កសិករងាកមកចិញ្ចឹមជ្រូកជាមួយក្រុមហ៊ុនស៉ីភី ទទួលបានជោគជ័យ ខេត្តត្បូងឃ្មុំ

0
1209

ខេត្តត្បូងឃ្មុំ៖ កសិករលែងកង្វល់ពីការចិញ្ចឹមជ្រូកតាមលក្ខណៈធម្មជាតិទៀតហេីយ ដោយពួកគាត់បាននាំគ្នាមកចាប់ដៃគូរចិញ្ចឹមកុងត្រាជាមួយក្រុមហ៊ុន ស៉ីភី (CP) វិញម្តង ព្រោះការចិញ្ចឹមប្រកបដោយ មានលក្ខណៈបច្ចេកទេសច្បាស់លាស់ត្រឹមត្រូវ ទាំង កត្តាពូជ ចំណី និងសេវាសុខភាពសត្វ ចិញ្ចឹមគ្រប់ខែគឺចាប់លក់ឱ្យក្រុមហ៊ុនតែម្តង ឥលូវកសិករចំនួន៣៩គ្រួសារ ក្នុង៤ស្រុក គឺ ស្រុកត្បូងឃ្មុំ តំបែរ ពញាក្រែក និងស្រុកមេមត់ កំពុងទទួលបានភាពជោគជ័យ និងមានជីវភាពប្រសេីរឡេីងជាលំដាប់ ។

លោក ជា វ៉ៃ អាយុ៥៥ឆ្នាំ ជាកសិកររស់នៅភូមិបុសខ្នុរ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក បានបញ្ជាក់ឱ្យដឹងថា រោងគាត់ទំហំ បណ្តោយ៦៣ម៉ែត្រគុណ១៦ម៉ែត្រចែកចេញជា ចំនួន៣០បន្ទប់ ដែលក្នុង១បន្ទប់ៗ ទំហំ៧ម៉ែត្រ គុណ៤ម៉ែត្រ មានបំពាក់ធុងដាក់ចំណីឱ្យជ្រូកស៉ី និងទុយោសម្រាប់ឱ្យវាប៉ឺត ឬ ផឹកទឹកនៅពេលវាស៉ីចំណីឆ្អែត អាចដាក់ជ្រូកបាន២០ក្បាល ។ ការចិញ្ចឹមគឺមានការណែនាំ និងផ្តល់បច្ចេកទេសច្បាស់លាស់ពីក្រុមហ៊ុនស៉ីភីតែម្តង រាប់ទាំងការផ្តល់ពូជកូនជ្រូក ចំណី ពេទ្យសត្វ គឺក្រុមហ៊ុន ជាអ្នកផ្តល់ជូន ចិញ្ចឹមតែរយៈពេលជាង៥ខែ គឺកសិករត្រូវចាប់លក់ទៅឱ្យក្រុមហ៊ុន ដោយមិនពិបាកដេីររកទីផ្សារលក់នោះទេ ហេីយកសិករដឹងតែពីផលចំណេញ ក្នុង១ក្បាលអាចទទួលបានលុយ ពី៣ដុល្លារ ទៅ១០ដុល្លារ តាមហាងឆេងទីផ្សារ ។ ក្នុងពេលលក់ម្តងៗ គឺលក់បានចំនួន៦០០ក្បាល ជាមធ្យមជ្រូក១ក្បាលទម្ងន់១២០គីឡូក្រាម ស្មេីនឹង៧២ពាន់តោន គិតពីប្រាក់ចំណេញ គឺទទួលបានជិត១ម៉ឺនដុល្លារដែរ ។

