ពិព័រណ៍ទេសចរកម្ពុជាអន្តរជាតិលើកទី២ ឆ្នាំ២០១៨នេះ និងធ្វើនៅកោះពេជ្ររាជធានី​ភ្នំពេញ

0
1194

ភ្នំពេញ ៖ មានអ្នកចូលរួមច្រើនជាងលើកទី១ ជិត៥៦%, មានស្ដង់ផលិតផលទេសចរណ៍សរុប១៧៣ស្ដង់ ក្នុងពិព័រណ៍ទេសចរកម្ពុជាអន្តរជាតិ(Cambodia Travel Mart= CT M) លើកទី២ ឆ្នាំ២០១៨នេះ នឹងបើកជាផ្លូវការនឹងប្រារព្ធឡើនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ​ខាងមុខ នៅកោះពេជ្រ រាជធានី​ភ្នំពេញ ។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិព័រណ៍ទេសចរកម្ពុជាអន្តរជាតិ (CTM) លើកទី២ នៅទីស្តីការក្រសួងទេសចរណ៍ ថា មកដល់ពេលនេះមានស្ដង់ ប្រមាណ១៧៣ស្ដង់ហើយ ដែលសម្រេចចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយបើគិតទាំងប្រតិភូជាអ្នកទិញ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធដទៃទៀតផងនោះ ឃើញថា CTM លើកទី២ មានអ្នកចូលរួមច្រើនជាង CTM លើកទី១ ដល់ទៅជិត ៥៦% ឯណោះ។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា ក្នុងចំណោមស្ដង់ផលិតផលទេសចរណ៍ទាំង១៧៣ស្ដង់ខាងលើ មានស្ដង់របស់ប្រត្តិបត្តិករទេសចរណ៍ក្នុងស្រុក ៧៦% និងស្តង់របស់ដៃគូអន្តរជាតិ ២៤% ដែលសរុបជារួមមានការកើនឡើង ៥៥.៩% បើធៀបនឹងព្រឹត្តិការណ៍ CTM លើកទី១ កាលពីឆ្នាំ២០១៧ នៅខេត្តសៀមរាប។

សម្រាប់ស្ដង់ក្នុងស្រុក នឹងមានការបង្ហាញពីផលិតផលទេសចរណ៍ជាច្រើន ដូចជា សណ្ឋាគារមានចំនួន ២០ស្ដង់ ភ្នាក់ងារ និងប្រតិបត្តិករទេសចរណ៍មានចំនួន ៣៥ស្ដង់ អាកាសចរណ៍មានចំនួន ១៨ស្ដង់ សហគមន៍​មានចំនួន ៣ស្ដង់ និងរមណីយដ្ឋាន បញ្ជរទេសចរណ៍ និងផលិតផលទេសចរណ៍ដទៃ ២៦ស្ដង់។ សម្រាប់ដៃគូអន្តរជាតិមានមកពី កូរ៉េខាងត្បូង ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន ចិន ឥណ្ឌូណេស៊ីជាដើម។

ចំណែកប្រតិភូជាអ្នកទិញអន្តរជាតិ ដែលនឹងចូលរួមក្នុងពិព័រណ៍ CTM លើកទី២ មានចំនួន ១០០នាក់ មកពី៦០ប្រទេស និងប្រព័ន្ធផ្សព្វផ្សាយមានសារព័ត៌មានចំនួន ២២នាក់ មកពី១៩ប្រទេស បើគិតត្រឹមថ្ងៃទី២៦ ខែកញ្ញា។

ចំពោះកម្មវិធីនានាដែលនឹងរៀបចំក្នុងពិព័រណ៍ CTM លើកទី២នោះ រួមមាន៖នាយប់ថ្ងៃទី១០ ខែតុលា មានពិធីជួបជុំពិសាភោជនាហារ និងភេជ្ជៈ ជាមួយប្រតិភូជាតិ-អន្តរជាតិពាក់ព័ន្ធនានា។ នាព្រឹកថ្ងៃទី១១ ខែតុលា មានពិធីកាត់ខ្សែបូបើកពិព័រណ៍ CTM លើកទី២ជាផ្លូវ ហើយក៏មានការធ្វើបទបឋកថា បទបង្ហាញនានាពីវេគ្មិនជាតិ-អន្តរជាតិ និងអ្នកជំនាញល្បីៗលើពិភពលោក។ ក្រៅពីនេះមានរៀបចំសិក្ខាមួយស្ដីពី ទីផ្សារឌីជីថល (Digital Marting) ក្នុងវិស័យទេសចរណ៍។យប់ថ្ងៃទី១១ ខែតុលា មានពិធីជប់លៀងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រ។ ក្នុងពិធីនេះ ក៏មានការជូនរង្វាន់ដល់ក្រុមហ៊ុនទេសចរណ៍ដែលមានស្នាដៃល្អ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនលើវិស័យទេស​ចរណ៍ និងទីភ្នាក់ងារទេសចរណ៍ ដែលបានរៀបចំកញ្ចប់ទស្សនិកិច្ចជូនភ្ញៀវ ប្រកបដោយការពេញចិត្តខ្ពស់។ មួយវិញទៀត ក៏មានការជូនរង្វាន់ដល់រមណីយដ្ឋានគំរូផងដែរ។ចំណែកពិធីបិទព្រឹត្តិការណ៍ពិព័រណ៍ CTM លើកទី២នេះ នឹងធ្វើឡើងនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។

លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលមានផលិតផលទេសចរណ៍ និងសេវាទេសចរណ៍ អញ្ជើញមកចូលរួមពិព័រណ៍អន្តរជាតិនេះបន្ថែមទៀត ដើម្បីបង្ហាញពីផលិតផលរបស់ខ្លួន ទៅកាន់ភ្ញៀវទេសចរអន្តរជាតិឱ្យកាន់តែទូលំទូលាយ។

គួរបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិនេះ ត្រូវបានធ្វើឡើងម្ដងរួចមកហើយ កាលពីឆ្នាំ២០១៧ នៅខេត្តសៀមរាប ជាមួយវត្តមានឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, លោករដ្ឋមន្ត្រី ថោង ខុន, រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា, អភិបាលខេត្តសៀមរាប, ស្ថាប័នទេសចរណ៍ជាតិ, អ្នកទិញ, អ្នកលក់ ភ្នាក់ងារសារព័ត៌មានជាតិ មកពី៦០ប្រទេស៕

Facebook Comments
Loading...