ភ្នំពេញ ៖ វគ្គផ្តាច់ព្រ័ត្រកីឡាករជើងខ្លាំងវ័យក្មេង ឡុង សំណាង អ្នកប្រដាល់នៃក្លិបសាលវ័ន្តកីឡា ឡើងដណ្តើមខ្សែក្រវាត់និងកីឡាករថៃភិតសាយហ្វា ស.ច វីឈិតប៉ែតទីវ ខណៈកីឡាករផាន់ គ្រាន់ អ្នកប្រដាល់របស់ក្លិបពោធិសែនជ័យកីឡា ឡើងជួបកីឡាករឌុម កែវដា អ្នកប្រដាល់មកពីក្លិបម្កុដរាជសីហ៍ ដណ្តើមយកលេខ៣ លើសង្វៀនស៊ីអ៊ិនស៊ី នាថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ២០១៩នេះ។
កីឡាករជើងខ្លាំងវ័យក្មេង ឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ក្រុមអ្នកតាមដានកីឡាប្រដាល់និយាយថា កីឡាករ ឡុង សំណាង មួយរយៈចុងក្រោយនេះកំពុងក្តោបក្តាប់សំណាងឈ្នះម្តងហើយម្តងទៀត ស្ទើរតែគ្រប់ការប្រកួតតែម្តង ខណៈដែលសំណាងដែលកីឡាកររូបនេះទទួលបាននោះ គឺមិនមែនបានដោយភាពចៃដន្យនោះទេ ប៉ុន្តែគឺបានមកពីសមត្ថភាពពិតៗតែម្តង។ គូប្រកួតទាំងជើងចាស់ និងជើងថ្មី សុទ្ធតែទទួលស្គាល់ថាឡុង សំណាង ពិតជាពិបាកផ្តួល និងកំពុងធ្វើឱ្យពួកគេក្លាយជាអ្នកចាញ់ជាបន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិនិងអន្តរជាតិ។ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់នេះ បើនូវអាចបញ្ចេញស្នៀតដូចកាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលយកឈ្នះលើកីឡាករផាន់ គ្រាន់ នោះគេមានសង្ឃឹមឈ្នះច្រើនលើកីឡាករថៃភិតសាយហ្វា ស.ច វីឈិតប៉ែតទីវ ដែលបានយកឈ្នះលើកីឡាករឌុម កែវដា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរនោះ។ ចាំមើលរវាងកីឡាករឡុង សំណាង និងកីឡាករថៃភិតសាយហ្វា ស.ច វីឈិតប៉ែតទីវ នរណាជាអ្នកគ្រងខ្សែក្រវាត់នេះ?។
ដោយឡែកកីឡាករផាន់ គ្រាន់ ជួបជាមួយកីឡាករឌុម កែវដា ត្រូវបានអ្នកតាមដានអះអាងថា មានភាគរយឈ្នះច្រើនលើកីឡាករឌុម កែវដា ព្រោះផាន់ គ្រាន់ គេជាអ្នកប្រដាល់ជោកជាំជាមួយនឹងសង្វៀនមុនកីឡាករឌុម កែវដា ណាមួយឌុម កែវដា គេមិនសូវមានស្នៀតខ្លាំងណាមួយដូចផាន់ គ្រាន់ ឡើយ។
កីឡាករផាន់ គ្រាន់ស្នៀតខ្លាំងរបស់គេគឺកណ្តាប់ដៃ និងជង្គង់ផងដែរ ក៍ប៉ុន្តែគ្រាន់តែគេមានកម្ពស់រាងទាបបន្តិចប៉ុណ្ណោះ តែយ៉ាងណារវាងកីឡាករកម្ពុជាទាំងពីររូបនេះ បើអ្នកណាវាយរៀងមើលងាយគូប្រកួតនោះច្បាស់ជាចាញ់ជាក់ជាមិនខាន។ ចាំមើលកីឡាករផាន់ គ្រាន់ និងកីឡាករឌុម កែវដា នណាជាអ្នកឈ្នះទទួលបានចំណាត់ថ្នាក់លេខ៣ខ្សែក្រវាត់ទម្ងន់៦៣.៥គីឡូក្រាមនេះ?៕