ភ្នំពេញ ៖ កីឡាករជើងខ្លាំងឡុង សុភី អ្នកប្រដាល់របស់ក្លិបសាលវ័នកីឡា ដឹកដៃកីឡាករជើងខ្លាំងស្រករក្រោយខាំ ខ្លានាង អ្នកប្រដាល់នៃក្លិបរហាប់ស្វាយប៉ាក ត្រូវឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃChhouk Namchhai និងកីឡាករRong Sak ក្នុងលក្ខណៈមិត្តភាពអន្តរៈជាតិ នាថ្ងៃអាទិត្យទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅលើសង្វៀនស៊ីអិនស៊ី ។
កីឡាករឡុង សុភី ជួបកីឡាករឡាវថៃ Chhouk Namchhai នេះក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ដែលកីឡាករឡាវម្នាក់នេះធ្លាប់បានយកឈ្នះកីឡាករកម្ពុជាជាច្រើននាក់ ហើយក៍ធ្លាប់ឈ្នះចាញ់ជាមួយកីឡាករកម្ពុជាកន្លងមកដែរ។ ចំណែកឡុង សុភី នរណាក៏ទទួលស្គាល់ថា គេមានស្នៀតជង្គង់ល្អដែរ ពេលការប្រកួតរាល់លើកភាគច្រើន សុទ្ធតែផ្តួលគូ តស៊ូពីក្បាច់ជង្គង់ពិឃាតរបស់គេនេះតែម្តង។
ការប្រកួតទាំងថ្នាក់ជាតិនិងអន្តរៈជាតិ សុភីគេចូលចិត្តប្រើស្នៀតកែងនិងជង្គង់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន។ ក្រុមអ្នកតាមដានកីឡាប្រដាល់និយាយថា ឡុង សុភី មួយរយៈចុងក្រោយនេះបើទោះជាគេខកខានមិនបានគ្រងខ្សែក្រវាត់ជាច្រើនលើកក៍ពិតមែន ក័ប៉ុន្តែ គូប្រកួតទាំងជើងចាស់ និងជើងថ្មី សុទ្ធតែទទួលស្គាល់ថាឡុង សុភី ពិបាកផ្តួល និងកំពុងធ្វើឱ្យពួកគេក្លាយជាអ្នកចាញ់ជាបន្តបន្ទាប់ ក្នុងការប្រកួតមិត្តភាពជាតិ និងអន្តរជាតិនៅក្នុងស្រុក។ ចាំមើលកីឡាករឡុង សុភី និងកីឡាករឡាវថៃ Chhouk Namchhai នណាជាអ្នកឈ្នះដណ្តើមយកភាពល្បីល្បាញជាបន្តទៀតនោះ?។
ដោយឡែកកីឡាករស្រករក្រោយខាំ ខ្លានាង គេនិងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Rong Sak ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ដែលកីឡាករថៃម្នាក់នេះក៍ធ្លាប់មកប្រកួតនៅសង្វៀនប្រទេសកម្ពុជា ជាច្រើនដងផងដែរមានឈ្នះមានចាញ់ ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា។
ខាំ ខ្លានាង គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ក្នុងចំណោមអ្នកប្រដាល់ស្រករក្រោយដូចគ្នា ដែលអ្នកតាមដានកីឡាប្រដាល់កម្ពុជាកំពុងតែចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់កីឡាកររូបនេះ ដែលឡើងប្រកួតម្តងៗធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀតខ្លាំងទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្តួលដៃគូជាបន្តបន្ទាប់ទាំងកីឡាករជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើងប្រកួតឈានដល់គូឯក និងប្រកួតលក្ខណៈមិត្តភាពអន្តរជាតិទៀតផង តែយ៉ាងណាការវាយសម្រុកទៅលើគូប្រកួតបានល្អ តែប្រហេសក្នុងការការពារ ដែលធ្វើឲ្យរូបគេបើចាញ់គូប្រកួតភាគច្រើនសន្លប់។ ចាំមើលរវាងខាំ ខ្លានាង និងកីឡាករថៃ Rong Sak នេះនរណាជាអ្នកឈ្នះ?៕