ប្រជាពលរដ្ឋដែលនៅជិត ទីតាំងចាក់សំរាមរបស់លោកស័ក្តិ៤កន្លះ ប៉ោ សេង ថាបានធ្វើឲ្យប៉ះពាល់បរិស្ថាន​និងសុខភាព …!

0
1007

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ​នៅក្នុងភូមិគោកសណ្តែក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានផ្ទុះការតវ៉ា និងសំណូមពរឲ្យអាជ្ញាធរ ក៏ដូចជាគណៈពង្រឹងឃុំស្អាងភ្នំ មានវិធានការ​ទប់ស្កាត់ចំពោះ​ទីតាំង​ចាក់សំរាមរបស់​លោកស័ក្តិ៤កន្លះ ប៉ោ សេង ដែល​ជះក្លិះឆ្អែះ ស្អុយ ឆ្អាប ដោយភក់ជ្រាំ និងដង្កូវពាសវាលពាសកាល ប៉ះពាល់សុខភាព របស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ ។

.

ករណី​ផ្ទុះការតវ៉ានេះ បានកើតមានឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាស​វេទិកាសាធារណៈ ក្នុងនោះប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់គណៈពង្រឹង មេត្តាជួយ​អន្តរាគមន៍ពីសកម្មភាពរបស់លោកស័ក្តិ៤កន្លះ ប៉ោ សេង ចាក់សំរាមពាសវាលពាសកាលគ្មានការទទួលខុសត្រូវ និងគិតពីការរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ជុំវិញករណី​ជះក្លិន ឆ្អែះ ស្អុយ ឆ្អាប ពីសំរាមភក់ជ្រាំរលួយ និងមានដង្ដូវជះ​ក្លិនទាំងនេះ​មកលើប្រជាពលរដ្ឋ​បណ្តាលឲ្យមានជំងឺជាដើម ។

គួររំលឹកថា លោកស័ក្តិ៤កន្លះ ប៉ោ សេង មានសិទ្ធិវិនិយោគផ្សារចំនួន៣៨ឆ្នាំ ដែលគេ​សង្ស័យផងដែរថា ជាប់ពាក់ព័ន្ធនឹងករណីឃុបឃិតគ្នាណាមួយនឹងលោក ជា គឹមតុង អនុប្រធាននាយកដ្ឋានទ្រព្យសម្ប្តតិ្តរដ្ឋនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ការវិនិយោគនេះ លោកប៉ោ សេង បាន​គាបសង្កត់ទៅលើអាជីវករចំពោះការទារភាស៊ី ដោយគ្មានការយោគយល់ និងខុស​ពីសៀវភៅបន្ទុក ក្នុងនោះសូម្បីតែ​ប្រជាពលរដ្ឋក្រីក្រ យកបន្លែកសិផល ត្រី ក្តាម ខ្យង បន្តិចបន្តួចដាក់កញ្ច្រែងលក់ ក៏​បង្ខំឲ្យពួកគាត់បង់ប្រាក់ កើតជាការរអ៊ូរទាំ​របស់ប្រជាកសិករ ខណៈពួកគាត់លក់តាមកញ្ច្រែងបន្តិចបន្តួចដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។

ដោយឡែក​ក្រុមអាជីវករ ក៏បានលើកឡើងផងដែរថា លោក ប៉ោ សេង ទោះជាមានច្បាប់វិនិយោគផ្សារចំនួន៣៨ឆ្នាំនោះក៏ពិតមែន ប៉ុន្តែគាត់គ្មាន​ភាពទទួលខុសត្រូវ​ទៅលើ​ការសាងសង់ស្ថាបនាផ្សារ អភិវឌ្ឍន៍ឲ្យបានសមរម្យ ធ្វើឲ្យអាជីវករខ្លះលក់ហាលថ្ងៃ ភ្លៀង និងមាន​ភក់ជ្រាំក្នុងផ្សារនេះជាដើម ។

ប្រជាពលរដ្ឋនៅក្នុងភូមិគោកសណ្តែក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មានជំនឿថា គណៈពង្រឹងឃុំ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន អាចនឹងមានវិធានការ​ទៅលើ​ទីតាំងចាក់សំរាមរបស់លោកប៉ោ សេង ក៏ដូចជាពិនិត្យឡើងវិញ ជុំវិញការវិនិយោគផ្សាររបស់គាត់តើធ្វើឲ្យអាជីវករកើតទុក្ខក្តៅក្រហាយយ៉ាងណាខ្លះមួយរយៈកន្លងមកនេះ?

