ចាប់តាំងពីអង្គរបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ មានស្ថាប័នអន្តរជាតិជាច្រើនបានចូលរួមក្នុងការជួយស្រោចស្រង់អង្គរ ដែលមានទាំងគម្រោងអភិរក្ស ជួសជុលប្រាសាទ ស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍន៍សហគមន៍ជាដើម។
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើររវាងស្ថាប័នអន្តរជាតិទាំងនេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ០៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាជាមួយតំណាងស្ថាប័នអន្តរជាតិគ្រប់ការដ្ឋានទាំងអស់ ដែលកំពុងបំពេញការងារនៅក្នុងរមណីយដ្ឋានអង្គរ។
គោលបំណងសំខាន់នៃជំនួបពិភាក្សានាពេលនេះ គឺសំដៅជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានការជិតស្និទ្ធតាមរយៈការស្វែងយល់នូវបញ្ហាប្រឈមនានាដែលការដ្ឋានអន្តរជាតិជួបប្រទះក្នុងការអនុវត្តការងារគម្រោងនីមួយៗ និងចូលរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗក្នុងន័យជំរុញឲ្យដំណើរការអភិរក្ស ជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរដំណើរការទៅដោយរលូន និងរក្សាបាននូវតម្លៃលេចធ្លោជាសាកលនៃអង្គរ។
មានប្រសាសន៍ក្នុងជំនួបពិភាក្សានេះ លោកជំទាវរដ្ឋមន្ត្រីក៏បានថ្លែងរំលឹកអំពីលទ្ធផលដ៏ល្អប្រសើរដែលសម្រេចបាននាពេលកន្លងមក និងសម្តែងការអរគុណដល់ស្ថាប័នអន្តរជាតិទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ព្រោះបើគ្មានការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាដៃគូតាំងពីដើមមកទេ អង្គរមិនអាចគេចផុតពីភាពប្រឈមនឹងគ្រោះថ្នាក់បានឡើយ៕