ភ្នំពេញ ៖ កីឡាករជើងខ្លាំងវ័យក្មេង ឡៅ ចន្ទ្រា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ឡើងតតាំងជាមួយកីឡាករថៃNoeng Trakarn ខណៈកីឡាករពូកែខាងលេងកណ្តាប់ដៃថុល មករា អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ត្រូវជួបជាមួយកីឡាករអ៊ីរ៉ងJavad Bigdeli នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ។
កីឡាករជើងខ្លាំងវ័យក្មេង ឡៅ ចន្ទ្រា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកែងនិងជង្គង់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ក្រុមអ្នកតាមដានកីឡាប្រដាល់និយាយថា កីឡាករ ឡៅ ចន្ទ្រា មួយរយៈចុងក្រោយនេះកំពុងក្តោបក្តាប់សំណាងឈ្នះម្តងហើយម្តងទៀត ស្ទើរតែគ្រប់ការប្រកួតតែម្តង ខណៈដែលសំណាងដែលកីឡាកររូបនេះទទួលបាននោះ គឺមិនមែនបានដោយភាពចៃដន្យនោះទេ ប៉ុន្តែគឺបានមកពីសមត្ថភាពពិតៗតែម្តង។ គូប្រកួតទាំងជើងចាស់ និងជើងថ្មី សុទ្ធតែទទួលស្គាល់ថាឡៅ ចន្ទ្រា ពិតជាពិបាកផ្តួល និងកំពុងធ្វើឱ្យពួកគេក្លាយជាអ្នកចាញ់ជាបន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិនិងអន្តរជាតិ។ ក្នុងការជួបប្រកួតជាមួយកីឡាករ ថៃNoeng Trakarn នេះក៍ត្រូវបានអ្នកវិភាគប្រដាល់អះអាងថា ឡៅ ចន្ទ្រា ប្រាកដជាឈ្នះទៀតជាក់ជាមិនខាន។ ចាំមើលកីឡាករឡៅ ចន្ទ្រា អាចយកឈ្នះលើកីឡាករ ថៃNoeng Trakarn ដូចអ្នកវិភាគប្រដាល់ដែរឬយ៉ាងណា?។
ដោយឡែកកីឡាករថុល មករា ជួបជាមួយកីឡាករអ៊ីរ៉ងJavad Bigdeli ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម ក៍ត្រូវបានអ្នកវិភគប្រដាល់អះអាងដែរថា ថុល មករា និងឈ្នះក្នុងការប្រកួតនេះ បើទោះជាពួកគេទាំងពីរមិនដែលធ្លាប់ជួបគ្នាក៍ដោយ ព្រោះកីឡាករអ៊ីរ៉ងJavad Bigdeli ដែលហាត់នៅប្រទេសថៃមិនខ្លាំងដូចកីឡាករថៃនោះទេ។
ថុល មករា ស្នៀតខ្លាំងរបស់គេកណ្តាប់ដៃ និងទាត់ជើងក្រោម គូប្រកួតទាំងកីឡាករបរទេស និងកីឡាករក្នុងស្រុកដែលបានប្រកួតជាមួយថុល មករា ហើយតែងតែនិយាយថាពួកគេឈឺខ្លួនមិនតិចថ្ងៃនោះទេ បើទោះជាបានយកឈ្នះលើថុល មករា ក៍ដោយ។ ចាំមើលរវាងថុល មករា និងកីឡាករអ៊ីរ៉ងJavad Bigdeli នរណាជាអ្នកឈ្នះ?៕