ភ្នំពេញ ៖ លោកសុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារចាស់ជរាទីទាល់ក្រ ចំនួន៤០គ្រួសារ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅសាលាសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋទាំងអស់ត្រូវការពារសុខភាពឲ្យបានល្អ ពិសេសកូនក្មេងតូចៗដែលងាយរងគ្រោះ ព្រោះរដូវនេះកម្តៅកំពុងកើនឡើងខ្លាំង ជាងនេះទៅទៀតត្រូវប្រុងប្រយ័ត្តអំពីអគ្គីភ័យដែលអាចកើតឡើងជាយថាហេតុ បើអាចសុំបងប្អូនត្រូវមានបំពង់ពន្លត់អគ្គីភ័យគ្រប់ផ្ទះ ព្រោះវាជួយបានច្រើនក្នុងការការពារទ្រព្យសម្បត្តិខ្លួនឯង និងអ្នកដ៍ទៃ។
លោកបន្តថា ក្នុងនាមប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន តែងគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេស នៅពេលដែលបងប្អូន ជួបប្រទះនឹងគ្រោះទុរភិក្សផ្សេងៗ ដូចជាគ្រោះទឹកជំនន់ គ្រោះអគ្គីភ័យ ចរាចរណ៍ជាដើម ដើម្បីជួយសម្រាលការលំបាករបស់បងប្អូន ហើយសកម្មភាពមនុស្សធ៌មទាំងនេះធ្វើឡើងគ្រប់ទីកន្លែងទាំងនៅទីក្រុងនិងជនបទ មិនប្រកាន់និន្នាការនយោបាយ ឬព៌ណសម្បុរអី្វឡើយ ឲ្យតែបងប្អូនជួបទុក្ខលំបាកកាក្កបាទក្រហមកម្ពុជាតាមជួយបងប្អូនជានិច្ចមិនថានៅទីណានោះឡើយ។
លោកសុខ សម្បត្តិ បញ្ជាក់ថា បច្ចប្បន្នការអភិវឌ្ឍរបស់ប្រទេសជាតិមានការរីកចម្រើនលើ គ្រប់វិស័យក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះផលប្រយោជន៍របស់ ប្រជាពលរដ្ឋ ដោយសម្ដេចតែងតែទម្លាក់ថវិកាពីមួយឆ្នាំទៅមួយឆ្នាំឲ្យមកថ្នាក់ សង្កាត់កើនឡើងជានិច្ច ដើម្បីតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកបន្ថែមថា ចាប់ពីថ្ងៃនេះពេលនេះទៅ យើងត្រូវចូលរួមលប់បំបាត់ ភាពក្រីក្រនិងភាពល្ងង់ខ្លៅជាមួយគ្នា ដោយប្រជាពលរដ្ឋទាំងអស់ ត្រូវប្រើទឹកស្អាតនិងបញ្ជូនកូនទៅសាលារៀនឲ្យបានគ្រប់គ្នា ដើម្បីអភិវឌ្ឍប្រទេសជាតិយើង អោយបានរុងរឿងជាលំដាប់។ គួរបញ្ជាក់ថា អំណោយផ្តល់ជូនប្រជាពលរដ្ឋនាពេលនោះរួមមានអង្ករ ៣០គីឡូក្រាម និងថវិកាចំនួន១០,០០០រៀលផងដែរ៕