ភ្នំពេញ ៖ កីឡាករជើងខ្លាំង ឡុង សុវណ្ណឌឿន អ្នកប្រដាល់របស់ក្លិបសាលវ័ន្តកីឡា កៀកស្មានិងកីឡាករវៀត ប៊ុនឌឿន អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិឡើងស្វាគមន៍កីឡាករថៃNam Khakbuon និង Phit Nam Ek ដើម្បីសកស្នៀតគុនក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ នៅលើសង្វៀនស៊ីអិនស៊ី នារសៀលថ្ងៃអាទិត្យទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ។
កីឡាករឡុង សុវណ្ណឌឿន ជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Nam Khakbuon ដោយប្រកួតក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ដែលជាកីឡាករមានឈ្មោះល្បីនៅប្រទេសថៃហើអ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ។ សុវណ្ណឌឿន គេក៏ជាកីឡាករជើងខ្លាំងទម្ងន់ធ្ងន់មួយរូប ក្នុងចំណោមអ្នកប្រដាល់ជួមុខរបស់ប្រទេសកម្ពុជានាពេលបច្ចប្បន្ននេះ។
កីឡាករឡុង សុវណ្ណឌឿន គេជាអ្នកលេងស្នៀតកណ្តាប់ដៃ និងកែង រីឯស្នៀតជើងទាត់ និងជង្គង់របស់គេ ក៍ល្អហើយខ្លាំងថែមទៀត។ ប៉ុន្តែយ៉ាងណា សុវណ្ណឌឿន ក៏មានចំណុចខ្សោយខ្លះដែរ គឺត្រង់គេវាយចេញរាងយឺតបន្តិចប៉ុណ្ណោះ តែគេមានកម្លាំងពលំពេញ៥ទឹកមិនពិបាកឡើយ។
ឡុង សុវណ្ណឌឿន គេជាកីឡាករជើងចាស់និងខ្លាំងម្នាក់ដែលឡើងប្រកួតលើកណាក៏ពិបាករកដៃគូមកផ្តួលឱ្យគេចាញ់ពិន្ទុ ឬឱ្យសន្លប់នៅលើរេញណាស់។ អញ្ចឹងហើយទើបអ្នកស្នេហាកីឡាប្រដាល់ភាគច្រើននៅតែគាំទ្រកីឡាករឡុង សុវណ្ណឌឿន ថាជាកីឡាករដែលមានសក្តានុពល ហើយមានសមត្ថភាពគួរឱ្យសរសើរ ដោយម្នាក់ៗហាក់សម្តែងនូវទំនុកចិត្តចង់ទស្សនាយ៉ាងខ្លាំងនៅគ្រប់ ពេលកីឡាកររូបនេះឡើងរេញប្រកួតម្តងៗនោះ។ ចាំមើលកីឡាករឡុង សុវណ្ណឌឿន នឹងកីឡាករថៃ Nam Khakbuon នេះនរណាជាអ្នកឈ្នះ?។
ដោយឡែកកីឡាករ ប៊ុនឌឿន ត្រូវជួបជាមួយកីឡាករថៃPhit Nam Ekក្នុងប្រភេទទម្ងន់៦០គីឡូក្រាម កីឡាករទាំងពីរនាក់នេះមិនធ្លាប់ជួបគ្នាទេកាលកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកមកហើយមានឈ្នះមានចាញ់ជាមួយកីឡាករកម្ពុជា ស្នៀតខ្លាំងរបស់គេទាត់កាត់ និងជង្គង់ ដែលអាចប្រើប្រយោលក៍បានចូលគៀកក៍បាន។
ចំណែកកីឡាករវៀត ប៊ុនឌឿន គេជាកីឡាករមិនខ្លាំងណាស់ណាទេតែក៍មិនខ្សោយណាស់ណាដែរ គេជាអ្នកប្រដាល់មួយរូបលំបាកបង្ក្រាបហើយក៏ មិនព្រមចុះចាញ់គូប្រកួតដោយងាយស្រួលៗនោះដែរ ព្រោះគេមានចិត្តប្រដាល់ធំ ហើយចេះប្រើបានគ្រប់ស្នៀត បើទោះបីជាគេមិនខ្លាំងស្នៀតណាដោយពិតប្រាកដក៍ដោយ ការប្រកួតរវាងវៀត ប៊ុនឌឿន និងកីឡាករថៃPhit Nam Ek ត្រូវអ្នកតាមដានប្រដាល់លើកឡើងថា គូនេះសង្ឃឹមហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើលវៀត ប៊ុនឌឿន ជាអ្នកឈ្នះឬកីឡាករថៃPhit Nam Ek ?៕