ខណ្ឌព្រែកព្នៅ និងក្លាយជាទីក្រុងកោះពេជ្រទី២

0
16092

ភ្នំពេញ ៖ ប្រទេសកម្ពុជា ជាប្រទេសស្ថិតក្នុងសុខសន្តិភាព ឯកភាពទឹកដី ឯកភាពជាតិ ស្ថិរភាពនយោបាយរឹងមាំ ការប្រកាត់ខ្ជាបឥតងាករេនូវគោលការណ៍លទ្ធិប្រជាធិប្បត័យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស នៅក្រោមដំបូលរដ្ឋធម្មនុញ និងច្បាប់រាជរដ្ឋាភិបាល បានធានាជាប់ជាប្រចាំនូវប្រក្រតីភាពនៃដំណើរទៅមុខនៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលបានបន្តជំរុញការកែទម្រង់ស្ថាប័នឲ្យមានសន្ទុះជាថ្មី មុតស្រួច និងកាន់តែស៊ីជម្រៅលើគ្រប់ផ្នែក និងគ្រប់វិស័យ ក្នុងគោ​លដៅបង្កើត និងកែលម្អការផ្តល់គុណភាពសេវាសាធារណៈប្រក​ប​ដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ទិភាព។

ទាំងនេះគឺជាថ្លែងរបស់លោកស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ ក្នុងការធ្វើបទបង្ហាញប្លង់គោលប្រើប្រាស់ដីខណ្ឌព្រែកព្នៅចក្ខុវិស័យឆ្នាំ២០៣៥ ដាក់ជូនក្រុមប្រឹក្សាអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណ​ត្តិទី២ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខណ្ឌព្រែកព្នៅ។

លោកបានលើកឡើងទៀតថា ផ្អែកតាមយុទ្ធសាស្ត្រចតុកោណដំ​ណា​ក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រាជរដ្ឋាភិបា​លកម្ពុជា ក្រោយការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការរៀបចំដែនដីនៃព្រះរាជាណចក្រកម្ពុជា សំដៅធានាថា ដែនដីនៅទូទាំងប្រទេស ត្រូវបានគ្រប់គ្រង ប្រើប្រាស់ការពារ និងអភិវឌ្ឍន៍ តាមរយៈការធ្វើសមាហរណកម្មនូវផែនការយុទ្ធសាស្ត្ររៀបចំដែនដី និងការធ្វើឲ្យរលូននូវវិធាន និងឧបករណ៍ចាំបាច់នានាតាមវិស័យប្រកបដោយភាពសុខដុមរមនានៅតាមតំបន់ភូមិសាស្ត្រនិមួយៗ។

លោកស៊ូ ស៊ីវុត្ថា បន្តថា ខណ្ឌព្រែកព្នៅត្រូវបានកំណត់ជាតំបន់កំពុងអភិវឌ្ឍក្នុងរាជធានីភ្នំពេញ ក្នុងចំណោមជាយក្រុងផ្សេងទៀត ដូចជា ខណ្ឌច្បារអំពៅ ខណ្ឌជ្រោយចង្វា ខណ្ឌពោធិសែនជ័យ។ល។ និងជាមជ្ឈមណ្ឌលវប្បធម៍ នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម ដែលមានការអភិវឌ្ឍប្រកបដោយសក្តានុពលប្រកួតប្រជែង និងនិរន្តភាពលើគ្រប់វិស័យ។

លោកបញ្ជាក់ថា ដោយមើលឃើញពីសក្តានុពលជាច្រើនក្នុងខណ្ឌព្រែកព្នៅ មិនយូប៉ុន្មានខណ្ឌព្រែកព្នៅនិងអភិវឌ្ឍយ៉ាងឆាប់រហ័ស​​ ហើយនិងក្លាយជាទីក្រុងកោះពេជ្រទី២ក្នុងរាជធានីភ្នំពេញ៕

Facebook Comments
Loading...