ភ្នំពេញ (ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨) – ត្មាតនាំសំណាង! ជាការពិតណាស់ត្មាតគឺជាប្រភេទ សត្វស្លាបដ៏កម្រ និងមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ជាពិសេស ក្នុងការសម្អាតបរិស្ថាន។ ត្មាតមិនសម្លាប់សត្វធ្វើជាអាហារនោះទេ ពួកវាបរិភោគសាកសពស្អុយ រលួយដែលងាប់ក្នុងព្រៃ និងក្បែរសហគមន៍ដែល អាចជួយកាត់បន្ថយការរីករាលដាលនៃជំងឺ និង មេរោគ ហើយថែមទាំងជួយ បង្កើនជីវភាពសហគមន៍តាមរយៈអេកូទេសចរណ៍ផងដែរ។
ជាអកុសល សត្វត្មាតនៅប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់ ដែលឈានទៅរកការ ផុតពូជ ខណៈពេលដែលលទ្ធផលនៃការអង្កេតតាមដាន បានបង្ហាញថាចំនួនរបស់សត្វត្មាតបានធ្លាក់ចុះដល់៥០ភាគរយបើគិតចាប់តាំងពីឆ្នាំ២០០០មក។ ការធ្លាក់ចុះនេះត្រូវបានកត់សម្គាល់ជាពិសេស នៅតាមព្រៃឈើក្នុងតំបន់ ការពារទេសភាពភាគខាងកើត ដែលជាទីតាំងកាលពីអតីតកាល យើងបាន កត់ត្រាជាទៀងទាត់ចំនួនសត្វត្មាតយ៉ាងតិត ៣០ ក្បាលរាល់ពេលរាប់ម្តងៗ ខណៈពេលបច្ចុប្បន្ន កំណត់ត្រាខ្ពស់បំផុតស្ទើរមិនដល់ ១០ ក្បាលផង។ ស្ថានភាពសត្វត្មាតស្ថិតក្នុងការព្រួយបារម្ភបំផុត ពីព្រោះលទ្ធផលជំរឿនសត្វត្មាត ទូទាំងប្រទេសឆ្នាំនេះបានកត់ត្រាសត្វត្មាតបានតែ ១២១ ក្បាល បុណ្ណោះដែលនេះ ជាតួលេខទាបបំផុតក្នុងកំណត់ត្រាចាប់តាំងពីឆ្នាំ ២០០៣ មក។ តាមការសិក្សា ក្នុងពេលថ្មីៗនេះបានបង្ហាញថាការបំពុលគឺជាកត្តាគំរាមកំហែងចម្បងដល់ចំនួនសត្វត្មាតនៅកម្ពុជា។
សត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានចំនួន ៣ ប្រភេទគឺ៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ ប្រភេទសត្វត្មាតទាំងនេះត្រូវបានដាក់នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទរងគ្រោះ ជិតផុតពូជបំផុតនៅលើពិភពលោក អាស្រ័យចំនួនរបស់ពួកវាដែលមានក្នុងពិភពលោកបានធ្លាក់ចុះ យ៉ាងលឿនបំផុត។
លោក Simon Mahood ទីប្រឹក្សាបច្ចេកទេសរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានមាន ប្រសាសន៍ថា៖«តំបន់ភាគខាងជើងប្រទេសកម្ពុជាគឺជា កន្លែងតែមួយគត់នៅក្នុងចំណោមប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ដែលមាន ចំនួនសត្វត្មាតច្រើនបំផុត ដែលភ្ញៀវទេសចរអាចទស្សនាគម្រោង អាហាដ្ឋានសម្រាប់សត្វត្មាតស្ថិតនៅក្នុងភូមិដងផ្លិតក្នុងដែនជម្រកសត្វព្រៃឆែប»។
ប៉ុន្តែក្នុងអំឡុងពេលប្រាំឆ្នាំកន្លងមក យ៉ាងហោចណាស់សត្វត្មាតចំនួន ៣០ ក្បាល ត្រូវបានសម្លាប់ ដោយសារតែមានការរីកសាយទូទាំងប្រទេសក្នុងការប្រើប្រាស់ ថ្នាំពុល និងថ្នាំសម្លាប់សត្វល្អិតដោយ ពុំមានការគ្រប់គ្រងច្បាស់លាស់។ កត្តានេះបានបង្កជាការគំរាមកំហែងដ៏ខ្លាំងបំផុតដល់ប្រជាសាសន៍ របស់សត្វត្មាតនៅក្នុងកម្ពុជាក៏ដូចជាផលប៉ះពាល់ដល់សុខភាពមនុស្សផងដែរ។
