សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ នៅខេត្តបាត់ដំបង

0
1248

នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ធិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) មានទីតាំងនៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេននេះ ត្រូវបានសង់នៅលើ ផ្ទៃដីសរុបទំហំ ៣១៦ហិកតា និងប្រើរយៈពេលសាងសង់ចំនួន ១៨ខែ គិតចាប់តាំងពីចុងឆ្នាំ២០១៦។ ការបង្កើតរោងចក្រនេះ បានប្រើទុនវិនិយោគប្រមាណ ២៣០លានដុល្លារអាមេរិក ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Conch International Holding (HK) Limited និងក្រុមហ៊ុន Battambang KT Cement Co.,Ltd តំណាងដោយអ្នកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកឧកញ៉ា វិញ ហួរ។ រោងចក្រស៊ីម៉ងត៍នេះ មានសមត្ថភាព ផលិតស៊ីម៉ងត៍បានប្រមាណ ៥,០០០ តោនក្នុងមួយថ្ងៃ ឬស្មើនឹងជិត ២លានតោនក្នុងមួយឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកចូលរួមក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ថ្មីមួយទៀតនៃខេត្តបាត់ដំបងនេះ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអរគុណ និងកោតសរសើរចំពោះការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Conch International Holding (HK) Limited តំណាងដោយភាគីចិន និងក្រុមហ៊ុន Battambang KT Cement Co.,Ltd តំណាងដោយអ្នកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកឧកញ៉ា វិញ ហួរ នៃប្រទេសកម្ពុជា។ កម្ពុជាពិតជាមានមោទនភាពណាស់ ដែលមានលទ្ធភាពបង្កើតឧស្សាហកម្មធុនធ្ងន់ ដូចជារោងចក្រផលិតស៊ីម៉ងត៍នេះ ដែលបច្ចុប្បន្ននេះ តាម រយៈរោងចក្រផលិតស៊ីម៉ង់ត៍ទាំង៤រាប់ទាំងរោងចក្រនៅបាត់ដំបងនេះអាចមានសមត្ថភាពផលិតស៊ីម៉ង់ស រុបប្រមាណ៧លានតោនក្នុងមួយឆ្នាំ។ ដែលទាំងអស់នេះគឺជាតម្រូវការ និងជាផលចំនេញមួយសំរាប់បំពេញតម្រូវការក្នុងស្រុក ដែលបច្ចុប្បន្ននេះកម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើន ក្នុងការសាងសង់ផ្សេងៗ ដូចជាផ្លូវថ្នល់ សាលារៀន និងសំណង់អគារផ្សេងៗ។ សំរាប់រោងចក្រនេះ មួយឆ្នាំអាចផលិតបានប្រមាណជា២លានតោន គឺអាចផ្គត់ផ្គង់ត្រឹមតែខេត្តមួយចំនួននៅតំបន់នេះតែប៉ុណ្ណោះ ដូចជាខេត្តបាត់ដំបងខ្លួនឯង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឬសៀមរាបតែប៉ុណ្ណោះ មិនអាចបំពេញគ្រប់គ្រាន់តាមតំរូវការនៅខេត្តផ្សេងៗបានឡើយ ដូច្នេះត្រូវតែមានការបង្កើតបន្ថែមទៀត។ ហើយកម្ពុជាមិនត្រឹមតែមានបំណង ផលិតស៊ីម៉ងត៍សំរាប់ផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះនោះទេ តែយើងនឹងមានបំណងផលិតនាំចេញទៅកាន់ទីផ្សារ ក្រៅស្រុកផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីសមិទ្ធផលជាតិសំខាន់ៗដែលកើតមានឡើងនៅក្នុងខេត្តបាត់ដំបងនេះ ដែលរាជរដ្ឋាភិបានបានផ្តល់ជូន ក្រោយពីប្រទេសទទួលបាននូវសុខសន្តិភាព ដូចជាផ្លូវថ្នល់ មន្ទីពេទ្យ សាលារៀន វត្តអារាម ប្រព័ន្ធធារាសាស្ត្រ និងសមិទ្ធផលផ្សេងៗជាច្រើនទៀត សំរាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ជាថ្មីម្តងទៀត នៅព្រឹកនេះសម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីថាក្នុងការអភិវឌ្ឍប្រទេសជាតិ សម្តេចតេជោ បានប្រើយុទ្ធសាសស្រ្ត២សំខាន់ដែល