លោកយស់ បូវណ្ណៈ ថាតួសម្តែងរលកក្រោយត្រូវចេះរួមគ្នាហើយកុំកើតជំងឺតួឯកមិនមានអ្វីប្រសើរឡើយ

0
1950

ភ្នំពេញ ៖ លោកយស បូវណ្ណៈ បានលើកឡើងថា តួសម្តែងរលកក្រោយត្រូវចេះរួមគ្នាហើយកុំកើតជំងឺតួឯកមិនមានអ្វីប្រសើរឡើយ ការលើកឡើងបែបនេះនៅខណៈដែលលោកបានត្រឡប់មកកាន់កម្ពុជាសាជាថ្មីដើម្បីមកថតរឿងដុំមួយជូនផលិតកម្មមហាហង្សរឿង«លោកឪពុក» ហើយលោកបានបង្ហាញក្តីរីករាយពន់ពេកដែលបានបង្ហាញស្នាដៃជូនទស្សនិកជន។
នាឱកាសមកដល់កម្ពុជាសារជាថ្មីត្រូវបានការរៀបចំពីផលិតកម្មមហាហង្សដោយបានចាត់ចែងកម្មវិធីយ៉ាងឱឡារិកកក់ក្តៅជូនលោកបូវណ្ណៈ។គេឃើញមានរៀបចំពិធីជប់លៀងអាហារថ្ងៃត្រង់ជាមួយការជួបជុំអ្នកសិល្បៈថ្មីចាស់យ៉ាងច្រើនរួមមានអ្នកនាងចន ច័ន្ទលក្ខិណា អ្នកស្រីចាន់ តារាទី លោកអិន សុភិន ភិន សុដាលីស ភឹម តារាវិបុល ភីយ៉ា អូន ឧស្សាហ៍ យុទ្ឋ ឋានៈ លីលី ព្រមទាំងតារាមួយចំនួនទៀតផងដែរ។
លោកយស បូវណ្ណៈបានប្រាប់ថារឿង«លោកឪពុក»គឺជាសាច់រឿងប្រកបដោយការដាក់អារម្មណ៍ខ្ពស់មានការសម្តែងខ្លាំងដែលនិយាយពីសង្គមកម្ពុជា។អ្វីដែលលោកសប្បាយចិតត្តបានសម្តែងជាមួយតួថ្មីចាស់ពិសេសជាមួយចាន់ តារាទីនិងអរគុណដល់ផលិតកម្មមហាហង្សបានគាស់កកាយតួចាស់ៗជំនាន់មុនមកសម្តែង។លោកថាយើងសិល្បៈករត្រូវរួមគ្នាចេះស្រឡាញ់កុំគិតរលមុនរលកក្រោយ។យើងចាត់ទុករលមុនជាគ្រូជាផ្លូវត្រួសត្រាយហើយរៀនសូត្របន្តកុំគិតតម្កើងខ្លួនឬមានជំងឺតួឯក។ប្អូនៗសំណាងណាស់ដែលបានថតជាមួយប្រភេទកាម៉ារ៉ាទំនើបៗប្រទេសជាតិជឿនសម័យបងៗវិញគឺកម្សត់ណាស់។
ចាកចេញពីទឹកដីកំណើតជាង១០ឆ្នាំទៅរស់នៅសហរដ្ឋអាមេរិក លោក យស បូវណ្ណៈ នៅតែបន្តរក្សាទំនាក់ទំនងជាមួយអ្នកសិល្បៈ និងផលិតករដដែល បើទោះបីជាលោកបានផ្អាកទទួលយកការងារសិល្បៈក៏ដោយ។ លោកតែងបង្ហាញវត្តមានជាញឹកញាប់ក្នុងកម្មវិធីជួបជុំរបស់អ្នកសិល្បៈ ពិសេសកម្មវិធីដែលមានវត្តមានសិល្បករពីកម្ពុជាទៅច្រៀងរាំជូនជនជាតិខ្មែរស្តាប់ និងរាំលេងកម្សាន្តនោះ។
លោកធ្លាប់ចូលរួមសម្តែងរឿងល្បីមួយចំនួនក្នុងសម័យកាលនោះមានដូចជារឿង “បិទភ្នែកហែកទ្រូង” (សម្ដែងជាមួយ អ្នកនាង អម្ពរ ទេវី ),រឿង “ព្រាននារីអស់លក្ខណ៍” (សម្ដែង ជាមួយ អ្នក នាង អ៊ុ សុវណ្ណនី) , រឿង “ទាសីស្នេហ៍” (សម្តែងរួមជាមួយ ចាន់តារាទី) និងក្រោយៗមកទៀត ជាមួយ អ្នកនាង សុខ ស្រីមុំ, កែវ កល្យាណ និងតារាៗល្បីៗជាច្រើនទៀត។ភាពយន្តដែលធ្វើឲ្យទស្សនិកជនចងចាំលោកមិនភ្លេចនោះគឺរឿង”ព្រានព្រៃដំរីដេញ”ដែលបានចាប់ដៃគូសម្ដែង ជាមួយនឹងលោកស្រី កែវ កល្យាណ៕

Facebook Comments
Loading...