លោកពូបានបញ្ជាក់ទៀតថា កសិករត្រូវចំណាយធ្វេីទីតាំងកសិដ្ឋានត្រូវចេញលុយផ្ទាល់ខ្លួន បេីដីធំយេីងអាចធ្វេីរោង ពីរ ទៅ បីរោង កសិករអាចលក់វិលជុំ ប្រាក់ចំណូលអាចបានច្រេីនទៅតាមនោះដែរ ។ បេីប្រៀបធៀបពីមុនយេីងចិញ្ចឹមជ្រូកតាមលក្ខណៈធម្មជាតិឃេីញថា កសិករចិញ្ចឹមមិនបានផល ហេីយពិបាករកទីផ្សារលក់ទៀត ខ្វះសព្វបែបយ៉ាង ទាំងពូជ ចំណី ទីផ្សារ ចិញ្ចឹមមិនបានទទួលផលទេ គឺឈប់ចិញ្ចឹមតែម្តង ។ តែឥលូវកសិករលែងកង្វល់ហេីយក្នុងការចិញ្ចឹមជ្រូកលក់នោះ សំខាន់លេីលទ្ធភាព និងភាពឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់ តាមការណែនាំរបស់ក្រុមហ៊ុន គឺក្រុមកសិករយេីងទទួលបានជោគជ័យ និងមានជីវភាពធូរធារប្រសេីរខ្លាំងណាស់ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា ក្នុងខេត្តត្បូងឃ្មុំរបស់យេីង កសិដ្ឋានចិញ្ចឹមជ្រូកមានចំនួន៣៩កន្លែង ស្ថិតក្នុង ៤ស្រុក រួមមាន៖ ស្រុកត្បូងឃ្មុំ តំបែរ ពញាក្រែក និងស្រុកមេមត់ ស្រុកដែលចិញ្ចឹមជ្រូកច្រេីនជាងគេគឺស្រុកពញាក្រែក ។ គិតជារួម ក្នុងរយៈពេលជាង៥ខែកសិករអាចលក់ជ្រូកសាច់បានចំនួន២៥ម៉ឺនសែនតោនឯណោះ ។ ការចិញ្ចឹមសហការជាមួយក្រុមហ៊ុន CP មានលក្ខណៈទ្រង់ទ្រាយធំ ដោយកសិករចិញ្ចឹមបានផលចំណេញច្រេីន ឃេីញថា ពួកគាត់មានជីវភាពគួរឱ្យមោទនៈមែនទែន ។ កសិករងាកមកចិញ្ចឹមសហការជាមួយ ក្រុមហ៊ុន CP ព្រោះក្រុមហ៊ុន មានកុងត្រាត្រឹមត្រូវជាមួយកសិកដោយក្រុមហ៊ុនបានផ្តល់ពូជជ្រូកល្អ ចំណីមានគុណភាព ជ្រូកស៉ីឆាប់ធំ មានពេទ្យសត្វចុះពិនិត្យជាប់ ទីតាំង មានបរិស្ថានល្អ ពេលចិញ្ចឹមបានក្រុមហ៊ុនទទួលទិញ មានទីផ្សារច្បាស់លាស់ ។

លោកប្រធានបានបញ្ជាក់ទៀតថា ក្រុមហ៊ុនមានការសហការល្អ ជាមួយមន្ទីរ មុនពេលកសិករលក់ជ្រូកទៅឱ្យក្រុមហ៊ុនត្រូវផ្តល់ដំណឹងដល់ជំនាញដេីម្បីធ្វេីការត្រួតពិនិត្យពីសុខភាពរបស់វា បេីឃេីញថាល្អ មិនមានជំងឺ ទេីបអនុញ្ញាតឱ្យលក់ចេញ ។ ហេីយមន្ទីរតែងចុះត្រួតពិនិត្យតាមដានមេីលសុខភាពសត្វជានិច្ច ព្រោះយេីងជាអ្នកចេញលិខិតអនុញ្ញាតឱ្យ ដេីម្បីបញ្ជាក់ថា សត្វមានសុខភាពល្អ គ្មានជំងឺ ទេីបអ្នកទទួលទានមិនប៉ះពាល់ដល់សុខភាព ។

កាលណាជ្រូកក្នុងស្រុកចិញ្ចឹមកេីត អាចផ្គត់ផ្គង់ទីផ្សារបាន គឺ កាត់បន្ថយជ្រូកនាំចូលពីប្រទេសជិតខាង បច្ចុប្បន្ន យេីងឃេីញថា ជ្រូកនាំចូលមានតិចតួចទេ ហេីយសុទ្ធតែមានច្បាប់អនុញ្ញាតត្រឹមត្រូវផងដែរ ៕

Facebook Comments
Loading...