ឆ្នាំ២០១៩ផ្លូវក្រាលកៅស៊ូតាមបណ្តោយទន្លេមេគង្គខេត្តកំពង់ចាមនឹងតភ្ជាប់ដល់ផ្លូវជាតិលេខ៦អាខេត្តកណ្តាលហើយ

0
1268

កំពង់ចាម៖ ដំណឹងគួរឲ្យរីករាយ សម្រាប់អ្នកដំណើរទាំងអស់ឆ្នាំ ២០១៩ ខាងមុខនេះផ្លូវក្រាលកៅស៊ូប្រវែងជាង ៦០ គីឡូម៉ែត្រតាមបណ្តោយទន្លេមេគង្គខេត្តកំពង់ចាម នឹងស្ថាបនាហើយរួចរាល់ពោល គឺអ្នកដំណើរអាចឆ្លងមកកាន់ផ្លូវជាតិលេខ ៦ អា ចំណុចរកាកោង ខេត្តកណ្តាលដោយសុវត្ថិភាព។
លោក សុខ ស្រ៊ុន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកំពង់ចាមឲ្យដឹងនៅថ្ងៃទី ១៤ សីហានេះថា ខណ:នេះយើងបានជួសជុលបន្ទាន់ ដោយប្រើប្រាស់ថ្មចាក់ឈូសលុបជង្ហុកបានប្រវែងជិត ៦គីឡូម៉ែត្រ តភ្ជាប់ជាមួយផ្លូវក្រាលក្រួសក្រហមប្រវែង ១០ គីឡូម៉ែត្រដែលខាងនាយកដ្ឋានវិស្វកម្ម របស់ក្រសួងការពារជាតិបានសង់ហើយនោះ។ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនារដូវទឹកជំនន់នេះ។

លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ផ្លូវទាំងពីរកន្លែងដែល ខាងលោកកំពុងជួសជុស និងខាងក្រសួងការពារជាតិបានសាងសង់ជាក្រួសក្រហមរួចហើយនោះ គឺនឹងក្រាលកៅស៊ូតភ្ជាប់គ្នាប្រវែងសរុបពីក្រុងកំពង់ចាម ទល់គ្នាខេត្តកណ្តាលប្រវែងជាង ៦០ គីឡូម៉ែត្រ ជាផ្លូវខេត្តលេខ ២៧០។ ផ្លូវមួយខ្សែនេះស្ថិតក្នុងផ្លូវខេត្ត និងផ្លូវជាតិសរុបប្រវែង ៣០០ គីឡូម៉ែត្ររបស់ខេត្តកំពង់ចាម។

លោក មឿន ផា អភិបាលស្រុកកងមាសបានឲ្យដឹងថា ក្រោយពីខាងមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកំពង់ចាម និងខាងក្រសួងការពារជាតិ បានជួសជុល និងសង់ផ្លូវជាក្រួសក្រហមនេះ គឺរថយន្តឈ្នួលក្នុងស្រុកនេះទាំងអស់ បាននាំគ្នាងាកមកធ្វើដំណើរតាមផ្លូវលេខ ២៧០ នេះទាំងអស់ឆ្ពោះទៅផ្លូវជាតិលេខ ៦ អាចំណុចរកាកោង ខេត្តកណ្តាលហើយ ទៅកាន់រាជធានីភ្នំពេញតែម្តង។ ដោយលែងទៅតាមផ្លូវវាងផ្លូវជាតិលេខ ៧ ស្រុកព្រៃឈរ ផ្លូវជាតិលេខ ៦ ស្រុកជើងព្រៃ និងស្រុកបាធាយតទៅហើយ។

លោកអភិបាលស្រុកបានឲ្យដឹងទៀតថា បញ្ហានេះដោយ សារការធ្វើដំណើរតាមផ្លូវលេខ ២៧០ នេះ ទោះជានៅមិនទាន់ក្រាលកៅស៊ូបាន ១០០ ភាគរយមែន តែបានកាត់បន្ថយចម្ងាយផ្លូវប្រហែលជាង ៧០ គីឡូម៉ែត្រ និងចំណេញពេលវេលាទៀតផងដល់ការធ្វើដំណើរ។ ប៉ុន្តែសូមបងប្អូនជាអ្នកដំណើរលើផ្លូវលេខ ២៧០ទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់បំផុត។ ដោយសារផ្លូវមួយនេះមានលក្ខណ:បត់បែន ពិសេសគឺសម្បូរផ្លូវកន្ទុយអន្ទង់ច្រើនកន្លែង៕

Facebook Comments
Loading...