ភ្នំពេញ ៖ តើកីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបង ជាអ្នកលើកពានរដូវកាលទី៣ ឬកីឡាករតាញ់ មករា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ខណៈកីឡាករថៃភិតប៊ុនមី ប៉.យុទ្ធភូមិ និងកីឡាករថៃភូតាក់វ៉ាន់ បែឡេបុរីរ៉ាំ ជួបគ្នាដណ្តើមយកលេខ៣ នាថ្ងៃអាទិត្យទី០៦ ខែមករា ឆ្នាំ២០១៩នេះ នៅលើសង្វៀនស៊ីអិនស៊ី។
ក្នុងការជួបគ្នាដណ្តើមពានរវាងកីឡាករឈុត សេរីវ៉ាន់ថង និងកីឡាករតាញ់ មករានេះមិនមានអ្នកណាហ៊ានទស្សទាយមុនថាកីឡាករមួយណាជាអ្នកឈ្នះនោះទេ ព្រោះកីឡាករកម្ពុជាទាំងពីរនាក់ ជាអ្នកប្រដាល់ជើងថ្មីដែលទើបចូលប្រឡូកលើសង្វៀនដូចគ្នា ហើយកំពុងឡើងកូដដូចគ្នា ដែលអ្នកតាមដានកីឡាប្រដាល់កម្ពុជាកំពុងតែចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់កីឡាកររូបនេះ ដែលឡើងប្រកួតម្តងៗធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។
ស្នៀតខ្លាំងរបស់ឈុត សេរីវ៉ាន់ថង និងតាញ់ មករា មិនលើសខ្វះគ្នាប៉ុន្មាននោះទេ ពិសេសគឺកណ្តាប់ដៃនិងកែង ដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយជាស្នៀតធ្លាប់ផ្តួលគូរប្រកួតទៀតផង។ ការប្រកួតក្នុងវគ្គជម្រុះ៤ប្រកួតកន្លងមកឈុត សេរីវ៉ាន់ថង គេឈ្នះទាំង៤ប្រកួត ចំណែកតាញ់ មករា វិញក្នុងវគ្គជម្រុះ៤ប្រកួតគេឈ្នះ៣ប្រកួតនិងចាញ់១ប្រកួត ហើយឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពួកគេបានយកឈ្នះលើកីឡាករថៃដូចគ្នា ហើយបានឡើងមកវគ្គផ្តាច់ព្រ័ត្រដណ្តើមពាននេះតែម្តង។ ចាំមើលរវាងកីឡាករជើងថ្មីទាំងពីរ ឈុត សេរីវ៉ាន់ថង និងកីឡាករតាញ់ មករា នរណាជាអ្នកឈ្នះទទួលបានពានកំពូលអ្នកប្រយុត្តកណ្តាប់ដៃដែកISI PALM រដូវកាលទី៣នេះ?។
ដោយឡែកកីឡាករថៃភិតប៊ុនមី ប៉.យុទ្ធភូមិ និងកីឡាករថៃភូតាក់វ៉ាន់ បែឡេបុរីរ៉ាំ ជួបគ្នាដណ្តើមយកលេខ៣ គូរនេះក៍គ្នាននរណាអៈអាងថាកីឡាករមួយណាជាអ្នកឈ្នះនោះទេ ព្រោះកីឡាករថៃជួបគ្នាមិនសូវបញ្ចេញសមត្ថភាពឲ្យអស់នោះឡើយ ដោយពួកគេវាយយោគយល់គ្នា។ ចាំមើលកីឡាករថៃភិតប៊ុនមី ប៉.យុទ្ធភូមិ និងកីឡាករថៃភូតាក់វ៉ាន់ បែឡេបុរីរ៉ាំ នរណាជាអ្នកឈ្នះទទួលបានលេខ៣?៕