ក្រុមជួញដូរគ្រឿងញៀនតដៃជាមួយសមត្ថកិច្ចនគរបាលស្រុកពេជ្រាដាឈានដល់ការផ្ទុះអាវុធរងរបួសទាំងសងខាង

0
908

ខេត្តមណ្ឌលគិរី៖ អធិការនគរបាលស្រុកពេជ្រាដា រួមនិងក្រុមជនសង្ស័យជួញដូរគ្រឿងញៀន បានរងរបួស ទាំងសងខាង ក្នុងករណីផ្ទុះអាវុធបង្ក្រាបទីតាំងប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៅក្នុងភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៨ ក្នុងនោះលោកអធិការស្រុកពេជ្រាដា បានរងរបួសដៃខាងស្តាំ ចំណែកជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចបាញ់បាក់ភ្លៅម្ខាង បន្ទាប់មកកម្លាំងនគរបាលស្រុក ពេជ្រាដា បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមនឹងថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួន។

បើតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅវេលាម៉ោង៩នឹង៣០នាទីយប់ មានករណីជួញដូរគ្រឿងញៀននៅចំនុចខាងលើ ក្រោយពេលដែលកម្លាំងទទួលបានព័ត៌មាននេះភ្លាមក៏ចូលទៅព័ទ្ធផ្ទះសង្ស័យ ។

លោកឧត្តមសេនីយ៍ឲ្យដឹងបន្តថា ខណៈពេលនោះក្រុមជនល្មើសមានគ្នីគ្នាច្រើនប្រមាណជា៦នាក់ បានស្ទុះហក់បុកទ្វារច្រានសមត្ថកិច្ច ព្រមទាំងព្យាយាមដណ្ដើមកាំភ្លើងពីដៃសមត្ថកិច្ច តែពេលនោះសមត្ថកិច្ចក៏បានបាញ់ការពារខ្លួនបណ្តាលឲ្យត្រូវជនសង្ស័យម្នាក់ចំភ្លៅ និងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់បន្ថែមទៀត ចំណែកជនសង្ស័យ០៣នាក់ទៀតបានរត់គេចខ្លួនបាត់។

ក្នុងប្រតិបត្តិការនេះដែរ លោកវរសេនីយ៍ត្រី តាត់ យ៉េន អធិការនគរបាលស្រុកពេជ្រាដា ក៏ត្រូវជនសង្ស័យបាញ់តបវិញបណ្តាលឲ្យរបួសដៃស្តាំ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

អធិការនគរបាលស្រុកពេជ្រាដា

លោកឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា នៅរសៀលនេះសមត្ថកិច្ច បាននិងកំពុងកសាងសំណុំរឿងនៅមូលដ្ឋានកើតហេតុ ដើម្បីបញ្ជូនក្រុមជនសង្ស័យទៅសាលាដំបូងចាត់ការទៅតាមនីតិវិធី ។ ហើយក្នុងចំណោមជនសង្ស័យទាំង៣នាក់នេះ មាន០១នាក់ កំពុងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ ក្រោយសមត្ថកិច្ចបាញ់ឲ្យរបួសជើងម្ខាង ។ ហើយជនសង្ស័យទាំងបីនាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១ ឈ្មោះ ចេង ចិត្រា ភេទប្រុស អាយុ២២ឆ្នាំ ទី២ឈ្មោះ ជឿន សុភា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិព្នង អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្ន នៅឃុំប៊ូស្រា ស្រុកពេជ្រាដា និងទី៣ឈ្មោះ ជួប សុផ័ស្ស ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិពូលូង ឃុំរមនា ក្រុង សែនមនោរម្យ ។

ចំណែកវត្ថុតាងដែលរឹបអូសបាន រួមមាន គ្រឿងញៀនចំនួន០២កញ្ចប់ធំល្មម ម៉ូតូ០៥គ្រឿង កាំភ្លើងកែច្នៃ ប្រើហ្គាស់បាញ់គ្រាប់កង់ចំនួន០៥ដើម ទូរសព្ទដៃ៥គ្រឿង រំសេវ៨ដុំ ដាវសាម៉ូរៃ១ដើម គ្រាប់ប៉ាដាងកង់សំរាប់បាញ់០១ប្រអប់ រួមនិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ៕ ដោយ(មនោរម្យ)

Facebook Comments
Loading...