គឹម វាសនា និងលិញ ភារម្យ ឡើងសាកកណ្តាប់ដៃនិងកីឡាករថៃ ខណៈពុយ វណ្ណៈ ជួបកីឡាករអ៊ីរ៉ង់

0
1775

ភ្នំពេញ ៖ កីឡាករជើងខ្លាំងគឹម វាសនា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេស​ឆ័ត្រយោង​៩១១ ត្រូវគេផ្គូផ្គងឲ្យជួបជាមួយកីឡាករថៃCHHang Soek Keat Thongrith រីឯកីឡាករលិញ ភារម្យ អ្នកប្រដាល់ភារម្យគុនខ្មែរ ជួបកីឡាករថៃPhat norng Bee ខណៈកីឡាករពុយ វណ្ណៈ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិសាត់ជួបជាមួយ​កីឡាករជន​ជាតិ​អ៊ីរ៉ង់Shirkhani Shahab នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ការជួបគ្នារវាងកីឡាករគឹម វាសនា និងកីឡាករថៃCHHang Soek Keat Thongrith ប្រកួតគ្នាក្នុង​ប្រ​ភេទទម្ងន់៦៧គីឡូក្រាម អ្នកទាំងពីរមិនដែលធ្លាប់​ជួបគ្នាទេនាពេលកន្លងមក​នៅសង្វៀននេះ កីឡាករថៃម្នាក់នេះមិនទាន់ដឹងថា គេមាន​កណត់ត្រាប្រកួតបែបណានោះទេ តែកី​ឡា​ករថៃភាគច្រើនគេពូកែខាងស្នៀតជើងទាត់ និង​ជង្គង់ ព្រមទាំងស្នៀតកាច់ផ្តួល។ ទោះជា​យ៉ាង​​ណា អ្នក​ប្រដាល់​ថៃCHHang Soek Keat Thongrith ​រូបនេះ មិន​ប្រាកដថា​អាច​ឈ្នះ​ គឹម វាសនា បាននោះឡើយ ព្រោះថា​ គឹម វាសនា​ ពេល​នេះគេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ បន្ទាប់ពី​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លងមកនេះ។

គឹម វាសនា ឥឡូវ​គេ​ជា​ជើង​ខ្លាំង​របស់​កម្ពុជា ​ក្នុង​ប្រភេទ​ទម្ងន់​ ៦៧គីឡូក្រាម​នេះផងដែរ។ ​ក្រោយ​ពេលឆ្លងកាត់​ការប្រកួត​ជាមួយ​ថៃ​ជាច្រើនលើក​កន្លងមក​នោះ បានធ្វើ​ឲ្យ​គេមានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​ថៃ ​ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អីចឹង គឺគ្មាន​ញញើត​ខ្លាចរអា​អ្វី​បន្តិច​ឡើយ។ ការប្រកួតរបស់គឹម វាសនា កន្លងមកគេមាន​កណ្តាប់ដៃ​ល្អ វាយ​ចេញ​ចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀតផងដែរ។ ចាំមើលការប្រកួតនេះ​ គឹម វាសនា និងកីឡាករថៃCHHang Soek Keat Thongrith​តើន​រណាជាអ្នក​ឈ្នះ​?។

ចំណែកកីឡាករពុយ វណ្ណៈ ជួបជាមួយកីឡាករ​អ៊ីរ៉ង់Shirkhani Shahab ក្នុងប្រភេទ​ទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំង២មិនដែលជួបគ្នាទេពីមុនមក តែយ៉ាងណាកីឡាករថៃគេរឹងមាំ កម្លាំងស៊ុហ្វខ្លាំង និងស្នៀតជើងទាត់ ជង្គង់របស់គេវាយចេញរហ័សនិងខ្លាំងទៀតផង។ រីឯ​កី​ឡាករពុយ វណ្ណៈ គេជាកីឡាករជើងថ្មីតែស្នៀតប្រយុត្តរបស់គេល្អ ពិសេសគឺស្នៀតកណ្តាប់ដៃ និងជង្គង់តែម្តង ដែលអាចវាយប្រយោលក៍បានចូលគៀកក៍បាន ដោយប្រើបានលឿន ហើយ​ធ្ងន់ថែមទៀត។ ចាំមើលក្នុងការប្រកួតនេះកីឡាករពុយ វណ្នៈ អាចយកឈ្នះលើកីឡាករ​អ៊ីរ៉ង់Shirkhani Shahab បានដែរឬយ៉ាងណា?។

ដោយឡែកកីឡាករលិញ ភារម្យ ត្រូវជួបជាមួយកីឡាករថៃPhat norng Bee ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជាជាច្រើនលើកមកហើយ ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។ ចំណែកកីឡាករលិញ ភារម្យ គេជាកីឡាករជើងថ្មីកំពុងធ្វើអោយអ្នកតាមដានប្រដាល់ចាប់អារម្មន៍ចំពោះស្នៀតប្រយុទ្ធរបស់គេ ការប្រកួតកន្លងមកគេប្រើបានទាំងដៃទាំងជើងតែម្តងលិញ ភារម្យ គេជាអ្នកស្រករក្រោយមែនតែចិត្តរបស់គេធំខ្លាំងណាស់មិនតែប៉ុណ្ណោះ គេវ៉ៃដោយហ៊ានប្ដូរកែងជាមួយគូប្រកួតដោយគ្មានញញើតទៀតផង។ ចាំមើលរវាងកីឡាករលិញ ភារម្យ និងកីឡាករថៃកីឡាករPhat norng Bee នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...