច្ចេកទេស

0
1106

ភ្នំពេញ ៖ លោក ឡេង ហួត សមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានស្នើដល់រដ្ឋបាលខណ្ឌចុះផ្អាកទីតាំង ផលិត អំបិលអ៊ីយ៉ូត១កន្លែង ដែលគ្មានអនាម័យ និងគុណភាពត្រឹមត្រូវ សិ្ថតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ បន្ទាប់ពីទទួលបានព៌តមានពីប្រជាពលរដ្ឋមកថាសិប្បកម្មនោះនៅតែផលិតដោយគ្មានស្ដង់ដារបច្ចេកទេស នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦០ អណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ។

ឆ្លើយតបទៅនឹងសំណើរនេះលោក ឯម ប្រុស ប្រធានការិយាល័យ ឧស្សហកម្មនិងសប្បកម្ម ខណ្ឌបានទទួលស្គាល់ ថាទីតាំងផលិតអំបិលអ៊ីយ៉ូតនៅភូមិផ្សារលិចនេះគឺមានទីតាំងតូចចង្អៀត ការវេខ្ចប់ក៏ពុំមានអនាម័យត្រឹមត្រូវ ដោយធ្វើជាលក្ខណៈគ្រួសារ គឺទិញអំបិលពីផ្សារចាស់ និងទិញសំបកវេចខ្ចប់ ពីក្រុមហ៊ុនផ្សេង យកមកចេចខ្ចប់ខ្លួនឯងពុំមានម៉ាស៊ីនលាយ និង វាស់ស្ទង់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនោះឡើយ។

លោកបានឲ្យដឹងថា កន្លងមកនេះមន្រី្ដជំនាញកាំកុងត្រូល បានសហការជាមួយរដ្ឋបាលខណ្ឌ បានចុះណែនាំធ្វើកំណត់ ហេតុ និងឲ្យផ្អាកការធ្វើអាជីវកម្មរួចហើយ ប៉ុន្ដែដោយ សារម្ចាស់សិប្បកម្មនេះសន្យាថាកែល្អទាំងគុណភាព និងបរិស្ថានអនាម័យទើបខាងជំនាញអនុញ្ញាតិឲ្យគាត់ផលិត។ បើតាមការពិនិត្យលទ្ធផលអំបិលអ៊ីយ៉ូតបានបង្ហាញថា កន្លងមកសិប្បកម្មខាងលើ បានផលិតអំបិលអ៊ីយ៉ូត ដោយបានដាក់បរិមាណអ៊ីយ៉ូតលើសចំនួន ដែលអាចបណ្ដាលឲ្យប៉ះពាល់ សុខភាពដល់អ្នកបរិភោគ។

ដោយឡែកលោកស្រី សក់ ស៊ីថា អភិបាលរងខណ្ឌព្រែកព្នៅ មានប្រសាសន៍ថា បញ្ហាសុខភាពគឺជាបញ្ហាដ៏ចំបង សម្រាប់មនុស្សគ្រប់រូប មនុស្សយើងបើសុខភាពមិនល្អហើយ គឺមិនអាចធ្វើអ្វីៗបានដូចបំណងនោះឡើយ។ដូចនេះក្នុងនាមអាជ្ញាធរមិនអាចព្រងើយកន្ដើយបានឡើយត្រូវតែយកចិត្តទុកដាក់ជម្រុញនឹងគាំទ្រដល់ ការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ព្រមទាំងប្រឆាំងនិងទប់ស្កាត់រាល់សកម្មភាពដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល។

លោកស្រីអភិបាលរងបានបញ្ជាក់ថា ចំពោះម្ចាស់ ផលិតអំបិលអ៊ីយ៉ូតខាងលើបើចង់ផលិតបន្ដទៀត គឺត្រូវរកជួលទីតាំងផលិតឲ្យបានសមស្រប ត្រូវសុំការអនុញ្ញាតិពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី។ ជាមួយនេះក៏ត្រូវអនុវត្តន៍ទៅតាមស្ដង់ដារបច្ចេកទេស ដោយទីតាំងត្រូវមានបរិស្ថានអនាម័យល្អមានម៉ាស៊ីនលាយ និង វាស់ស្ទង់កម្រឹត អ៊ីយ៉ូត ត្រឹមត្រូវដើម្បីចៀសវៀងពេលដែលផលិតអំបិលបានហើយធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។សម្រាប់ទីតាំងផលិតខាងលើនេះរដ្ឋបាលខណ្ឌ នឹងសហកាជាមួយអង្គភាពជំនាញដើម្បី ធ្វើការផ្អាកជាបន្ទាន់ មិនអនុញ្ញាតិឲ្យដំណើការផលិតតទៅទៀតឡើយ៕

Facebook Comments
Loading...