កម្ពុជា និងចិនបានកំណត់យកឆ្នាំ២០១៩ ជាឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន

0
2540

ភ្នំពេញ ៖ កម្ពុជា និងចិនបានពង្រីកកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀត តាមរយៈការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន ដែលបានប្រកាសផ្សព្វផ្សាយរួមគ្នានៅរាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ២០១៩ កន្លងទៅ រីឯកម្មវិធីបិទឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិននេះនឹងរៀបចំនៅប្រទេសចិន។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា ថ្លែងក្នុងវេទិកានៃការសន្ទនាស្ដីពីអរិយធម៌អាស៊ី ក្រោមប្រធានបទ «វប្បធម៌ ទេសចរណ៍ និងទំនាក់ទំនាក់រវាងប្រជាជន និងប្រជាជន» ដែលរៀបចំចាប់ពីថ្ងៃទី១៤-១៧ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងថា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថី នឹងផ្ដល់ឱកាសដល់ប្រទេសទាំងអស់តាមវិថីសូត្រ រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌។

ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌នេះ គឺអាចធ្វើឡើងតាមរយៈការបង្កើតកញ្ចប់ទស្សនកិច្ចនៃផលិតផលទេសចរណ៍វប្បធម៌រួមគ្នា ហើយការតភ្ជាប់នេះនឹងចូលរួមជំរុញឱ្យមានសន្តិភាព ការយោគយល់គ្នា និងទំនាក់ទំនងរវាងប្រជាជាតិនានាផងដែរ។

អង្គវេទិកាខាងលើបានរំលឹកថា ពិភពលោកបានចាត់ទុកប្រទេសចិនជាគោលដៅទេសចរណ៍ និងជាទីផ្សារទេសចរណ៍ដ៏ធំរបស់ពិភពលោក ដោយឆ្នាំ២០១៨ កន្លងទៅ ចិនបានទទួលទេសចរចំនួន ១៤០លាននាក់ ហើយជនជាតិចិនចេញទស្សនាក្រៅប្រទេសកើនដល់ ១៦០លាននាក់។

ខណៈដែលប្រទេសទាំងអស់លើពិភពលោកសុទ្ធតែមានគោលនយោបាយទាក់ទាញទេសចរចិន លោករដ្ឋមន្ត្រី ថោង ខុន បានចែករំលែកជូនអង្គវេទិកាថា កម្ពុជាបានរៀបចំ និងកំពុងអនុវត្តសៀវភៅសស្ដីពី China Ready ដែលជាឯកសារគោលសម្រាប់ទាក់ទាញ និងផ្ដល់សេវាដល់ទេសចរជនជាតិចិន ព្រមទាំងបានរៀបចំ និងអនុវត្តយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរចិន ឆ្នាំ២០១៦-២០២០។

លើសពីនេះទៀត កម្ពុជា និងចិនបានពង្រីកកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀត តាមរយៈការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន ដែលបានប្រកាសផ្សព្វផ្សាយរួមគ្នានៅរាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ២០១៩ កន្លងទៅ រីឯកម្មវិធីបិទឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិននេះនឹងរៀបចំនៅប្រទេសចិន។

កិច្ចសហប្រតិបត្តិការទេសចរណ៍ចិន-កម្ពុជា នឹងកាន់តែឈានឡើងកាន់តែខ្លាំងក្លាថែមទៀត ក្រោមស្មារតីនៃការអនុវត្តផែនកាសកម្មភាពនៃសហគមន៍វាសនារួមកម្ពុជា-ចិន ដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខា នាឱកាសកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងវិថី នៅទីក្រុងប៉េកាំងនាពេលកន្លងទៅថ្មីៗ។

សូមរំលឹកថា ឆ្នាំ២០១៨ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ៦.២លាននាក់ ក្នុងកំណើន ១១% ក្នុងនោះទេសចរជនជាតិចិនមានចំនួន ២.០២លាននាក់ កើនឡើង ៦៧%។រយៈពេល៣ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណជាង ១.៨លាននាក់ កើនឡើង ៩.៧% ក្នុងនោះទេសចរជនជាតិចិនមានប្រមាណជាង ៦៨ម៉ឺននាក់ កើនជាង ៣៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨៕

Facebook Comments
Loading...