ដោយឡែក មាន​មន្ត្រីខ្លះ​បានលួចធ្លោយថា លោកប៉ោ សេង ជា​នាយទាហានស័ក្តិ៤កន្លះ ដោយសារតែឥទ្ធិពលលុយ ពេលខ្លះ គាត់មិនបាន​សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងនោះ​បើ​សម្តីវិញ គាត់មាន​ចរិតយកមេឃទ្រាប់គូថអង្គុយ ។ ថ្មីៗនេះ គាត់ក៏បានរត់ការយកតំណែងជាទីប្រឹក្សាថ្នាក់ដឹកនាំកំពូលលើៗ ក៏​បាន​តួនាទីជាទីប្រឹក្សា ឋានៈស្មើរដ្ឋលេខាធិការ គាត់កាន់តែ​បញ្ចេញនូវភាពក្រអឺតក្រទម ប៉ះពាល់ដល់អារម្មណ៍មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្នុងនោះ គាត់​ពុំបានគិតទាល់តែសោះទៅលើទីតាំងខ្លួនចាក់សំរាមក្នុងមុខរបររកស៊ី រកផលចំណេញ ប៉ុន្តែ​វាបាននិងកំពុង​ប៉ះពាល់ទៅលើបរិស្ថាន បញ្ហាសុខភាពប្រជាពលរដ្ឋនេះ ។

ដូច្នេះ ទង្វើដែលគាត់កំពុងប្រព្រឹត្តជាមួយនឹងការវិនិយោគផ្សារ​របស់លោក ប៉ោ សេង ពិតជាធ្វើឲ្យប្រជាពលរដ្ឋមិនមាន​ការគាំទ្រ ប៉ះពាល់សតិអារម្មណ៍យ៉ាងខ្លាំង ពិសេសបញ្ហាជះក្លិនឆ្អែះ ស្អុយ ឆ្អាបពីភក់ជ្រាំសំរាមស្អុយរលួយ និងមានដង្កូវពាសវាលពាសកាល បណ្តាលឲ្យប្រជាពលរដ្ឋ​ខ្លះមានជំងឺយ៉ាងធ្ងន់ធ្ងរ ។ បញ្ហាទាំងអស់នេះ គួរណាស់តែអាជ្ញាធរជំនាញពាក់ព័ន្ធគិតគូរដល់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានរបស់ខ្លួនផង ដែល​ប្រជាពលរដ្ឋលើកឡើងថា សម្រាប់បុគ្គលម្នាក់ ដែលមានសិទ្ធិវិនិយោគក្នុងមុខរបររកទទួលទានចំណេញ ហើយ​ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋ ក៏ដូចជាការរស់នៅរបស់ពួកគាត់នោះទេ ។ ពួកគាត់​ក៏សំណូមពរ​នៅក្នុងវេទិកាសាធារណៈ​ឲ្យគណៈពង្រឹងជួយគិតគូរទៅលើបញ្ហាទាំងអស់នេះ ។

ពាក់ព័ន្ធទៅនឹងករណីផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋ ទាំងទីតាំងចាក់សំរាម ក៏ដូចជាការវិនិយោគផ្សាររបស់លោកស័ក្តិ៤កន្លះ ប៉ោ សេង នៅព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីរលោកប៉ោសេងបានទេដោយមិនមានលេខទូរស័ព្ទភ្នាក់ងារយើងនឹងរងចាំការបំភ្លឺរបស់លោកជានិច្ច។
ប៉ុន្តែ​អ្នកក្រុងតាខ្មៅបាន​បង្ហើបដឹងផងដែរថា លោកប៉ោ សេង មានមុខជំនួញច្រើន​ ដែលគេទទួលស្គាល់ថា ការ​ដឹកទំនិញខ្លះ មានករណី​បង់ពន្ធមិនគ្រប់ផងដែរ៕ដោយសនសុភ័ក្ដ

Facebook Comments
Loading...