ក្រៅពីការបំពុល សត្វត្មាតនៅកម្ពុជាក៏កំពុងរងគ្រោះដោយសារការបាត់បង់ទីជម្រក និងការកង្វះខាតចំណីដែលបណ្តាលមកពីការធ្លាក់ចុះនៃចំនួនសត្វព្រៃក្រចកជើងពីរ និងពាហនៈចិញ្ចឹមក្នុងស្រុក។ ការកើនឡើងនៃការបាត់បង់ព្រៃឈើ និងការផ្លាស់ ប្ដូរដីព្រៃតាមរយៈដីសម្បទានសេដ្ឋកិច្ច និងការកាប់ឆ្ការដីព្រៃបានជះឥទ្ធិពលដល់ ការបាត់បង់ទីជម្រកសម្រាប់ពងកូន និងការកើនយ៉ាងខ្លាំងនូវការដាក់ អន្ទាក់ដើម្បី ចាប់សត្វព្រៃសម្រាប់យកសាច់ ដែលជាមូលហេតុធ្វើឱ្យចំនួនប្រភេទសត្វជា ចំណីរបស់ សត្វត្មាតមានការថយចុះយ៉ាងខ្លាំង។ នេះមិនត្រឹមតែធ្វើឱ្យចំនួនសត្វព្រៃ ក្រចកជើងពីរ ដែលជាប្រភព អាហារចម្បងសម្រាប់សត្វត្មាតធ្លាក់ចុះនោះទេ ប៉ុន្តែវាថែមទាំងគំរាមកំហែងដល់ប្រភេទសត្វដែល កំពុងទទួលរងការគំរាមកំហែង មួយចំនួនផ្សេងទៀតដូចជា៖ ទន្សោង ខ្ទីង រមាំង និងខ្លារខិនជាដើម។ លើសពីនេះទៀត ចំនួនសត្វពាហនៈចិញ្ចឹមជាលក្ខណៈគ្រួសារក៏មានការថយចុះ ដោយសារការធ្វើ ទំនើបកម្មវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ រួមជាមួយនឹងការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គម និង ការកើនឡើងហានិភ័យផ្សេងៗ (ដូចជាការលួចសត្វពាហនៈ និងការបំពុល)។ ការថយចុះ សត្វពាហនៈស្រុកនេះ ក៏ជាចំណែក នាំឱ្យចំណីអាហារសម្រាប់សត្វត្មាតកាន់តែខ្សត់ទៅនៅតាម តំបន់នានាដែលមានវត្តមានរបស់ពួកវា។
លោក សេង ទៀក ប្រធានអង្គការ WWF កម្ពុជាបានថ្លែងថា៖«តួលេខទាបបំផុត ដែលបានកត់ត្រា ក្នុងឆ្នាំនេះ និងការធ្លាក់ចុះនៃចំនួនសត្វត្មាតដល់ទៅ៥០ភាគរយគិត ចាប់ពីឆ្នាំ២០០០មក គឺជានិន្នាការ គួរឱ្យព្រួយបារម្ភ ហើយយើងត្រូវបង្កើនកិច្ចខិតខំ ប្រឹងប្រែងបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាស្នូល នៃការធ្លាក់ចុះនេះ។ បើមិនដូច្នោះទេ ប្រភេទសត្វស្លាបដ៏កម្រនេះនឹងត្រូវផុតពូជពីតំបន់អាស៊ីអាគ្នេយ៍ ដែលជាកន្លែងតែមួយគត់ដែលយើងអាចមើលឃើញពួកវា»។
ព័ត៌មានគួរឱ្យព្រួយបារម្ភថែមទៀតសម្រាប់ការអភិរក្សសត្វត្មាតនៅកម្ពុជានៅឆ្នាំនេះគឺថាថ្នាំ Diclofenac ដែលជាប្រភេទថ្នាំព្យាបាលគោ ក្របី ឥឡូវនេះមានវត្តមាននៅ ក្នុងប្រទេសកម្ពុជាហើយ។ នៅប្រទេសឥណ្ឌាការប្រើប្រាស់ថ្នាំប្រភេទនេះបានធ្វើ ឱ្យចំនួនសត្វត្មាតធ្លាក់ចុះជាង៩០ភាគរយ។ លោកស្រីវេជ្ជបណ្ឌិត Julia Stenkat បសុពេទ្យនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បាននិយាយថា៖«ប្រសិនបើគោឬក្របីត្រូវបានព្យាបាលដោយប្រើប្រាស់ថ្នាំ diclofenac ភ្លាមៗមុនពេលវាស្លាប់ ហើយសត្វត្មាតស៊ីសាកសពគោក្របីទាំងនោះ នោះនឹងបណ្តាលឱ្យពួកវា ពុលស្លាប់ ពីព្រោះថ្នាំប្រភេទនេះផ្ទុកនូវជាតិពុលដែល បង្កឱ្យមានប្រតិកម្មសម្លាប់សត្វត្មាត ទោះជា សត្វស្រុកនោះត្រូវបានប្រើប្រាស់ថ្នាំ ប្រភេទនេះក្នុងកម្រិតតិចតួចក៏ដោយ»។ ដោយសារតែសត្វត្មាតនៅកម្ពុជា បច្ចុប្បន្នកំពុងប្រឈមនឹងការវិនាសផុតពូជ ក្រុមការងារអភិរក្ស សត្វត្មាតកម្ពុជា សូមសំណូមពរទៅដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីធ្វើការហាម ឃាត់ការនាំចូលថ្នាំព្យាបាលសត្វដែលមានផ្ទុកសារធាតុ diclofenac ដើម្បីការពារ កុំឱ្យចំនួនសត្វត្មាត ធ្លាក់ចុះបន្តទៀត ដូចដែលបទពិសោធន៍កើតមានរួចហើយ នៅប្រទេសឥណ្ឌា។
វាពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការអភិរក្សសត្វត្មាតឱ្យកាន់តែទូលំទូលាយ និង បង្ហាញពីសកម្មភាពអភិរក្សសំខាន់ៗដែលក្រុមការងារអភិរក្ស សត្វត្មាតកម្ពុជាបានធ្វើ ហើយទិវា យល់ដឹងពីសត្វត្មាតអន្តរជាតិគឺជាឱកាសដ៏ ល្អមួយដើម្បីផ្សព្វផ្សាយពីសារសំខាន់ៗស្តីពីសត្វត្មាត។ ក្រុមការងារអភិរក្ស សត្វត្មាតកម្ពុជាដែលមានសមាជិកស្នូលដូចជា៖ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ អង្គការ BirdLife WCS WWF និងACCB បាននិងកំពុងធ្វើការងារដើម្បីអភិរក្ស សត្វត្មាតនៅកម្ពុជា តាមរយៈការបង្កើនការយល់ដឹង ការផ្តល់ចំណីជាសត្វពាហនៈ ស្រុកបន្ថែមតាមរយៈការបង្កើត “អាហារដ្ឋានត្មាត” និងផ្តល់កិច្ចការពារសំបុក និងទីជម្រកធម្មជាតិ។
លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំកម្ពុជារបស់អង្គការជីវិតសត្វស្លាប អន្តរជាតិបាននិយាយថា៖ «លទ្ធផលនៃការធ្វើជំរឿនសត្វត្មាតក្នុងរយៈពេលប្រាំឆ្នាំ ចុងក្រោយនេះបានបង្ហាញនូវសំណៅគួរឱ្យ ព្រួយបារម្ភ ដោយសារជំរឿនត្មាតពីរឆ្នាំ ជាប់គ្នា (ឆ្នាំ២០១៧ និង២០១៨) យើងកត់ត្រាសត្វត្មាតបានតិចជាង ១៣០ ក្បាល»។
លោកបន្តថា៖«ដើម្បីសង្គ្រោះត្មាតនាំសំណាងរបស់យើងឱ្យផុតពីការវិនាសផុតពូជ យើងត្រូវការ ការគាំទ្រគ្រប់រូបភាពដល់ការអភិរក្សពួកវាពិសេស ការចូលរួមពីសហគមន៍មូលដ្ឋាននៅតំបន់នៅមានវត្តមានសត្វត្មាត អ្នកធ្វើសេចក្តីសម្រេចចិត្ត ព្រមទាំងប្រជាជនកម្ពុជាគ្រប់រូប»។
ទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិឆ្នាំនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ទី០១ ខែកញ្ញា។ គោលបំណង នៃទិវានេះគឺដើម្បីផ្តល់ឱកាសឱ្យអង្គការដែលបានចូលរួម ក្នុងការអភិរក្សសត្វនេះធ្វើសកម្មភាពនានា ផ្សព្វផ្សាយពីការងារអភិរក្ស និងបង្កើនការយល់ដឹងពីសត្វត្មាត។ នៅថ្នាក់ជាតិ ព្រឹត្តិការណ៍រួមមួយ នឹងត្រូវប្រារព្ធឡើងនៅរាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០១៨ នៅផ្សារទំនើបអ៊ីអនម៉ល ទី១។ ដោយឡែកនៅតំបន់គោលដៅដែលមានសត្វត្មាត សកម្មភាពលើកកម្ពស់ការយល់ដឹងជាច្រើន ដូចជាកិច្ចប្រជុំតាមភូមិ និងសាលារៀន ការបញ្ចាំងភាពយន្តអប់រំ… នឹងត្រូវរៀបចំឡើងសម្រាប់ សហគមន៍ និងអាជ្ញាធរមូលដ្ឋាន។
សកម្មភាពលើកកម្ពស់ការយល់ដឹងអំពីសត្វត្មាតអន្តរជាតិត្រូវបានចូលរួមរៀបចំដោយក្រុមការងារ អភិរក្សសត្វត្មាតនៅកម្ពុជាដែលរួមមាន ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ អង្គការ BirdLife អន្តរជាតិ WWF WCS ACCB និងអង្គការជិវិតធម្មជាតិនៅកម្ពុជា។ គម្រោងអភិរក្សសត្វត្មាតនៅកម្ពុជាត្រូវបានផ្តល់មូលនិធិដោយ Mohamed Bin Zayed Species Conservation Fund, MacArthur Foundation, Royal Society for the Protection of Bird, Wildlife Reserves Singapore, Allwetterzoo Münster, Humanscale មជ្ឈមណ្ឌលសំ វាសនា និង Margaret A Cargil Philanthropies។