ភ្នំពេញ ៖ កីឡាករព្រំ សំណាង អ្នកប្រដាល់កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ឡើងសាកវិជ្ជាគុនជាមួយកីឡាករមកពីប្រទេសម៉ារ៉ុកឈ្មោះOuach Nabil ខណៈកីឡាករវៀត ប៊ុនឌឿន អ្នកប្រដាល់នៃសមាគន៍កីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវជួបប្រកួតជាមួយកីឡាករឡាវចៅសងមឿង ស៊ីត.គ្រូលែ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៣ ខែមីនា ឆ្នាំ២០១៩នេះ។
កីឡាករព្រំ សំណាង ជួបជាមួយកីឡាករមកពីប្រទេសម៉ារ៉ុកឈ្មោះOuach Nabil ក្នុងប្រភេទទម្ងន់ធ្ងន់គឺ៧៥គីឡូក្រាម រវាងអ្នកទាំងពីរមិនទាន់មានប្រភពណាបញ្ជាក់ថាពួកគេធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករមកពីប្រទេសម៉ារ៉ុកឈ្មោះOuach Nabil ម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុនណានោះដែរ តែកីឡាករម្នាក់នេះហាត់នៅប្រទេសថៃដូចនេះពួកគេខ្លាំងខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
ចំណែកព្រំ សំណាង បច្ចប្បន្នគេជាកីឡាករដែលមានស្នៀតប្រយុត្តិល្អ គឺពេលវាយសំណាងគ្រាន់តែលើកជើងធាក់ ក៏គូប្រកួតពិបាកទប់ដែរពិសេសស្នៀតដាល់ត្រង់ៗ និងស្នៀតកែងវាយទៅលើ គូប្រកួតដែលប្រកបដោយគ្រោះថ្នាក់បំផុត។ ការប្រកួតកន្លងមកបើទោះបីព្រំ សំណាង ការដាល់របស់គេមិនអស្ចារ្យក៏ពិតមែន ប៉ុន្តែ សំណាងមានកាយសម្បទាល្អ ខ្ពស់ ដៃជើងវែង ដែលជាការអំណោយផលដល់ការប្រកួតណាស់។ ចាំមើលព្រំ សំណាង និងកីឡាករOuach Nabil នេះនរណាជាអ្នកឈ្នះ?។
ដោយឡែកកីឡាករ ប៊ុនឌឿន ត្រូវជួបជាមួយកីឡាករឡាវចៅសងមឿង ស៊ីត.គ្រូលែ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម កីឡាករទាំងពីរនាក់នេះមិនធ្លាប់ជួបគ្នាទេកាលកន្លងមក តែកីឡាករឡាវម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកមកហើយមានឈ្នះមានចាញ់ជាមួយកីឡាករកម្ពុជា ស្នៀតខ្លាំងរបស់គេទាត់កាត់ និងជង្គង់ ដែលអាចប្រើប្រយោលក៍បានចូលគៀកក៍បាន។
ចំណែកកីឡាករវៀត ប៊ុនឌឿន គេជាកីឡាករមិនខ្លាំងណាស់ណាទេតែក៍មិនខ្សោយណាស់ណាដែរ គេជាអ្នកប្រដាល់មួយរូបលំបាកបង្ក្រាបហើយក៏ មិនព្រមចុះចាញ់គូប្រកួតដោយងាយស្រួលៗនោះដែរ ព្រោះគេមានចិត្តប្រដាល់ធំ ហើយចេះប្រើបានគ្រប់ស្នៀត បើទោះបីជាគេមិនខ្លាំងស្នៀតណាដោយពិតប្រាកដក៍ដោយ ការប្រកួតរវាងវៀត ប៊ុនឌឿន និងកីឡាករឡាវចៅសងមឿង ស៊ីត.គ្រូលែ ត្រូវអ្នកតាមដានប្រដាល់លើកឡើងថា គូនេះសង្ឃឹមហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើលវៀត ប៊ុនឌឿន ជាអ្នកឈ្នះឬកីឡាករឡាវចៅសងមឿង ស៊ីត.គ្រូលែ?៕