សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតសុខាភិបាលប្រចាំឆ្នាំលើកទី៣៩

0
30163

នៅរសៀលថ្ងៃអង្គារ៍ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតសុខាភិបាល ប្រចាំឆ្នាំលើកទី៣៩ ដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ ។

Image may contain: 1 person

ទិសដៅសំខាន់នៃសន្និបាតនេះគឺដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅស ម្រាប់ ឆ្នាំ២០១៨ របស់ក្រសួងសុខាភិបាល និងយុទ្ឋសាស្ត្ររៀបចំផែនការអភិវឌ្ឍវិស័យសុខាភិបាលអោយយមានការរីកចម្រើនទៅមុខទៀត។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយដែលបានអញ្ជើញចូលរួមបិទសន្និបាតសុខាភិបាលើកទី៣៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះមន្ត្រីរាជការ បុគ្គលិកសុខាភិបាល និង បានកោតសរសើរចំពោះលទ្ធផលនៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋដែលទទួលបាននូវភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយកំពុងបន្តស្ថិតនៅលើផ្លូវត្រូវ និងវឌ្ឍនៈភាពល្អប្រសើរ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់មន្ត្រីសុខាភិបាលទូទាំងប្រទេសដែលបានយកចិត្តទុកដាក់អនុវត្តគោលនយោបាយនិងកម្មវិធីនានារបស់រាជរដ្ឋាភិបាលដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសលទ្ធផលនៃការផ្តល់សេវាអប់រំសុខភាព ការពិនិត្យព្យាបាល និងការថែទាំសុខភាពជូនប្រជាពលរដ្ឋ កម្មករ និយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍សំខាន់ៗ៥ចំនុចដល់អង្គសន្និបាតទាំងមូលដើម្បីបម្រើវិស័យសុខាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់រួមមាន៖

១)ត្រូវពង្រឹងរចនាសម្ព័ន្ធ និងអភិវឌ្ឍន៍សមត្ថភាពស្ថាប័នសុខាភិបាលទាំងប៉ុស្ត៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកគ្រប់ប្រភេទ និងមន្ទីរពេទ្យនានាដើម្បីឲ្យមានគុណភាពខ្ពស់។ លើកកម្ពស់អប់រំសតិអារម្មណ៍ មន្ត្រីបុគ្គលិក សុខាភិបាល ប្រតិបត្តិល្អតាមក្រមសីលធម៍វិជ្ជាជីវៈ និងឥរិយាបទសមរម្យជាមួយប្រជាពលរដ្ឋ។

២)ត្រូវយកចិត្តទុកដាក់ពង្រឹងផ្នែកធនធានមនុស្សក្នុងវិស័យសុខាភិបាលតាមនីតិវិធីអនុវត្តការងារ និងប្រព័ន្ធគ្រប់គ្រងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ស្ថាប័នដោយបង្កើនផលិតភាពនៃការផ្តល់សេវាទាំងបរិមាណនិងគុណភាព ខណៈដែលរាជរដ្ឋាភិបាលបានផ្តល់នូវអត្ថប្រយោជន៍បន្ថែមដល់មន្ត្រីសាធារណៈដោយរាប់បញ្ចូលទាំងមន្ត្រីសុខាភិបាលដូចជាការ បង្កើនបៀវត្ស បង្កើនប្រាក់ឧបត្ថមដល់មន្ត្រី សាធារណៈជាស្ត្រីពេលសម្រាលកូន និងការផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជាដើម។ ត្រូវមានការបែងចែកគ្រូពេទ្យរបស់យើងរវាងតំបន់ជនបទ និងទីក្រុងឲ្យមានតុល្យភាព រួមទាំងវិនិយោគអគារសុខាភិបាល និងបច្ចេកវិទ្យាសុខាភិបាលឲ្យចំគោលដៅផងដែរ។ ជាមួយគ្នានោះត្រូវយកចិត្តទុកដាក់ផ្តល់អាគារស្នាក់នៅជូនដល់គ្រូពេទ្យផងដែរ។

Image may contain: one or more people

៣)ត្រូវពង្រឹងសមត្ថភាពនិយ័តកម្មរបស់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងអង្គភាពរដ្ឋបាល ថ្នាក់ក្រោមជាតិដែលក្រសួងសុខាភិបាលបានធ្វើ ប្រតិភូកម្មមុខងារនិយ័តកម្មនេះ ដើម្បីពង្រឹង ការអនុវត្តច្បាប់ និងនីតិក្រមសុខាភិបាលនៅលើទីផ្សារសុខភាពក្នុងកាលៈទេសៈដែលសេវាសុខាភិបាលឯកជនកំពុងរីកលូតលាស់យ៉ាងខ្លាំង។

៤)ដើម្បីទទួលបាននូវការងារនិយ័តកម្មនេះគឺត្រូវធានាថាសេវាសុខភាពដែលផ្តល់ដោយផ្នែកសុខាភិបាល ជូនប្រជាពលរដ្ឋត្រូវឈរលើនិយាមសមត្ថភាពបច្ចេកទេស ស្តង់ដារគុណភាព និងក្រមសីលធម៌ខ្ពស់។ ដូចច្នេះត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងចាំបាច់ត្រូវពង្រឹកយន្តការត្រួតពិនិត្យ និងវាយតំលៃមួយជាក់លាក់ដើម្បីធានាឲ្យប្រជាពលរដ្ឋដែលបានចំណាយលើការថែទាំសុខភាពទទួលបានមកវិញនូវគុណប្រយោជន៍ផ្នែកសុខភាពពោលគឺ ទទួលបានសេវាមានគុណភាព សុវត្ថិភាព និងភាពស័ក្តិសិទ្ធិ។

៥) បង្កើតសកម្មភាពផ្សព្វផ្សាយព័ត៌មាន នឹងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យបានយល់ជ្រួតជ្រាប ជាពិសេសពាក់ព័ន្ធទៅនឹងសុខភាព អនាម័យ មូលនិធិសមធម៌ អំពីការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យសុខាភិបាល។ ទន្ទឹមនឹងនោះ គឺត្រូវពង្រឹងយន្តការគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការទទួលព័ត៌មាន និងចូលរួមផ្តល់យោបល់អំពីការបំពេញការងាររបស់អង្គភាពផ្តល់សេវាសុខាភិបាលនៅមូលដ្ឋានអនុលោមតាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រ ជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឆ្នាំ២០១០-២០២០ ដែលមានគោល បំណងលើកកម្ពស់ដល់សេវាសាធារណៈនិងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានឲ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន ក៏ដូចជាការលើស្ទួយគុណភាពនៃជីវិតរស់នៅរបស់ប្រជាជន។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់អង្គសន្និបាត ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដែលបានចូលរួម ព្រមទាំងជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

នៅក្នុងឱកាសបិទសន្និបាតសុខាភិបាលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយបំពាក់គ្រឿងឥស្សរិយយសនិងមេដាយការងារជូនដល់មន្ត្រីសុខាភិបាលដែលមានស្នាដៃល្អក្នុងការបម្រើសេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋកន្លងមកប្រកបដោយបរិយាកាសរីករាយនិវស្និទស្នាលក្រៃលែង៕

Image may contain: 6 people

Image may contain: 1 person, crowd and indoor

Facebook Comments
Loading...