ក្រុមអ្នកវិនិយោគគិនចិន ចូលរួមលេងកំសាន្តសប្បាយ អង្គរសង្រ្កាន្ដ នៅវត្តសុវណ្ណរាសីរតនារាម

0
2954

ភ្នំពេញ ៖ អង្គរសង្រ្កាន្ដជារៀងរាល់ឆ្នាំ បានផ្ដោតសំខាន់ទៅលើការ ចូលរួមរបស់មហាគ្រួសារខ្មែរ តាម រយៈការពូនផ្ដុំគ្នា ធ្វើកម្មវិធីសប្បាយភាពជាច្រើន ដែលជាល្បែងជាប្រិយ៍ ដែលបន្សល់ទុករបស់ដូនតាខ្មែរ នៅតាមទីប្រជុំជន សាលារៀន និងវត្តអារាមនានា ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញនូវទឹកចិត្ដស្រលាញ់គ្នា នៃមហាគ្រួសារខ្មែរ ។ ប៉ុន្តែឆ្នាំនេះ គេឃើញមានក្រុមអ្នកវិនិយោគចិន ដែលមករកស៊ីនៅស្រុកខ្មែរ បានចូលរួមលេងកំសាន្តយ៉ាងសប្បាយរីករាយក្នុងកម្មវិធីសង្រ្កាន្ត នៃពិធីបុណ្យចូលឆ្នាំតាមប្រពៃណីខ្មែរ ជាមួយប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ដោយមានការផ្តួចផ្តើមពី ព្រះគ្រូចៅអធិការសុវណ្ណរាសីរតនារាម (ហៅវត្តសំរោងកណ្តាល) ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែមេសាឆ្នាំ២០១៩។

ព្រះធម្មវិសុទ្ធិវង្ស អ៊ូ សុខអេង ព្រះចៅអធិការវត្តសំរោងកណ្តាលបានមានសង្ឃដិកាថា      សង្រ្កាន្ដបង្កើតឡើង ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព និងការរស់នៅរបស់ប្រជាជន ដែលមានឬស្សគល់យ៉ាងជ្រៅ មានវប្បធម៌ អរិយធម៌ សិល្បៈយ៉ាងល្អផូផង់របស់ដូនតាខ្មែរ។

ខណៈព្រឹត្ដិការឆ្នាំនេះ ក៏បានរៀបចំសួនកំសាន្ត ដែលមានការតុបតែងភ្លើងចម្រុះពណ៌ ដែលលម្អទៅដោយរូបនិមិត្ដ និងផ្កាភ្ញី ដែលតំណាងឲ្យទេវតាឆ្នាំថ្មី ជាពិសេស មានបង្ហាញនូវឧបករណ៍កសិកម្មបែបបុរាណរបស់ប្រជាជនខ្មែរទៀតផង។

ព្រះគ្រូចៅអធិការបន្ដថា ឆ្នាំនេះកម្មវិធី សង្រ្កាន្ដ បាននាំមកនៅកម្មវិធីប្រចាំថ្ងៃជាច្រើន ដូចជាកម្មវិធីសាសនា ពិធីបួសួង សុំសេចក្ដីសុខ ល្បែងកំសាន្ត វាយក្អម បោះឈូង លោតបាវ រាំវង់មិត្ដភាព ល្បែងប្រជាប្រិយ តាមបែបសិល្បៈវប្បធម៌បុរាណ ទៅវត្ដ និងពូនភ្នំខ្សាច់ និងពិធីទទួលទេវតាឆ្នាំថ្មីជាដើម។

លោក ឧកញ៉ា ឆាវ អ៊ីនទ័រ និងលោកជំទាវ ដែលបានដឹកនាំ ក្រុមប្រតិភូមកពីប្រទេសចិន មកលេងកំសាន្តសប្បាយនៅទីនោះ បានលើកឡើងថា លោកពិតជាចូលចិត្តប្រជាជនកម្ពុជា ខ្លាំងណាស់ ជាជាតិសាសន៍មួយដែលមានវប្បធម៌ សីលធម៌ ទំនាមទំលាប់និងប្រពៃណី យ៉ាងល្អ។ កន្លងមកលោកធ្លាប់បានចូលរួមកម្មវិធីវប្បធម៌ជាច្រើនជាមួយថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ជាពិសេសកម្មវិធីសង្រ្កាន្ដនេះតែម្តង លោកព្រមទាំងក្រុមគ្រួសារ និងសហការីពិតជាសប្បាយរីករាយមែនទែន ហើយនឹងចូលរួមលេងសប្បាយជាមួយប្រជាជនខ្មែរជារៀងរាល់ឆ្នាំ។

លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យដែនដីនគរូបនីយកម្ម និងសំណង់ខណ្ឌព្រែកព្នៅ ដែលបានមកចូលរួមក្នុងកម្មវិធីនេះផងដែរនោះ បានសម្តែងនូវការស្វាគមយ៉ាងកក់ក្តៅចំពោះក្រុមប្រតិភូរបស់អ្នកវិនិយោគគិនចិន ដែលបានមកចូលរួមកម្មសង្រ្កាន្តនៅទីនេះ ដែលបង្ហាញឱ្យឃើញពីការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តការ យ៉ាងល្អបំផុតរវាងប្រជាជន និងប្រទេសទាំងពី កម្ពុជា-ចិន។

សូមបញ្ជាក់ថា ពិធីចូលឆ្នាំ ឆ្នាំនេះ បានប្រព្រឹត្តឡើងកាលពីរសៀលថ្ងៃ អាទិត្យ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសក រាជ ២៥៦៣ សង្ក្រាន្ត ចូលមកនៅថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស.២០១៩ វេលាម៉ោង១៥និង១២នាទី។ ពិធីបុណ្យដ៏ធំរបស់ជាតិខ្មែរនេះ ត្រូវប្រារព្ធឡើង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា។ ឆ្នាំថ្មី ព្រះអង្គនាមគ្គនាយិកា ព្រះនាម ទុស្សទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម។រណ្តាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះ មួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ មានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួនចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូនិងទឹកស្អាតពីរកែវផងដែរ៕

Facebook Comments
Loading...