ភ្នំពេញ៖ លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថាមកទល់ពេលនេះអ្នកចុះឈ្មោះចូលរួមរត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី៥នាថ្ងៃទី៥សីហាស្អែកនេះនឹងមានអ្នកចូលរួមរត់ចំនួនជាង៣.០០០នាក់ ។
រត់ម៉ារ៉ាតុងមានន័យថារត់ចម្ងាយផ្លូវ៤២,១៩៥គីឡូម៉ែត្រចម្ងាយផ្លូវដែលរត់គឺវាស់វែងដោយអង្គការម៉ារ៉ាតុងអន្តរជាតិ ហើយ កាល ពីឆ្នាំកន្លងមកមានអ្នកចូលរួមរត់ជាង២.០០០នាក់ ហើយឆ្នាំនេះបានកើនឡើងជាង៣០០០ នាក់ ក្នុងនោះមានជនបរទេសជាង១១៥៥នាក់មកពី៤៩ប្រទេស ។
រដូវនេះជារដូវដែលប្រជាជនអាស៊ីអាស៊ីវិស្សមកាលហេតុនេះអ្នករត់ភាគច្រើនជាជនជាតិអាស៊ីដែលក្នុងនោះចិនមានចំនួនច្រើនជាងគេក្រៅពីនោះជប៉ុននៅលំដាប់លេខ២និងសឹង្ហបូរីនៅចំណាត់ថ្នាក់លេខ៣ក្នុងចំណោមជនបរទេសជាង ១.០០០នាក់មានចិនប្រមាណ៥០០នាក់ហើយ ។ក្រៅពីរត់ចម្ងាយ៤២,១៩៥គីឡូម៉ែត្រនៅមានរត់១០គីឡូម៉ែត្ររត់២១គីឡូម៉ែត្រ និងរត់កំសាន្ដជាលក្ខណៈគ្រួសារ៣គីឡូម៉ែត្រ ។
សម្រាប់ព្រឹត្តិការណ៍នេះគណៈកម្មការរៀបចំបានរៀបចំស្នាក់ការសង្គ្រោះ៣កន្លែងរថយន្ដសង្គ្រោះ ៥ គ្រឿងព្រមទាំងមធ្យោបាយសង្គ្រោះបឋមមួយចំនួនទៀត ។ជាមួយនេះសម្រាប់ស្ថានីយ៍ផឹកទឹកគឺរៀបចំរាល់២គីឡូម៉ែត្រមានមួយកន្លែង ។
លោកអគ្គលេខាធិការបានអះអាងថាព្រឹត្តិការណ៍កំពុងតែឈានទៅកានភាពជោគជ័យហើយព្រោះពីមួយឆ្នាំទៅមួយឆ្នាំចំនួនអ្នកចូលរួមរត់មានការកើនឡើងរហូតគ្រាន់មិនកើនច្រើនប៉ុណ្ណោះ ។ចំពោះថវិកាដែលប្រមូលបានគឺ សម្រាប់ប្រើប្រាស់ក្នុងគោលដៅមនុស្សធម៌ ។