ភ្នំពេញ: អ្នកប្រដាល់ទេស ជីវ៉ាក្លិបកងពលតូចលេខ៧០ត្រូវប្រឈមមុខតស៊ូជាមួយអ្នកប្រដាល់ថៃផាយ៉ា ឡេក(Phayak Lek) នាព្រឹត្តិការណ៍ខ្សែក្រវាត់Wurkz លើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៨កក្កដានេះ ។
អ្នកប្រដាល់ទាំង២រូបនេះឆ្លងកាត់បានមួយប្រកួតដោយជួបបរាជ័យដូចគ្នា ។ជីវ៉ាចាញ់អ្នកប្រដាល់ថៃលូម លេង(Loom Leng) ឯ ផាយ៉ា ឡេកចាញ់អ្នកប្រដាល់កម្ពុជាវេង សុភ័ក្រ្តក្លិបទ័ពឆ័ត្រយោង៩១១ ។ សម្រាប់ការប្រកួតមួយនេះទាំងសងខាងសុទ្ធតែត្រូវការឈ្នះដូចគ្នាព្រោះប្រសិនបើចាញ់មួយប្រកួតនេះទៀតគឺបាត់បង់ឱកាសដើម្បីឡើងទៅប្រកួតផ្ដាច់ព្រ័ត្រហើយ ។
ជីវ៉ាមួយរយៈនេះគេក៏មានការរីកចម្រើនគ្រាន់បើដែរតែអ្នកប្រដាល់រូបនេះវ៉ៃបង្ខំពេកដែលនេះជារបៀបវ៉ៃខ្លាច
ចាញ់គូប្រកួតទើបទីបំផុតគេចាញ់បែបនេះ ។ ជីវ៉ាមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥២ដង ចាញ់១៥ដង ស្មើពិន្ទុចំនួន ២ ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៣ដង ។
ផាយ៉ា ឡេកវិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់។គេមានសមត្ថភាពប្រហាក់ប្រហែលជាមួយនឹងជីវ៉ាដែរទេ ។គេទាត់ចេញធ្ងន់ និង កណ្ដាប់ដៃវ៉ៃចេញលឿនហើយក៏ធ្ងន់មិនស្រួលទប់ទល់ដែរ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៦៨ដង ចាញ់១៣ដង និងស្មើពិន្ទុ ១ ដង ។នរណាអាចរកបាន៣ពិន្ទុពីការប្រកួតនេះហើយនរណាបន្ថែមស្ថិតិចាញ់នៅក្នុងកំណត់ត្រាប្រកួតរបស់ខ្លួន ?
វេង សុភ័ក្រ្តក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតជាមួយអ្នកប្រដាល់ថៃលូម លេង(Loom Leng) ។ អ្នកប្រដាល់ទាំង២រូបនេះធ្លាប់ប្រកួតគ្នាដែរតែសុភ័ក្រ្តពុំធ្លាប់ឈ្នះលូម លេងឡើយ ។
សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់នេះមួយប្រកួតដំបូងរបស់ពួកគេសុទ្ធតែបានជ័យជំនះដូចគ្នា ។
សម្រាប់ការប្រកួតលើកទី២នេះគេកាន់តែត្រូវការជ័យជំនះបន្ថែមទៀតតែមិនដឹងថានរណាត្រូវជួបបរាជ័យនៅក្នុងការប្រកួតនេះហើយនរណាបន្តឈ្នះក្នុងការប្រកួតនេះ ?
សុភ័ក្រ្តមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៦៩ដងចាញ់១២ដង និងស្មើពិន្ទុ ១ ដង ចំពោះលូម លេងវិញគេមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦៧ដង ចាញ់១២ដងស្មើពិន្ទុ ១ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន៨ដង ។ នរណាជួបសំណាងល្អក្នុងការប្រកួតនេះ ?