ទី១)គឺការប្រែក្លាយតំបន់សមរភូមិលក្តៅដែលធ្លាប់រងដោយសង្គ្រាមទៅជាកន្លែងដែលមានការអភិវឌ្ឍ ជាកន្លែងទីផ្សារ រោងចក្រឧស្សាហកម្ម សំរាបប់បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងទី២) ប្រែក្លាយតំបន់ព្រំដែនរវាងប្រទេសជិតខាង ជាតំបន់ដែលមានសន្តិភាព និងកិច្ចសហប្រតិបត្តការ ជាមួយប្រទេសជិតខាងនោះ។ ជាពិសេសតំបន់នៃស្រុករតនមណ្ឌល ខេត្តបាត់ដំបងនេះ ពីអតីតកាលគឺជាសមរភូមិក្តៅបំផុត ហើយភ្នំនេះផ្ទាល់គឺគ្មានអ្នកណាអាចមកបាននោះទេ គឺពោពេញដោយការប្រយុទ្ធគ្នា និងសំបូរដោយគ្រាប់មីន ក៏ប៉ុន្តែដោយសារតែនយោបាយ ឈ្នះ ឈ្នះ បានធ្វើអោយតំបន់នេះមានសន្តិភាព និងការអភិវឌ្ឍ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ប្រាប់ទៅប្រជាពលរដ្ឋនៅខេត្តបាត់ដំបងនេះថា មានចំនុច៣ ដែលសម្តេចសម្រេចបាននូវនយោបាយឈ្នះ ឈ្នះ និងការធ្វើសមាហរណកម្មជាមួយពួកខ្មែរក្រហមរួមមាន ចំនុនទី១) គឺកាធានាអាយុរបស់ពួក ខ្មែរក្រហម ទី២) ធានា មុខរបរ អាជីពរបស់ពួកគេអោយនៅដដែល និងទី៣) ទទួលស្គាល់ និងរក្សាទ្រព្យសម្បត្តិទាំងចលនទ្រព្យ និងអចលនទ្រព្យរបស់ពួកគេ ដែលចំនុចទាំងអស់នេះហើយដែលធ្វើយើងបានធ្វើសមាហរណកម្មជាមួយគ្នា និងរួមរស់ជាមួយរាជរដ្ឋាភិបាលរហូតដល់សព្វថ្ងៃនេះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស ដែលបាន ចូលរួមថែរក្សាសន្តិភាពរហូតមកដល់ពេលនេះ ហើយសូមអោយប្រជាពលរដ្ឋទាំងអស់បន្តចូលរួមថែរក្សា និងការពារសន្តិភាពនេះជាបន្តទៀតដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសនេះអោយកាន់តែរីកចម្រើនតទៅមុខទៀត ជាពិសេសត្រូវបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ជាបន្តទៀត។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ធិត ក៏បានប្រកាសផ្តល់សាលារៀនចំនួន២ខ្នង ជូនដល់វិទ្យាល័យចំនួន២ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបងនេះ ដែលក្នុងនោះមានដូចជា៖
១)ផ្តល់ជូនវិទ្យាល័យស្តៅ ជូនអគារសិក្សា១ខ្នង កម្ពស់៣ជាន់មាន១៨បន្ទប់ ទីចាត់ការ១ខ្នង មាន៣បន្ទប់ អគារស្នាក់នៅគ្រូនិងសិស្ស១ខ្នង ២ជាន់ ១០បន្ទប់ និងចាក់ផ្លូវបេតុង រៀបចំសួនច្បារ តារាងបាល់ទាត់ បាល់ទះ បាល់បោះ ។
២) ផ្តល់ជូនវិទ្យាល័យត្រែង ជូនអគារសិក្សា១ខ្នង កម្ពស់៣ជាន់មាន១៨បន្ទប់ ទីចាត់ការ១ខ្នង មាន៣ បន្ទប់ អគារស្នាក់នៅគ្រូ និងសិស្ស១ខ្នង ២ជាន់ ១០បន្ទប់ និងចាក់ផ្លូវបេតុង រៀបចំសួនច្បារ តារាងបាល់ទាត់ បាល់ទះ និងបាល់បោះ ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរអោយក្រុមហ៊ុនផលិតស៊ីម៉ងត៍នេះ ទទួលបាននូវភាពជោគជ័យ របស់ខ្លួនជាបន្តបន្ទាប់ទៀត និងជូនពរដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់សូមជួបតែសេច ក្តីសុខចម្រើនគ្រប់ៗគ្នា។

នាឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ធិត ក៏បានផ្តល់ថវិកាមួយចំនួនជូនដល់លោកយាយលោកតា ក្រុមកាយរិទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកក្រុមហ៊ុនផលិតស៊ីម៉ង់ត៍មួយចំនួនផងដែរ។ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ធិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទស្សនារោងចក្រផលិត ស៊ីម៉ងត៍ នៅខេត្តបាត់ដំបង ក្នុងបរិយាកាសរីករាយក្រៃលែងបំផុត៕

Facebook Comments
Loading...